About Me

header ads

សមាជិកគណៈកម្មការប្រតិបត្តិអូឡាំពិកជប៉ុនថា IOC កំពុងយកអាយុជីវិតរបស់អត្តពលិកមកប្រថុយ

សមាជិកគណៈកម្មការប្រតិបត្តិអូឡាំពិកជប៉ុនថា IOC កំពុងយកអាយុជីវិតរបស់អត្តពលិកមកប្រថុយ

មន្ត្រីម្នាក់នៃគណៈកម្មាធិការជាតិអូឡាំពិកជប៉ុនទទូចសុំឲ្យមានការពន្យាពេលកីឡាអូឡាំពិកនាទីក្រុងតូក្យូឆ្នាំ២០២០នេះ។ សមាជិកម្នាក់របស់គណៈកម្មការប្រតិបត្តិនៃគណៈកម្មាធិការជាតិអូឡាំពិកជប៉ុនបានប្រកាសជាសាធារណៈ និងស្នើសុំឲ្យគណៈកម្មាធិការជាតិអូឡាំពិកជប៉ុនពន្យាពេលរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០។

លោកស្រី កាអូរិ យ៉ាម៉ាហ្គ៊ូឈិ អតីតកីឡាការិនីយ៉ូដូចូលនិវត្តម្នាក់បានប្រាប់ Nikkei ថាគាត់ជឿថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) កំពុងតែយកអាយុជីវិតអត្តពលិកទៅប្រថុយតាមរយៈការលើកទឹកចិត្តឲ្យពួកគេបន្តហ្វឹកហាត់ដូចដើម ខណៈពេលដែលពិភពលោកនៅមិនទាន់ងើបផុតពីជំងឺអុជត្បាតនៅឡើយ។ លោកស្រី យ៉ាម៉ាហ្គ៊ូឈិ ដែលជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំង២៣នាក់នៃគណៈកម្មាការប្រតិបត្តិបានបន្ថែមទៀតថា លោកស្រីនៅតែប្រកាន់គោលជំហរដ៏រឹងមាំរបស់ខ្លួនក្នុងការធ្វើវេតូនឹងគណៈកម្មាធិការជាតិអូឡាំពិកជប៉ុនក្នុងអង្គប្រជុំនាថ្ងៃទី២៧ខាងមុខនេះ។ លោកស្រីបានប្រាប់ Nikkei កាសែតដ៏ល្បីរបស់ជប៉ុនថា៖ “មិនដូចព្រឹត្តិការណ៍ផ្សេងៗនោះទេ កីឡាអូឡាំពិកគឺជានិម្មិតសញ្ញាគំរូមួយដែលបង្ហាញឲ្យមនុស្សទូទាំងសកលលោកឃើញថា កីឡានាំសន្តិភាពមកឲ្យពិភពលោកទាំងមូល។ ដូច្នេះយើងមិនគួរបន្តរៀបចំមហាព្រឹត្តិការណ៍មួយនេះឡើយ ប្រសិនបើអ្នកដែលចូលរួមគ្មានចិត្តសប្បាយនោះ។”

លោកស្រី យ៉ាម៉ាហ្គ៊ូឈិ គឺជាមនុស្សចុងក្រោយហើយក្នុងចលនាអូឡាំពិកពិភពលោកដែលបានជំទាស់នឹងការរៀបចំមហាព្រឹត្តិការណ៍កីឡាមួយនេះដោយសារបញ្ហាជំងឺកូវីដ១៩ ដែលបានឆ្លងរាលដាលទៅមនុស្សប្រមាណជាង២០ម៉ឺននាក់នៅទូទាំងពិភពលោក ក្នុងនោះក៏មានលោក កូហ្សូ តៃស៊ីមម៉ា អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកជប៉ុនម្នាក់ដែរដែលប្រកាន់គោលជំហរជំទាស់ដូចលោកស្រី។

មកទល់ពេលនេះអត្តពលិកទាំងអស់កំពុងតែព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាដែលពិភពលោកកំពុងប្រឈមក្នុងពេលនេះ។ ប៉ុន្តែ IOC បានប្រកាសជាសាធារណៈកាលពីប៉ុន្មានសប្តាហ៍មុននេះពីគោលជំហរក្នុងការរៀបចំកីឡាអូឡាំពិកឆ្នាំ២០២០នេះឲ្យបានសម្រេច និងលើកទឹកចិត្តឲ្យអន្តពលិកទាំងអស់ហ្វឹកហាត់ត្រៀមទាំងដែលភាគច្រើនពួកគេខ្វាយខ្វល់នឹហសភាពការណ៍ពិភពលោក និងបារម្ភពីក្រុមគ្រួសាររបស់ពួកគេយ៉ាងខ្លាំងធ្វើឲ្យពិបាកក្នុងការផ្ចង់អារម្មណ៍ហ្វឹកហាត់ ម្យ៉ាងត្រូវគោរពតាមការណែនាំរបស់រដ្ឋាភិបាលដោយត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក និងត្រូវកាត់បន្ថយការចេញទៅខាងក្រៅក្នុងករណីគ្មានការចាំបាច់។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០នៅទីក្រុងតូក្យូ ប្រទេសជប៉ុនគ្រោងនឹងធ្វើនៅអំឡុងខែកក្កដាខាងមុខនេះ ប៉ុន្តែដោយសារបញ្ហាជំងឺអុជត្បាតកូវីដ១៩ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យកីឡា សូម្បីតែលោកប្រធានាធិបតីសហរដ្ឋអាមេរិកក៏ធ្លាប់ផ្តល់យោបល់ឲ្យនាយករដ្ឋមន្ត្រីជប៉ុនលោក អាបិ ពិចារណាឡើងវិញក្នុងការពន្យាពេលផងដែរ ប៉ុន្តែត្រូវបានលោកនាយករដ្ឋមន្ត្រីជប៉ុនធ្វើឲ្យជឿថា ជប៉ុនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំមហាព្រឹត្តិការណ៍កីឡាដ៏ធំមួយនោះដោយមិនរាថយឡើយ។