About Me

header ads

សោកស្ដាយកម្មវិធីប្រដាល់សេរីដ៏ធំ WLC ត្រូវផ្អាក! កម្ពុជាខកខានធ្វើជាម្ចាស់ផ្ទះលើកដំបូង ព្រោះបារម្ភសុខភាពកីឡាករ

សោកស្ដាយកម្មវិធីប្រដាល់សេរីដ៏ធំ WLC ត្រូវផ្អាក! កម្ពុជាខកខានធ្វើជាម្ចាស់ផ្ទះលើកដំបូង ព្រោះបារម្ភសុខភាពកីឡាករ

វាជាលើកទី១ហើយដែលកម្ពុជាយើងមានឱកាសរៀបចំព្រឹត្តិការណ៍ក្បាច់គុនប្រដាល់សេរីដ៏ល្បីរបស់ភូមាដែលគ្រោងធ្វើនៅអំឡុងខែមេសាខាងមុខនេះ។ ជាអកុសល គណៈកម្មការរៀបចំការប្រកួតបានសម្រេចព្យួរកម្មវិធីប្រកួតវិញដោយសារមានការព្រួយបារម្ភខ្លាំងពីការឆ្លងរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា ឬអង្គការសុខភាពពិភពលោកឲ្យឈ្មោះថា Covid-19។ ក្លិប Cambodia Top Team ដែលមានលោក ហ៊ុន ច័ន្ទរាជ ជាប្រធានក្លិប និងជាអ្នកផ្តួចផ្តើមគំនិតសហការជាមួយភាគីខាងភូមាដើម្បីរៀបចំសង្វៀន WLC នៅក្នុងព្រះរាជាណាចក្រកម្ពុជានោះបានបង្ហោះព័ត៌មាននៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនដើម្បីជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបពីការព្យួរកាលបរិច្ឆេទនៃកម្មវិធី WLC នៅប្រទេសកម្ពុជា។ ហេតុផលចម្បងតែមួយគត់ដែលគណៈកម្មការរៀបចំកម្មវិធីសម្រេចព្យួរគឺដោយសារ សុខភាពរបស់កីឡាករ និងអ្នកគាំទ្រគឺជារឿងដ៏សំខាន់បំផុតដែលត្រូវគិតគូ។

ម្យ៉ាងកម្មវិធីនេះត្រូវមានការចូលរួមពីសំណាក់ក្រុមការងារដែលជាជនបរទេសមកពីប្រទេសផ្សេងៗជាច្រើនទៀតដែលពួកគេត្រូវធ្វើដំណើរមកកាន់ប្រទេសកម្ពុជាយើងស្របពេលដែលជើងហោះហើរត្រូវមានរឹតបន្តឹងជាសកលលោក។ យ៉ាងណាមិញ នេះគឺជាសេចក្តីជូនដំណឹងពីការព្យួរប៉ុណ្ណោះ មិនមែនជាការលុបចោលកម្មវិធីឡើយ។ បានន័យថា កម្មវិធីនឹងនៅតែបន្តរៀបចំនៅពេលណាមួយដែលស្ថានការណ៍នៃការឆ្លងរីករាលដាលជំងឺ Covid-19 នេះមានការថយចុះទៅវិញ។

ក៏សូមបញ្ជាក់ផងដែរ World Lethwei Championship ជាកម្មវិធីប្រកួតកីឡាប្រដាល់សេរីរបស់ភូមាដោយកីឡាករតម្រូវឲ្យគោរពតាមច្បាប់ប្រកួតបែបភូមាគឺគ្មានពាក់ហ្គង់ឡើយ ដោយគ្រាន់តែយកក្រណាត់រុំដៃបន្តិចប៉ុណ្ណោះ ហើយកីឡាករអនុញ្ញាតឲ្យប្រើគ្រប់ក្បាច់ទាំងអស់ សូម្បីតែក្បាលក៏អាចយកមកប្រើក្នុងពេលប្រកួតបានដែរ។ ការប្រកួតមាន៣ ទឹកសម្រាប់គូមិត្តភាពទូទៅ និង៥ទឹកសម្រាប់គូពានរង្វាន់ដណ្តើមខ្សែក្រវ៉ាត់ ហើយក្នុង១ទឹកមានរយៈពេល៣នាទី និងសម្រាកឲ្យទឹក២នាទី។

កន្លងមកលោក ហ៊ុន ច័ន្ទរាជ្យ បាននាំយកកីឡាករកីឡាការិនីកម្ពុជាយើងទៅប្រកួតនៅទីនោះជាច្រើនរូបមកហើយដូចជាកីឡាករ រឿង សោភណ្ឌ, ពេជ្រ ម្ទេសខ្មាំង, ម៉ន សាម៉េត, រិន សារ័ត្ន, នៅ ស្រីពៅ និង អេ យ៉ានុតភូថង។ ការបង្កើតសង្វៀនមួយនេះនៅប្រទេសកម្ពុជាគឺជាល្អមួយក្នុងការដោះដូរសិល្បៈក្បាច់គុនរវាងប្រទេសដែលមានប្រវត្តិចំណាស់ទាំង២ក្នុងតំបន់អាស៊ាន ហើយក៏ជាឱកាសឲ្យកីឡាករកីឡាការិនីកម្ពុជាយើងបានពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងថែមមួយកម្រិតទៀតផងដែរ។