About Me

header ads

មានរឿងអីទៀតហើយ Ronaldinho? ត្រូវប៉ូលិសប៉ារ៉ាហ្គាយឃាត់ខ្លួននៅសណ្ឋាគារក្រោយទទួលការអញ្ជើញពីម្ចាស់កាស៊ីណូ១កន្លែង

អតីតតារាបាល់ទាត់ដ៏ល្បីល្បាញរបស់ប្រេស៊ីលលោក Ronaldinho ត្រូវបានគេឃាត់ខ្លួននៅប្រទេសមួយក្នុងទ្វីបអាមេរិកខាងត្បូងបន្ទាប់ពីបន្លំឯកសារឆ្លងដែន។ វិរបុរសប្រេស៊ីល លោក Ronaldinho និងប្អូនប្រុសម្នាក់ទៀតត្រូវបានឃាត់ខ្លួននៅប្រទេសប៉ារ៉ាហ្គាយលើករណីប្រើប្រាស់ឯកសារឆ្លងដែនក្លែងក្លាយដើម្បីចូលទៅប្រទេសប៉ារ៉ាហ្គាយ។ បុរសវ័យ៣៩ឆ្នាំដែលធ្លាប់ឈ្នះ World Cup ឆ្នាំ២០០២ជាមួយក្រុមជម្រើសជាតិប្រេស៊ីល ត្រូវបានឃាត់ខ្លួននៅ Resort Yacht & Golf Club Paraguayo ជាមួយប្អូនប្រុសរបស់ខ្លួនកាលពីយប់ម្សិលមិញ, នេះបើតាមការបញ្ជាក់ពីក្រសួងមហាផ្ទៃប្រទេសបារ៉ាហ្គាយ។
យោងតាមកាសែត La Nacion បានឲ្យដឹងថា លិខិតឆ្លងដែនដែលសមត្ថកិច្ចរកឃើញក្នុងសណ្ឋាគារនោះមានឈ្មោះ Ronaldinho និង Roberto ជាសញ្ជាតិប៉ារ៉ាហ្គាយទៅវិញ។ បងប្អូនប្រុសទាំង២នាក់ត្រូវឃាត់ខ្លួនបណ្តោះអាសន្តនៅក្នុងសណ្ឋាគារដោយអាជ្ញាធរប៉ារ៉ាហ្គាយរង់ចាំរបាយការណ៍លម្អិតដើម្បីបញ្ជាក់បន្ថែមនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ តាមរបាយការណ៍ច្បាស់ការមួយពីប៉ូលិសប៉ារ៉ាហ្គាយបានបញ្ជាក់ថា Ronaldinho និងប្អូនប្រុសរបស់ខ្លួនត្រូវបានអញ្ជើញមកប្រទេសប៉ារ៉ាហ្គាយដោយម្ចាស់កាស៊ីណូម្នាក់ឈ្មោះ Nelson Belotti។ អតីតតារាបាល់ទាត់ដ៏ល្បីសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានគេឲ្យដឹងថាអាចនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ជាសាធារណៈបួនដប់ដងទៀតនៅដើមឆ្នាំ២០២០នេះ ហើយបណ្តាញសារព័ត៌មានក៏ត្រូវបានអញ្ជើញឲ្យមកផ្តិតយករូបភាព និងយកព័ត៌មានទាក់ទងនឹងសកម្មភាពផ្សេងៗរបស់ Ronaldinho ជាមួយហ្វេនរបស់គាត់រាប់ម៉ឺននាក់ផងដែរ។ Ronaldinho បច្ចុប្បន្នត្រូវបានគេអះអាងថា បានប្រើប្រាស់លិខិតឆ្លងដែនសញ្ជាតិប៉ារ៉ាហ្គាយជំនួសសញ្ជាតិដើមប្រេស៊ីលរបស់ខ្លួនវិញ ព្រោះតែធ្លាប់មានបញ្ហាត្រូវអាជ្ញាធរដកហូតយកលិខិតឆ្លងដែនប្រេស៊ីលកាលពីឆ្នាំ២០១៨ម្ល៉េះដោយកាលនោះក៏ជាហេតុផលធ្វើឲ្យម្ចាស់បាល់មាសឆ្នាំ២០០៥រូបនេះខកខានមិនបានធ្វើដំណើរមកចូលរួមកម្មវិធីរបស់ក្រុមហ៊ុនឯកជនមួយនៅប្រទេសកម្ពុជាផងដែរ។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៥ អតីតតារាឆ្នើមរបស់ក្រុម Barcelonna រូបនេះ រួមទាំងប្អូនប្រុសដដែលធ្លាប់ត្រូវបានគេចោទប្រកាន់ពីបទប្រព្រឹត្តបទល្មើសនេសាទនៅបឹង Guaiba ដោយគ្មានការអនុញ្ញាតជាលាយល័ក្ខអក្សរត្រឹមត្រូវពីអាជ្ញាធរក្នុងតំបន់ឡើយ។ សំណុំរឿងមួយនេះបានធ្វើឲ្យ Ronaldinho រងការពិន័យជាទឹកប្រាក់រហូតដល់ ៨,៥លានដុល្លារអាមេរិកនៅក្នុងខែវិច្ឆកាឆ្នាំ២០១៨។ បន្ទាប់ពីខកខានមិនបានបង់ប្រាក់ពិន័យទាន់ពេលកំណត់ តុលាការកំពូលប្រេស៊ីលសម្រេចផ្អាកមិនឲ្យ Ronaldinho ចេញក្រៅប្រទេសដោយដកហូតយកលិខិតឆ្លងរបស់គេទុក។