About Me

header ads

អាជីវករនៅក្បែរច្រកព្រំដែនត្អូញត្អែរថា ស្ងាត់ម៉ូយ អត់សូវមានអ្នកទិញ បន្ទាប់ពីថៃបិទច្រកទ្វារអន្តរជាតិព្រំ ខណ:ផ្ទុះជម្ងឺកូវិដ១៩

ខេត្តប៉ៃលិន ៖ រហូតមកដល់រសៀលថ្ងៃទី២៩ មីនា ២០២០ ក្រោយពីមានការផ្ទុះ ករណីជម្ងឺកូវីត១៩ ស្របពេល ដែលខាងភាគីថៃបិទច្រកទ្វារអន្តរជាតិ បានប៉ាកាត ភូមិប៉ាកាត ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បូរី ជាប់នឹងព្រំប្រទល់ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ អស់រយ:ពេលជាច្រើនថ្ងៃកន្លងមក ធ្វើឱ្យអាជីវករលក់ដូរជាច្រើន បាននាំគ្នាត្អូញត្អែរថា ស្ងាត់ភ្ញៀវជាងមុន អត់សូវមានអតិថិជន ចូលទិញនំចំណី ម្ហូបអាហារ ដែលពួកគាត់លក់ដូរសព្វដងនោះឡើយ ។ ចំណែកកាស៊ីណូក៏អត់សូវមានភ្ញៀវ ចូលលេងដូចពីមុនដែរ ព្រោះជនជាតិថៃ ភាគច្រើនត្រឡប់ទៅ ស្រុកកំណើតគេវិញ ។ 

បើតាមប្រភពព័ត៌មាន ពីបុរសម្នាក់ ឈ្មោះ ស៊ឹម វែង អាយុ៦៣ឆ្នាំ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា គាត់តែងតែបើកបរម៉ូតូរ៉ឺម៉កកង់បីដឹកនំចំណី ដូចជា តែគុជ តែបីតង អូវ៉ាន់ទីន និងកាហ្វេជាដើម យកទៅចតដាក់លក់នៅលើចិញ្ចើមផ្លូវក្បែរកាស៊ីណូ ជាប់ព្រំដែន ដោយពីមុន ក្នុង១ថ្ងៃ គាត់អាចរកបានប្រាក់ចំណូលបានរហូតដល់១៥ទៅ២០ម៉ឺនរៀល ។ ប៉ុន្តែ បន្ទាប់ពីផ្ទុះករណីមេរោគកូវិដ១៩ ហើយខាងថៃបិទច្រកទ្វារអន្តរជាតិថែមទៀត ធ្វើឱ្យស្ងាត់ភ្ញៀវយ៉ាងខ្លាំង ដោយបច្ចុប្បន្ននេះ គាត់អាចលក់ដូរ បានត្រឹមតែ៥ទៅ១០ម៉ឺនរៀល ក្នុង១ថ្ងៃប៉ុណ្ណោះ ជួនកាលក៏បានតិចជាងនេះដែរ ។

បើតាមប្រភពព័ត៌មានពីស្រ្តីម្នាក់ ឈ្មោះ ស្រី អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិផ្សារព្រំ បានឱ្យដឹង ដែរថា គាត់លក់ផ្លែឈើគ្រប់មុខ លក់ចំណិតម្ជូរស្វាយខ្ចី និងលក់ឥវ៉ាន់ចាប់ហួយជាច្រើន ដោយសង្កេតឃើញថា ទំនិញរបស់គាត់ មានការសល់ ក្នុងរយ:ពេលច្រើនថ្ងៃ ទើបលក់អស់ ពោលគឺមិនដូចកាលពីមុននោះឡើយ ដោយក្នុង១ថ្ងៃៗ លក់ដាច់អស់ៗ តែម្តង ។ គាត់បន្តទៀតថា តាំងពីព្រឹករហូតដល់ល្ងាច សង្កេតឃើញមានម៉ូយចូលទិញឥវ៉ាន់ក្នុងតូបគាត់ តិចតួចជាងបំផុត ជាពិសេស អត់សូវមានភ្ញៀវជនជាតិថៃ ចូលមកលេងកាស៊ីណូដូចពីមុនឡើយ ស្របពេលដែលច្រកទ្វារអន្តរជាតិត្រូវបានគេបិទ មិនអនុញ្ញាតិឱ្យភ្ញៀវឆ្លងកាត់ ចេញចូលទៅមកដូចកាលពីមុន ។

ស្រ្តីម្នាក់ ឈ្មោះ សុខ ជា អាយុ៣៩ឆ្នាំ ប្រកបរបរលក់ប្រហិតចៀន បានឱ្យដឹងដែរថា កាលពី មុន គាត់លក់ប្រហិត បានចាប់ពី៥០ ទៅ៦០ម៉ឺនរៀល ក្នុង១ថ្ងៃ ។ ប៉ុន្តែ ឥឡូវនេះ មានការថយចុះ ខ្លាំង ដោយលក់បានត្រឹមតែ១០ទៅ២០ម៉ឺន ក្នុង១ថ្ងៃប៉ុណ្ណោះ ។ គាត់បន្តទៀតថា ករណីជម្ងឺកូវិត១៩ ពិតជាប៉ះពាល់ខ្លាំង ដល់ការរកស៊ីរបស់គាត់ ហើយមិនដឹងជាពេលណា ទើបគេបើកច្រកទ្វារអន្តរជាតិនេះឡើងវិញនោះទេ បើសិនជានៅតែបិទបន្តបែបនេះ ប្រហែលជាលំបាកក្នុងរកស៊ីលក់ដូរម្ហូបអាហារជាក់ជាមិនខាន ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ មន្រ្តីច្រកទ្វារអន្តរជាតិព្រំ បានឱ្យដឹងដែរថា ថៃបិទច្រកទ្វារខាងគេ មិនអនុញ្ញាតិឱ្យឆ្លងកាត់ទៅមកដូចពីមុននោះឡើយ ដោយសារតែគេបារម្ភពីបញ្ហាឆ្លងជម្ងឺកូវីត១៩ ដោយមិនដឹងជា ពេលណាទើបគេបើកឱ្យដំណើរការ ដូចដើមវិញនោះទេ ។ ទាល់តែជម្ងឺមួយនេះ មានការថយចុះ ឬលេងឆ្លងរាលដាលបន្តទៀត ទើបគេបើកឱ្យដំណើរការឡើងវិញ ។ ប៉ុន្តែ បើមាន ពលករខ្មែរឆ្លងដែនមកពីប្រទេសថៃ គឺគេអនុញ្ញាតិឱ្យចូលមកខ្មែរ ដោយមានអាជ្ញាធរខ្មែររង់ចាំទទួល និងពិនិត្យសុខភាពមុននឹងឱ្យធ្វើដំណើរបន្តទៅផ្ទះរៀងៗខ្លួន ៕