About Me

header ads

អាជីវករក្នុងផ្សារសាមគ្គី ត្អូញត្អែរគ្រប់គ្នា ខណ:លក់អត់ដាច់ អ្នកខ្លះបិទតូប បន្ទាប់ពីផ្ទុះករណីវីរុសកូរ៉ូណា ហៅកូវីដ១៩

ខេត្តប៉ៃលិន ៖ រហូតមកដល់វេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ អាជីវករលក់ដូរជាច្រើននាក់ បានត្អូញត្អែរ ប្រាប់ភ្នាក់ងារសារព័ត៌មានយើងឱ្យដឹងថា ចាប់តាំងពីមានការផ្ទុះករណីជម្ងឺឆ្លងដ៏កាចសាហាវថ្មី ឈ្មោះ កូរ៉ូណា ហៅCovid 19 អ្នកលក់ដូរនៅក្នុងផ្សារសាមគ្គី ហៅប៉ាហ៊ី និងអ្នកលក់ដូរនៅក្នុងផ្សារត្រីថ្មី ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន គឺលក់អត់សូវដាច់នោះទេ ព្រោះមិនសូវឃើញមានអតិថិជន ចូលទៅទិញម្ហូបអាហារ ឬសម្លៀកបំពាក់ប្រើប្រាស់ច្រើន ដូចកាលពីមុននោះឡើយ ពោលគឺស្ងាត់ឈឹងតែម្តង ។  ដោយក្នុង១ថ្ងៃៗ គេអាចលក់ដាច់ បានប្រាក់ត្រឹមតែ៤០០០០រៀល ទៅ៥០០០០រៀលប៉ុណ្ណោះ ដែលខុសពីមុន ក្នុង១ថ្ងៃៗ អាជីវករ អាចលក់ដូរដាច់បានប្រាក់ចាប់ពី១០ម៉ឺនរៀល ទៅ២០ម៉ឺនរៀលឯណោះ ។






បើតាមប្រភពព័ត៌មាន ពីអាជីវករ ឈ្មោះ វី អាយុ៣៦ឆ្នាំ, ឈ្មោះ មាស ស្រី អាយុ៤២ឆ្នាំ និង ឈ្មោះ ប៉ែន គឹមសេង អាយុ៤៨ឆ្នាំ ប្រកបរបរលក់សម្រៀកបំពាក់ រស់នៅក្នុងក្រុងប៉ៃលិន បានឱ្យដឹង ប្រហាក់ប្រហែលគ្នាថា ការលក់ដូរបច្ចុប្បន្ននេះ មានការស្ងាត់មនុស្សខ្លាំងណាស់ មិនដឹងជាទៅណាអស់ទេ ដោយជួនកាល ក្នុង១ថ្ងៃ លក់សម្លៀកបំពាក់ ដាច់ត្រឹមតែ២ទៅ៣កំប្លេប៉ុណ្ណោះ ។ ប្រភពបន្តទៀតថា ការស្ងាត់អតិថិជនបែបនេះ គឺចាប់តាំងពីផ្ទុះចេញនូវករណីជម្ងឺឆ្លងកូរ៉ូណា ហៅCovid 19 ដែលធ្វើឱ្យពួកគាត់មួយចំនួន បានបង្ខំចិត្តបិទតូបសម្រាកលក់មួយរយ:ពេលសិន ព្រោះបើនៅបន្តលក់ក៏អត់មានម៉ូយចូលទិញដែរ ។ ចំណែកអ្នកខ្លះទៀត នៅបង្ខំចិត្តលក់ដូរ ដោយសារតែគ្មានលុយសម្រាប់យកទៅបង់ការធនាគារ បើសិនជាអត់បើកតូបទេ គ្មានអ្វីសងថ្លៃជំពាក់គេនោះឡើយ ហើយដោយមានការព្រួយបារម្ភខ្លាំង ទើបបើកលក់ដូររាល់ថ្ងៃតែម្តង ។ អ្នកខ្លះទៀត បើកតូបលក់រហូតមកដល់ពេលនេះ លុះអត់ដាច់សោះ ទើបនាំគ្នាបិទតូបសម្រាកនៅផ្ទះតែម្តង ដោយរង់ចាំ មើលសភាពការជម្ងឺខាងលើនេះសិន ។ បើតាមប្រភពព័ត៌មានពីអាជីវករលក់ត្រីនៅផ្សារត្រីថ្មី បានឱ្យដឹងដូចៗគ្នាដែរថា ការលក់ដូរម្ហូបអាហារពេលនេះ មិនខុសពីមុនប៉ុន្មានទេ តម្លៃសាច់ជ្រូក និងសាច់គោ គឺនៅដដែល ដោយឡើង ថ្លៃតិចតួចប៉ុណ្ណោះ ។ រីឯត្រីមានការឡើងថ្លៃខ្ពស់ជាងមុនបន្តិច ដោយត្រីចិញ្ចឹមពីមុន១គីឡូក្រាម ត្រឹមតែ៨០០០រៀល ទៅ១០០០០រៀល រហូតមកដល់ឥឡូវឡើងដល់១គីឡូក្រាម ១២០០០រៀល ទៅ១៣០០០រៀលឯណោះ ។ ចំណែកត្រីស្រែពីមុនត្រឹម១គីឡូក្រាម តែ១៤០០០រៀល ទៅ១៥០០០រៀល តែពេលនេះ ឡើងដល់១គីឡូក្រាម ចាប់ពី១៨០០០រៀល ទៅ២០០០០រៀល ឯណោះ ។






រីឯអ្នកលក់អង្ករ និងគ្រឿងបរិភោគផ្សេងៗ ទៀត នៅក្នុងផ្សារ បានឱ្យដឹងដែរថា ការលក់ដូរ នេះមិនឡើងថ្លៃអ្វីនោះទេ គឺនៅដដែល ប៉ុន្តែសព្វថ្ងៃហាក់ដូចជាស្ងាត់អតិថិជនជាងមុនបន្តិច ប៉ុន្តែអាចរកបានចំណូលច្រើនប្រហាក់ប្រហែលកាលពីមុនដែរ ។ ពួកគាត់ក៏មានសំណូមពរ ឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងចេះអនាម័យផ្ទាល់ខ្លួនម្នាក់ៗផងដែរ ដោយលាងដៃនិងអាល់កុល ឬជែល ក៏ដូចជាពាក់ម៉ាសការពារផងដែរ ដើម្បីជៀសវាងការឆ្លងរាលដាលទៅអ្នកដទៃទៀត បើសិនជាមាននរណាម្នាក់កើតជម្ងឺនោះមែន ។ សូមបញ្ជាក់ថា ផ្សារសាមគ្គី ហៅប៉ាហ៊ី និងផ្សារត្រីថ្មី ចាប់ផ្តើមស្ងាត់មនុស្ស ចាប់តាំងពីមានការផ្ទុះករណីជម្ងឺឆ្លងរាលដាល ឈ្មោះ កូរ៉ូណា ហៅកូវីដ១៩ ដោយកាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ គេឃើញអាជ្ញាធរខេត្ត បានដឹកនាំកម្លាំងចម្រុះ ព្រមទាំងយុវជនស.ស.យ.ក ចុះបាញ់អាល់ កុលលាងសម្អាតផ្លូវថ្នល់ក្នុងក្រុងប៉ៃលិនផងដែរ ៕