About Me

header ads

អាជីវករលក់ដូរកន្លែងតាំងពិព័រណ៍ ត្អូញត្អែរថា ស្ងាត់មនុស្ស អត់សូវមានអតិថិជនចូលទិញឥវ៉ាន់

ខេត្តប៉ៃលិន ៖ ការចាប់បើកដាក់ តាំងពិព័រណ៍ ជួលតូបឱ្យអាជីវករ លក់ដូរសម្ភារ ម្ហូបអាហារ និងរបស់របរផ្សេងៗ នៅថ្ងៃដំបូង គឺនៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានចាប់ផ្តើមដំណើរការហើយ ស្ថិតនៅក្នុងបរិវេណសួនកុមារ ទល់មុខសាលាខេត្តប៉ៃលិន ភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

 តែគេសង្កេតឃើញប្រជាពលរដ្ឋ ភាគតិចចូលទៅទិញរបស់របរទាំងនោះ រីឯអ្នកលក់ដូរខ្លះ និយាយត្អូញត្អែរថា ពិតជាស្ងាត់មនុស្ស មិនដឹងជាគេទៅណាអស់នោះទេ ដោយលក់ដាច់មួយៗ ក៏មានតូបខ្លះលក់ស្ទើរតែអត់ដាច់សោះ ស្របពេលដែលវីរុសកូរ៉ូណា ហៅ Covid 19 កំពុងវាយលុក ធ្វើឱ្យប្រជាពលរដ្ឋភាគច្រើន មានការខ្លាចរអារ ពីការឆ្លងជម្ងឺដ៏កាចសាហាវមួយនេះ ។ ចំពោះអតិថិជនដែលចូលទៅកន្លែងតាំងពិព័រណ៍ អ្នកខ្លះពាក់ម៉ាស ការពារឆ្លងជម្ងឺ ចំណែកមនុស្សភាគច្រើន គឺអត់មានការពាក់ម៉ាសការពារអ្វីនោះទេ គឺនាំគ្នាដើរលេងយ៉ាងសប្បាយ ។

ប្រភពព័ត៌មានពីអាជីវករម្នាក់ ឈ្មោះ រស្មី ភេទប្រុស អាយុ៣២ឆ្នាំ មកពីខេត្តបាត់ដំបង បានឱ្យដឹងថា លោកស៊ីឈ្នួលលក់ដូរទំនិញឱ្យថៅកែម្នាក់ ដោយក្នុង១យប់ គេឱ្យកម្រៃ៤០០០០រៀល ហើយការលក់ដូរនេះ មានកូនកាបូបតូច និងកាបូបធំ សម្រាប់មនុស្ស ប្រុសស្រី និងលក់ខ្សែក្រវ៉ាត់ជាដើម ។ លោកបន្តទៀតថា ការលក់ដូរយប់ដំបូងនេះ អត់សូវដាច់នោះទេ លក់បានប្រហែលជា១០ភាគរយប៉ុណ្ណោះ ពោលគឺមិនសូវឃើញមានអតិថិជនមកទិញ ដោយស្ងាត់ជាងរាល់ដង ។ ប៉ុន្តែ បើតាមលោកគិតឃើញ ប្រហែលជានៅថ្ងៃបន្តបន្ទាប់ទៀត អាចនឹងមានភ្ញៀវច្រើនចូលមកទិញទំនិ ញទាំងនេះយកទៅប្រើប្រាស់ ។

បើតាមបុរសម្នាក់ ឈ្មោះ សីហា អាយុ២១ឆ្នាំ មកពីខេត្តបាត់ដំបងដែរ បានឱ្យដឹងថា លោកស៊ីឈ្នួល លក់សម្លៀកបំពាក់ឱ្យគេ ដោយ១យប់ ទទួលបានកម្រៃជាង២០០០០រៀល ។ ចំពោះការលក់ដូរដាច់ ឬមិនដាច់ខាងលោកមិនដឹងនោះទេ ហើយខាត ឬចំណេញ គឺថៅកែជាអ្នកទទួលរ៉ាប់រង ។ លោកបន្តទៀតថា ចំពោះការលក់ដូរនៅយប់ថ្ងៃដំបូង ហាក់ដូចជាមានការស្ងាត់អតិថិជនបន្តិច ពោលគឺមិនសូវមានច្រើន ដូចការលក់ ក្នុងពិធីតាំងពិព័រណ៍ ដូចសព្វដងនោះទេ ។

បើតាមសម្តីស្រ្តី ឈ្មោះ ចិន អាយុ៣៥ឆ្នាំ មកពីខេត្តបាត់ដំបង ជាអ្នកស៊ីឈ្នួលលក់ផ្លែកៅ ឡាក់ឱ្យថៅកែខ្មែរម្នាក់ បានឱ្យដឹងថា ការលក់ដូរនៅយប់ថ្ងៃដំបូងនេះ មានការដាច់កាក់កបគួរសមដែរ ដោយក្នុង១យប់ អាចលក់បានចាប់ពី១០ទៅ២០គីឡូក្រាម ។ គាត់បន្តទៀតថា ១គីឡូក្រាមអាចលក់បានថ្លៃ ចាប់ពី៣០០០០រៀលទៅ៣៥០០០រៀល ព្រោះផ្លែឈើប្រភេទនេះ នាំចូលមកពីប្រទេសជប៉ុន សម្រាប់បំប៉ន អវយវ:ផ្នែកខាងក្នុង ដូចជាក្រពះ ពោះវៀន ជួយសន្សុតចរន្តឈាម ជួយសម្រួលរបួសគ្រាំក្នុង និងជួយសម្រួលក្នុងការបន្ទោរបង់លាមកជាដើម ។

ចំណែកបុរសម្នាក់ ឈ្មោះ ហេង ជាមេការជួលតូបតាំងពិព័រណ៍ខាងលើ បានឱ្យដឹងថា ការតាំងពិព័រណ៍នាពេលនេះ មានត្រឹមតែចំនួន៤២តូបប៉ុណ្ណោះ ដោយថៅកែជួលគេ តូប១ ក្នុងតម្លៃ៣០០ដុល្លារ សរុបទាំងអស់ ចំនួន១២៦០០ដុល្លារ ដោយធ្វើការលក់ដូរក្នុងរយ:ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់២១ ខែមីនា ឆ្នាំ២០២០ ទើបបិទការតាំងពិព័រណ៍ ។

លោកបន្តទៀតថា ការលក់ដូរនេះ មើលទៅប្រហែលជាមិនរួចខ្លួនទេ ព្រោះនៅថ្ងៃដំបូង សង្កេតឃើញអត់សូវមានអតិថិជនចូលមកទិញច្រើនប៉ុន្មានទេ ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ខាងលោកនឹងរង់ចាំមើលថ្ងៃបន្តបន្ទាប់ទៀត ក្រែងមានអតិថិជនចូលមកទិញច្រើន បើលក់ដាច់ អាចនឹងចំណេញខ្លះៗដែរ ៕