About Me

header ads

អាចឈ្នះទេ? សុខធី ហៅកាកា ប៉ះប្រុសស្អាតវៀតណាម ដៃគូចាស់ធ្លាប់បំបាក់ពេជ្រម្ទេសខ្មាំងត្រឹមទឹកទី១

អាចឈ្នះទេ? សុខធី ហៅកាកា ប៉ះប្រុសស្អាតវៀតណាម ដៃគូចាស់ធ្លាប់បំបាក់ពេជ្រម្ទេសខ្មាំងត្រឹមទឹកទី១ 

សុខ ធី ហៅកាកា នឹងត្រូវឡើងសង្វៀន ONE Championship សារជាថ្មីម្តងទៀតក្រោយខកខានរយៈពេលយូរ ហើយដៃគូគេលើកនេះរឹតតែខ្លាំងជាងលើកមុនទៀតដោយគេម្នាក់នោះជាកីឡាករវៀតណាមឈ្មោះថា Nguyen Tran Duy Nhat។ បងប្អូនច្បាស់ជានៅចាំមិនភ្លេចទេពីរន្ទះជើងពិឃាតរបស់កីឡាករវៀតណាមម្នាក់នេះដែលបានទាត់ ពេជ្រ ម្ទេសខ្មាំងឲ្យសន្លប់ត្រឹមទឹកទី១ប៉ុណ្ណោះនៅសង្វៀន WLC នៅសហភាពមីយ៉ាន់ម៉ា។ សុខ ធី ទើបតែយកឈ្នះកីឡាករថៃម្នាក់នៅសង្វៀនលុម្ភិនីនៅប្រទេសថៃ។

នៅពេលនេះអ្នកប្រដាល់មកពីបន្ទាយមានជ័យរូបនេះនឹងត្រូវឡើងសង្វៀនតតាំងជាមួយជើងខ្លាំងវៀតណាមដែលល្បីខាងប្រើក្បាច់ទាត់បំបាក់គូប្រកួតអស់ជាច្រើននាក់មកហើយ។ បើយើងក្រលេកមកមើលស្ថិតិរបស់កីឡាករម្នាក់នេះមានតិចជាង សុខ ធី ទេ ប៉ុន្តែកំណត់ត្រាគេពិតជាល្អខ្លាំងណាស់។ ប្រវត្តិប្រកួតនៅសង្វៀន ONE ២លើកចុងក្រោយវាយគូប្រកួតឲ្យសន្លប់ទាំង២ដង។ បើនៅសង្វៀន WLC ២ប្រកួតចុងក្រោយឈ្នះទាំង២ទៀតគឺឈ្នះកីឡាករម៉ាឡេស៊ីដោយពិន្ទុជាឯកច្ឆ័ន្ទ និងវាយ ពេជ្រ ម្ទេសខ្មាំង របស់យើងឲ្យសន្លប់នៅទឹកទី១ដោយប្រើពេលត្រឹមតែ ២នាទីនិង១៣វិនាទីប៉ុណ្ណោះ។

កីឡាកររូបនេះទទួលជោគជ័យយ៉ាងខ្លាំងក្នុងអាជីពប្រដាល់របស់គេក្នុងវ័យមុន៣០ឆ្នាំដោយគេធ្លាប់ឈ្នះក្នុងកម្មវិធីរបស់សហព័ន្ធគុនថៃពិភពលោកចំនួន៥ដង, ឈ្នះជើងឯក Uni Super Championship Tournament ម្តង, ឈ្នះបានមេដាយសំរិទ្ធមួយគ្រឿងក្នុងកម្មវិធី IFMA World Muaythai Championship ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម, ធ្លាប់ឈ្នះមេដាយប្រាក់១គ្រឿងនៅស៊ីហ្គេមឆ្នាំ២០០៩នៅប្រទេសឡាវ លើវិញ្ញាសាប្រដាល់សេរីទម្ងន់៥៧គីឡូក្រាម រួចនៅស៊ីហ្គេម២០១៣ នៅសហភាពមីយ៉ាន់ម៉ា និង២០១៧នៅប្រទេសម៉ាឡេស៊ី គេឈ្នះមេដាយសំរិទ្ធទាំង២លើកលើវិញ្ញាសារប្រដាល់សេរីទម្ងន់៥៧គីឡូក្រាមដដែល, ក៏ធ្លាប់ចូលរួម Asian Beach Game ២លើកផងដែរក្នុងឆ្នាំ២០១៤ និង ២០១៦ ហើយឈ្នះមេដាយមាសទាំង២លើកក្នុងប្រភេទទម្ងន់ចន្លោះ៦០-៦៣គីឡូក្រាម និងឈ្នះមេដាយមាស១គ្រឿងទៀតនៅកម្មវិធី Asian Indoor and Martial Arts Games ក្នុងឆ្នាំ២០១៣។

នេះនៅមិនទាន់រាប់ពីកំណត់ត្រានៅក្នុងស្រុករបស់គេផង។ ចំណែក សុខធី ហាក់បីដូចជាធ្លាក់ចុះទម្រង់បន្តិចមួយរយៈចុងក្រោយនេះ ប៉ុន្តែបាននឹងកំពុងតែព្យាយាមហ្វឹកហាត់ដើម្បីស្តារមុខមាត់ឡើងវិញនៅក្លិបក្នុងប្រទេសថៃ ហើយនៅទីនោះ សុខ ធី កំពុងតែផ្តោតខ្លាំងទៅលើការហាត់យកស៊ុហ្វ និងបច្ចេកទេសថ្មីៗដើម្បីត្រៀមទប់ទល់ជាមួយជើងខ្លាំងវៀតណាមនោះ។ អ្នកទាំង២មានកម្ពស់ប្រហាក់ប្រហែលគ្នា និងទម្ងន់ចន្លោះ៦០-៦១គីឡូក្រាមដូចគ្នា ហើយក៏ធ្លាប់ឆ្លងកាត់បទពិសោធន៍ប្រកួតនៅសង្វៀន ONE និង WLC ដូចគ្នាផងដែរ។

យ៉ាងណាមិញ សុខ ធី ប្រកួត២លើកចុងក្រោយនៅសង្វៀន ONE គឺធ្វើបានមិនល្អទេដោយគេចាញ់ Rodtag ត្រឹមទឹកទី២ និងបន្តចាញ់ពិន្ទុកីឡាករថៃ លឿតសិលា ភូកេត ម្តងទៀត។ ការប្រកួតរបស់អ្នកទាំង២នេះនឹងត្រូវធ្វើឡើងជាផ្លូវការនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០ខាងមុខនេះនៅក្នុងកម្មវិធីបេះដូងវិរបុរស ឬ Heart of Hero ដែលរៀបចំឡើងនៅទីក្រុងហូជីមិញ។ រវាង សុខ ធី និង Nguyen Tran Duy Nhat អ្នកឈ្នះនឹងមានភាគរយខ្ពស់ក្នុងការឡើងប្រកួតដណ្តើមខ្សែក្រវ៉ាត់ ONE នៅប្រកួតក្រោយ។