About Me

header ads

ប្រកាសផ្ទេរ និង ចូលកាន់មុខតំណែង ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូង

ខេត្តប៉ៃលិន ៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានស្នើសុំឱ្យមន្រ្តីសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវតែប្រែក្លាយពីចៅហ្វាយ ទៅជាអ្នកបម្រើស្មោះស្ម័គ្រជូនប្រជាពលរដ្ឋ ដើម្បីទទួលបាននូវការស្រឡាញ់រាប់អាន ពីសំណាក់ពួកគាត់ផងដែរ ។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងនេះ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅក្នុង សាលប្រជុំសាលាខេត្ត ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ ឯកឧត្តមបន្តទៀតថា ជាពិសេស សូមយកឱកាសនេះ ទាញនូវចាប់ណាប់អារម្មណ៍ដល់ប្រ ធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង និងចៅក្រមផងដែរ ព្រោះតុលាការ ជាអង្គភាពមួយឯករាជ សូមឱ្យធ្វើការកាត់ទោសតាមសេចក្តីយុត្តិធម៌ ។ ប៉ុន្តែ នៅពេលខ្លះ ក៏មានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋមួយចំនួនដែរ ដោយពួកគាត់លើកឡើងថា មានការអយុត្តិធម៌ចំពោះខ្លួន ។

 ឯកឧត្តមប ញ្ជាក់ថា ទោះបីជាតុលាការស្ថិតក្នុងការឯករាជ្យក៏ដោយ តែយើងទាំងអស់គ្នា គឺស្ថិតនៅក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ ត្រូវតែរួមសហការគ្នាធ្វើកិច្ចការឱ្យបានល្អ និងគោរពច្បាប់រដ្ឋធម្មនុញ្ញ ។ លើសពីនេះ បើគ្មានសន្តិភាព គ្មានគណបក្សប្រជាជនឈរកាន់តំណែងទេ យើងទាំងអស់គ្នា ក៏មិនអាចឈរនៅទីនេះ ទាំងតុលាការ ក៏មិនអាចឈរកាត់ក្តីបានដែរ ដូច្នេះហើយ ទើបយើងត្រូវការសន្តិភាព ត្រូវការគណ:បក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបន្តទៀត ។ យើង ត្រូវតែទទួលខុសត្រូវរវាងការងារបក្ស និងការងារជូនប្រជាពលរដ្ឋ ដោយទទួលខុសត្រូវទាំងផ្នែកបក្ស ផ្នែកក្នុងស្ថាប័នរបស់ខ្លួ ន ។ ម្យ៉ាងវិញទៀត ត្រូវឱ្យខាងតុលាការ សហការជាមួយនឹងរដ្ឋបាលខេត្តប៉ៃលិន សុំឱ្យកែលម្អគ្នាទៅវិញទៅមក ។ ឯកឧត្តមបញ្ជាក់ថា ពេលអញ្ជើញប្រធានមន្ទីរទាំងអស់មកចូលរួមជាគណអធិបតី ស្រាប់តែឱ្យមន្រ្តី ឬអនុប្រធានមកចូលរួម គឺមិនអាចអង្គុយខាងលើវេទិកាបានទេ ត្រូវតែអង្គុយនៅខាងក្រោមដូចជាមន្ត្រីធម្មតាដែរ ។

ឯកឧត្តមបញ្ជាក់ថា ស្ថាប័នតុលាការ ឯករាជ្យ បានតែនៅពេលកាន់សំនុំរឿងកិច្ចការរបស់ខ្លួនប៉ុណ្ណោះ តែត្រូវស្ថិតនៅក្រោមដំបូលរបស់រាជរដ្ឋាភិបាលតែមួយ ។ ដូច្នេះសូមឱ្យព្រះរាជអាជ្ញាធរអមសាលាដំបូងខេត្ត ដែលទើបនឹងប្តូរមកថ្មី ត្រូវតែយកចិត្តទុកដាក់ សាមគ្គីផ្ទៃក្នុង សហការជាមួយរដ្ឋបាលខេត្ត ដោយស្មោះត្រង់ ចាត់វិធានការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា ជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនឱ្យទទួលជោគជ័យផងដែរ ។ អ្វីដែលសំខាន់នៅថ្ងៃខាងមុខ គឺខាងខេត្តត្រូវចាត់ឱ្យខាងមន្ទីរមុខងារសាធារណ: ចុះត្រួតពិនិត្យមន្រ្តីតុលាការ ក្របខណ្ឌខ្លះ បែរជាអត់មានការងារធ្វើ តែមន្រ្តីក្រៅក្របខណ្ឌ បែរជាធ្វើការជំនួស ដូច្នេះសូមឱ្យត្រួតពិនិត្យឡើងវិញ ក៏ត្រូវឱ្យពង្រឹងសមត្ថភាពមន្រ្តីនគរបាលយុត្តិធម៌ និងទប់ស្កាត់ទំនិញគេចពន្ធនៅតាមច្រករបៀងឱ្យបានដាច់ខាត ត្រូវគោរពឱ្យបាន ខ្ជាប់ខ្ជួនទៅតាមគោលការណ៍ច្បាប់ជាធរមាន ។

បើតាមលោក តូច សុភក្តី អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ដែលកាន់តំណែ ងឈរជើងនៅក្នុងខេត្តប៉ៃលិន អស់រយ:ពេល៣ឆ្នាំ ហើយត្រូវបានប្តូរទៅកាន់ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា លោកពិតជាថ្លែងអំណរគុណដល់ ប្រធានសាលាដំបូង ចៅក្រុម ព្រះរាជអាជ្ញារង និង ក្រុមការងារមន្រ្តីសាលាដំបូង ដែលបានរាប់អាន និងស្រឡាញ់ដល់លោកដូចជាបងប្អូន ក្នុងការធ្វើកិច្ចការជាមួយគ្នាយ៉ាងរលូន ។ លោកបន្តទៀតថា លោកក៏សូមអរគុណដល់អាជ្ញាធរខេត្តប៉ៃលិន មន្រ្តីសមត្ថកិច្ចនគរបាល ដែលបានផ្តល់កិច្ចសហការយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើការជាមួយគ្នានៅក្នុងខេត្តប៉ៃលិន ។

ចំណែក លោក គង់ ចាន់ខេមរិន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដែលទើបនឹងប្រកាសតែងតាំងឱ្យកាន់តំណែងព្រះរាជអាជ្ញាខេត្តប៉ៃលិន បានឱ្យដឹងថា លោកនឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារឱ្យបានល្អប្រសើរ ។ លោកបន្តទៀតថា នឹងត្រៀមលក្ខណ:ជានិច្ច ហើយសង្ឃឹម ថានឹងទទួលបាននូវបទពិសោធន៍ល្អៗ ពំណាក់អស់លោក លោកស្រី នៅតាមមន្ទីរនានាក្នុងខេត្ត ។ លោកក៏ប្តេជ្ញាចិត្ត គោរពច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមអនុវត្តយុត្តិសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ។ គោរពក្រមសីលធម៌វិជ្ជាជីវ និងបទបញ្ជាផ្ទៃក្នុង និងពង្រឹងផ្ទៃក្នុងឱ្យបានល្អ ដោយសហការជាមួយនឹងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៅគ្រប់មន្ទីរទាំងអស់ ដោយធ្វើការជាមួយគ្នាយ៉ាងរលូន ។

សូមបញ្ជាក់ថា ការប្រកាសពេលនេះ គឺត្រូវប្តូរលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ឱ្យទៅធ្វើជាព្រះរាជអាជ្ញាខេត្តឧត្តរមានជ័យ ហើយលោក គង់ ចាន់ខេមរិន ប្តូរពីព្រះរាជអាជ្ញាខេត្តស្វាយរៀង មកធ្វើជាព្រះរាជអាជ្ញាខេត្តប៉ៃលិន ៕