About Me

header ads

កសិករខ្លះនាំគ្នាសម្រុកដាំដើមដំឡូងមី ដោយសម្រាកដកមើមមួយ:ពេល ខណ:ស្តង់ខ្លះផ្អាកទិញ ស្តង់ខ្លះទិញក្នុងតម្លៃថោក

ខេត្តប៉ៃលិន ៖ បន្ទាប់ពីមានករណីផ្ទុះជម្ងឺកូរ៉ូណា ឬកូវីដ១៩ ដែលធ្វើឱ្យឆ្លងរាលដាលស្ទើរតែ ពាសពេញពិភពលោក ក៏ដូចជាប្រទេសកម្ពុជា រហូតដល់ភាគីវៀតណាម និងថៃបិទច្រកទ្វារអន្តរជា តិ មួយចំនួន ធ្វើឱ្យឈ្មួញមានការផ្អាកនាំចេញនូវកសិផល ដូចជាពោតក្រហម ស្វាយកែវរមៀត និងដំឡូងមី ជាដើម ។ ប៉ុន្តែ នៅក្នុងស្តង់ដំឡូងមីខ្លះ ឈ្មួញបន្តទិញដែរ តែក្នុងតម្លៃទាបជាងមុន ទើបធ្វើឱ្យកសិករផ្អាកការប្រមូលផល ក៏នាំគ្នាសម្រុកដាំដើមដំឡូងវិញ ខណ:មានភ្លៀង២ទៅ៣មេ ដែលធ្វើឱ្យសើមដីចម្ការរបស់ខ្លួន ។

ជាក់ស្តែងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៣១ មីនា ២០២០ មានកសិករ ម្នាក់ ឈ្មោះ ភាព ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅក្រុងប៉ៃលិន បានជួលកម្មករជិត១០នាក់ ឱ្យដើរដាំដើមដំឡូងមី ក្នុងចម្ការរបស់ខ្លួនចំនួន៤ហិកតា ក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

បុរសជាម្ចាស់ចម្ការ បានឱ្យភ្នាក់ងារព័ត៌មានយើងដឹងថា គាត់បានដាំដំឡូងមីចំនួន៩ហិកតា ដោយបានជួលកម្មករឱ្យប្រមូលផល បានចំនួន៤ហិកតា ហើយបានដឹកលក់បានចំនួនប្រហែល៦០តោនដែរ ។ គាត់បន្តទៀតថា ពេលកំពុងប្រមូលផល ដំឡូងមីលក់បានថ្លៃ ដោយឈ្មួញទិញ ក្នុង១គីឡូក្រាម តម្លៃ២បាត (ប្រាក់ថៃ) លុះក្រោយពីមានបញ្ហាផ្ទុះជម្ងឺកូរ៉ូណា ហៅកូវីដ១៩ ស្រាប់តែនៅតាមស្តង់ដំឡូងមួយចំនួនអត់មានឈ្មួញទិញនោះទេ ។ រីឯតម្លៃ ក៏មានការធ្លាក់ចុះជាងមុនដែរ ដោយឈ្មួញទិញត្រឹមតែ១គីឡូក្រាម តម្លៃ១.៥បាត (ប្រាក់ថៃ) ប៉ុណ្ណោះ ។

គាត់បន្តទៀតថា ពេលឃើញតម្លៃចុះទាបដូច្នេះ គាត់ក៏ផ្អាក ក្នុងការប្រមូលផលបន្តិចសិន ដោយសង្កេតឃើញដីចម្ការរបស់ ខ្លួនត្រូវភ្លៀង២ទៅ៣ដង ទើបជួលឱ្យត្រាក់ទ័រភ្ជួរដីពូនរង រួចក៏ជួលកម្មករចូលទៅដាំជាបណ្តើរៗ គឺម៉ៅឱ្យគេដាំ ក្នុង១ហិកតា តម្លៃ២៥ម៉ឺនរៀល ។ គាត់បញ្ជាក់ទៀតថា កាលពីឆ្នាំ២០១៩ ដីចម្ការរបស់គាត់ទាំង៩ហិកតា គឺដាំដំឡូងមីទាំងអស់ លុះមកដល់ឆ្នាំ២០២០នេះ គាត់មិនប្តូរដាំដំណាំអ្វីផ្សេងទៀតនោះទេ គឺរក្សាដើមដំឡូងទុកដាំឡើងវិញទាំងអស់ ព្រោះបើដាំពោត ក៏តម្លៃទីផ្សារធ្លាក់ចុះដូចគ្នា លុះពេលទិញគ្រាប់ពូជ យកមកដាំអស់ថវិកាច្រើន ពេលលក់ក៏មិនសូវចំណេញប៉ុន្មានដែរ ។ តែបើដាំដំឡូងមី គាត់មានដើមខ្លួនឯងស្រាប់ គ្រាន់តែកាប់ដាក់ដាំ នោះមិនត្រូវចំណាយអស់ដើមទុនច្រើននោះឡើយ ។

ចំណែកបុរសម្នាក់ ឈ្មោះ វួន កែវ អាយុ៤០ឆ្នាំ ជាកម្មករស៊ីឈ្នួលដាំដំឡូងមី មកពីខេត្តកំព ង់ធំ មានគ្នាចំនួន៧នាក់ ដោយធ្វើការ ដាំដំឡូងមីឱ្យម្ចាស់ចម្ការខាងលើ បានរយ:ពេល១អាទិត្យមកហើយ គឺម៉ៅគេដាំ ក្នុង១ហិកតា តម្លៃ២៥ម៉ឺនរៀល លុះបែងចែកប្រាក់គ្នា ក្នុង១ថ្ងៃ អាចសល់បានថវិកាក្នុងម្នាក់ចំនួន៣០០០០ទៅ៤០០០០រៀលដែរ ។ គាត់បន្តទៀតថា ពេលល្ងាច ពួកគាត់នាំគ្នាស្នាក់នៅដាំបាយហូបក្នុងរោងចាំចម្ការ ពេលដាំដំឡូងមីឱ្យថៅកែមួយអស់ ពួកគាត់នឹងបន្តទៅដាំឱ្យអ្នកផ្សេងទៀត ។ លើសពីនេះ នៅពេល ដែលគេបើកច្រកទ្វារអន្តរជាតិវិញ ហើយតម្លៃទីផ្សារដំឡូងមីឡើងខ្ពស់ជាងនេះ គាត់នឹងបន្តដើរដកតាមចម្ការនីមួយៗ រហូតដល់អស់ ។ គាត់បញ្ជាក់ថា នៅឯស្រុកកំណើត ខែនេះ ទំនេរពីការធ្វើស្រែ ទើបនាំប្រពន្ធកូនបងប្អូន ដើរស៊ីឈ្នួលគេនៅតាមចម្ការក្នុងខេត្តប៉ៃលិន រហូតដល់មានភ្លៀងធ្លាក់ជោកជាំ មានទឹកគ្រប់គ្រាន់ ទើបត្រឡប់ទៅភ្ជួររាស់ដីព្រោះស្រូវធ្វើស្រែឡើងវិញ ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅតាមចម្ការដំឡូងមីមួយចំនួន ម្ចាស់មិនទាន់ប្រមូ លផលនៅឡើយយទេ ដោយរង់ចាំតម្លៃទីផ្សារខ្ពស់ជាងនេះបន្តិច ហើយកន្លែងខ្លះទៀត ក៏មិនទាន់ដាំដើមនៅឡើយដែរ ដោយរង់ចាំមើលទឹកភ្លៀងបន្តិចទៀតសិន ក្រែងដាក់ដាំទៅ រាំងភ្លៀងរយ:ពេលយូរ អាចបណ្តាលឱ្យងាប់ លំបាកក្នុងការរកកម្មករដាំម្តងទៀត ៕