មិនគួរឲ្យជឿ! កូនសិស្សលោកគ្រូ ធន់ សុភា ៥ នាក់មានកំណត់ត្រាល្អខ្លាំងលើសង្វៀន knock out series ប៉ុស្តិ៍លេខ៥ ប៉ុន្តែកម្រជោគជ័យ!

មិនគួរឲ្យជឿ! កូនសិស្សលោកគ្រូ ធន់ សុភា ៥ នាក់មានកំណត់ត្រាល្អខ្លាំងលើសង្វៀន knock out series ប៉ុស្តិ៍លេខ៥ ប៉ុន្តែកម្រជោគជ័យ!

លោក ធន់ សុភា ដែលបច្ចុប្បន្នជាមន្ត្រីអាជ្ញាកណ្តាលរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរមួយរូបដែរនោះ បង្ហាត់សិស្សបានយ៉ាងល្អទាំងបច្ចេកទេសវាយ និងវិន័យ។ យ៉ាងណាមិញ យើងឃើញកូនសិស្សលោកគ្រូ ធន់ សុភា តែងតែទទួលបានឱកាសឡើងប្រកួតលើសង្វៀនក្នុងកម្មវិធីផ្សេងៗស្ទើរគ្រប់អាទិត្យ ហើយថែមទាំងឈ្នះច្រើនជាងចាញ់ទៀតផង។ ទោះយ៉ាងនេះក្តី កូនសិស្សលោកគ្រូ ធន់ សុភា ចំនួន៥នាក់ឡើងមកវគ្គផ្តាច់ព្រ័ត្រ៦ដង ពោលគិតចាប់ពីរដូវកាលទី២ ដល់ទី៦ តែងតែមានវត្តមានកូនសិស្សលោកគ្រ ធន់ សុភា រហូត ប៉ុន្តែក្នុងនោះពួកគេឈ្នះជើងឯកបានតែម្តងគត់
នៅរដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រជំនួបរវាង ធន់ មករា និង លន បញ្ញា ដែលអ្នកទាំង២សុទ្ធតែជាសិស្សរបស់លោកគ្រូ ធន់ សុភា ដូចគ្នា ប៉ុន្តែដោយសារកម្មវិធីតម្រូវឲ្យអ្នកដែលជម្រុះផុត៥ជុំត្រូវប្រកួតគ្នានៅវគ្គផ្តាច់ព្រ័ត្រទើបមិនអាចប្រកែកបាន។

សិស្សរួមគ្រូទាំង២នាក់នេះបានវាយអស់ពីសមត្ថភាពរៀងខ្លួន ចុងក្រោយ ធន់ មករា បានយកឈ្នះពិន្ទុលើ លន បញ្ញា រួចគ្រងជើងឯករដូវកាលទី២ ក្រសោបយកទឹកប្រាក់៤ពាន់ដុល្លារ ចំណែកឯ លន បញ្ញា បានត្រឹម២ពាន់ដុល្លារប៉ុណ្ណោះ។ ចូលដល់រដូវកាលទី៣ លន បញ្ញា ដដែលបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រម្តងទៀត ប៉ុន្តែគួរឲ្យសោកស្តាយដែលយុវជនដៃវែងជើងវែងម្នាក់នេះត្រូវខកចិត្តជាលើកទី២ ក្រោយភ្លាត់សន្លប់ក្រោមថ្វីដៃរបស់ លាភ រដ្ឋា នៅទឹកទី២។ ចូលដល់រដូវកាលទី៤ ប្រកួតលើប្រភេទទម្ងន់ ៥៧គីឡូក្រាម កូនសិស្សរបស់លោកគ្រូ ធន់ សុភា ម្នាក់ទៀតមកពីខេត្តកំពង់ឆ្នាំងគឺកីឡាករ ធន់ អៀនឡៃ បានឡើងមកវគ្គផ្តាច់ព្រ័ត្រជួបជាមួយ ម៉ន សាម៉េត។

មុនប្រកួតមួយនោះ អៀនឡៃ ប្រកួតជាងម្ភៃដងមិនដែលចាញ់ឡើយ ប៉ុន្តែបែរជាភ្លាត់ចាញ់ពិន្ទុ សាម៉េត នៅវគ្គផ្តាច់ព្រ័ត្ររបូតអស់ទឹកប្រាក់ពាក់កណ្តាលទៅលើដៃរៀមច្បង សាម៉េត បានត្រឹមខកចិត្តត្បិតត្រឹមជាជើងឯករង។ ក្នុងរដូវកាលទី៥ ប្រកួតលើទម្ងន់ស្រាល៥៤គីឡូក្រាម ក៏នៅតែមានកូនសិស្សរបស់លោកគ្រូ ធន់ សុភា ម្នាក់ទៀតឡើងមកដល់វគ្គផ្តាច់ព្រ័ត្រគឺកីឡាករ ជី ឆៃលី។ ឆៃលី ខិតខំយកចិត្តទុកដាក់ក្រេចជញ្ជក់ក្បាច់គុនពីលោកគ្រូ ធន់ សុភា ជាច្រើន ណាមួយសាមីខ្លួនចង់មានឱកាសបានវាយគូបរទេសផងនោះជឿថា ការឈ្នះជើងឯក Knock Out Series នេះនឹងជួយឲ្យគេបានឱកាសវាយគូអន្តរជាតិ ប៉ុន្តែមនុស្សគិតមិនដូចទេវតាគិតឡើយ ឆៃលី ត្រូវបរាជ័យក្រោមថ្វីដៃរបស់ ខេម ចាន់ របូតពាន និងទឹកប្រាក់៤ពាន់ដុល្លារទៅលើដៃជើងខ្លាំងមកពីក្លិបឆ័ត្រយោង៩១១នោះបាត់។

សម្រាប់រដូវកាលទី៦ ប្រកួតក្នុងទម្ងន់៦០គីឡូក្រាម ព្រឿង សុជាតិ ដែលជាសិស្សសំណព្វម្នាក់ដែររបស់លោកគ្រូ ធន់ សុភា បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រក្រោយឆ្លងកាត់អស់៤ជុំយ៉ាងលំបាកលំបិន ប៉ុន្តែនៅទីបំផុតនៅតែមិនអាចយកពានទៅតាំងនៅក្លិបបានក្រោយចាញ់ពិន្ទុកីឡាករ កូយ ឡាយ នៅវគ្គផ្តាច់ព្រ័ត្រ ហើយការបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រមួយនេះធ្វើឲ្យ ព្រឿង សុជាតិ ក្លាយជាកូនសិស្សទី៤របស់លោកគ្រូ ធន់ សុភា ដែលរងបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រលើសង្វៀន Knock Out Series by K-Cement របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥៕