About Me

header ads

រដ្ឋបាលខេត្តត្បូងឃ្មុំ ផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ទាំង ៧ ក្រុងស្រុក

( ត្បូងឃ្មុំ ):
បន្ទាប់ពីការផ្ទុះរីករាលដាលជំងឺកូវីដ ១៩ នៅកម្ពុជា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចាត់វិធានការ ដោយរដ្ឋបាលក្រុងស្រុកទាំង ៧ គ្រប់មូលដ្ឋានក្នុងខេត្ត សហការជាមួយមន្ទីរសុខាភិបាល ក៏ដូចជាមន្ត្រីសុខាភិបាលតាមមូលដ្ឋាន ធ្វើការចុះផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង ស្តីពីវិធានការការពារ ពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ។

ការផ្សព្វផ្សាយនេះ បានធ្វើឡើងនៅក្រុងស្រុកទាំង ៧ ទូទាំងខេត្តត្បូងឃ្មុំ តាមគ្រប់មធ្យោបាយ ដោយមន្ត្រីជំនាញ សហការជាមួយមន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យចុះពន្យល់ណែនាំ ពិសេសការចាក់សារនានាតាមប្រព័ន្ធឃោសនស័ព្ទ ដោយម៉ៃក្រូ តាមរុឺម៉ក់កង់បី តាមម៉ូូតូជាដើម ។ ទោះជាការផ្សព្វផ្សាយនេះយ៉ាងសស្រាក់សស្រាំយ៉ាងនេះក្តី ក៏មានពលរដ្ឋបានឆ្លងជំងឺកូវីដ ១៩ ចំនួន ៤ នាក់ ។

ក្រោមការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ពិនិត្យព្យាបាលរបស់ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ អ្នកជំងឺកូវីដ ១៩ ចំនួន ២ រូប ក្នុងចំណោម ៤ រូប បានជាសះស្បើយក្រោយយកសំណាកវិភាគទៅធ្វើការពិសោធន៍ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចំនួន ២ លើកជាបន្តបន្ទាប់ ទទួលបានលទ្ធផលអវិជ្ជមាន ។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០ នេះ ដែលជាដំណឹងរីករាយសម្រាប់ពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេសកម្ពុជា។

ជាមួយនឹងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានរៀបចំកន្លែងពិនិត្យព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ៤ ទីតាំង៖
១ មន្ទីរពេទ្យបង្អែកពញាក្រែក
២ មន្ទីរពេទ្យបង្អែកមេមត់
៣ មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ
៤ សណ្ឋាគារឆៃណាមេមត់ មាន ៥០ បន្ទប់ គ្រែ ២ ១២ បន្ទប់ និងគ្រែ ១ ចំនួន ៣៨ បន្ទប់ផងដែរ ៕