About Me

header ads

ស្នាដៃគំនូរស្តីពីរបាំខ្មែរចំនួន ៤៣ ផ្ទាំង បានកំពុងដាក់តាំងបង្ហាញនៅក្នុងវិទ្យាស្ថានភាសាបារាំងនៅកម្ពុជា រយៈពេល ១ ខែ ចូលទស្សនាដោយឥតគិតថ្លៃ

សិល្បករខ្មែរមួយរូបដែលបានបញ្ចប់ការបណ្តុះបណ្តាលផ្នែកសិល្បៈគំនូរនៅក្រៅប្រទេស លោក សួស្តិ៍ សុដាវី  បានបើកសម្ពោធការដាក់តាំងបង្ហាញស្នាដៃគំនូររបស់ខ្លួនចំនួន ៤៣ ផ្ទាំង នៅវិទ្យាស្ថានភាសាបារាំងនៅកម្ពុជា កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។ សម្រាប់ពិព័រណ៍គំនូរលើកនេះ លោក សួស្តិ៍ សុដាវី បានសម្រេចយកស្នាដៃមួយដែលលោកមិនដែលធ្លាប់ដាក់តាំងបង្ហាញពីមុនមកនោះឡើយ ស្តីអំពីរបាំ ដោយលោកបានគូសយ៉ាងផ្ចិតផ្ចង់បំផុត ក្រោមទម្រង់ជាវត្ថុសិល្បៈផង និងជាទស្សនីយភាពផង។



ក្នុងឱកាសនោះ សិល្បករលោក សួស្តិ៍ សុដាវី បានបង្ហាញអារម្មណ៍សប្បាយចិត្តដែលបានដាក់តាំងបង្ហាញគំនូររបស់ខ្លួន និងជម្រាបប្រាប់ពីក្តីស្រឡាញ់ពិតរបស់លោកចំពោះរបាំខ្មែរ ដែលលោកចង់ឱ្យមហាជនបានឃើញនៅក្នុងផ្ទាំងគំនូររបស់លោក។ ជាមួយគ្នានេះ លោក កោ បូរិន្ទ អ្នករៀបចំសកម្មភាពវប្បធម៌នៃវិទ្យាស្ថានភាសាបាំរាំងនៅកម្ពុជា បានបង្ហាញប្រាប់ពីមូលហេតុមួយចំនូននៃការយកស្នាដៃគំនូររបស់សិល្បករល្បី សូស្តិ៍ សុដាវី មកដាក់តាំងពិព័រណ៍នេះនិងសំនូមពរឱ្យសាធារណជនមកចូលទស្សនាដើម្បីស្វែងយល់ពីសិល្បៈនៃការគូសគំនូរដ៏វិសេសនេះថែមទៀត ។




គំនូរដែលលោកបានឃើញនេះ សុទ្ធសឹងជាប្រភេទគំនូរបែបស្រមើស្រមៃ មានលក្ខណៈជាស្នាដៃអណ្តែតអណ្តូង និងរសើប។ ហើយគំនូររបស់លោកបានរំលេចឱ្យឃើញនូវភាពលាយឡំគ្នាបែបធម្មជាតិនៃដងខ្លួន និងចលនា ដែលបង្កើតបានជារបាំ។ ដូច្នេះកុំភ្លេចមកស្វែងយល់ពីអត្ថន័យ និងភាពរស់វរើកនៃស្នាដៃគំនូររបស់លោក សួស្តិ៍ សុដាវី បានដោយសេរីនៅវិទ្យាស្ថានភាសាបារាំងទាំងអស់គ្នា ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២០ ខាងមុខ។

 


អត្ថបទដោយៈ សំណាង