About Me

header ads

ស្រ្តីឆ្លងទន្លេ អ្នកជំងឺរបេង និងអ្នកជំងឺទូទៅ នៅមន្ទីរពេទ្យបង្អែកកោះញែក ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយលោកស្រី ដួច ដារ៉ា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនស្រី្តឆ្លងទន្លេ អ្នកជំងឺរបេង និងអ្នកជំងឺទូទៅ នៅមន្ទីរពេទ្យបង្អែកកោះញែកចំនួន ២៥នាក់ និងបានឧបត្ថម្ភថវិកាមួយចំនួន ផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ប៉ើងដំបូលផ្ទះ ១ខ្នង ស្ថិតនៅឃុំស្រែសង្គម ស្រុកកោះញែក នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។




លោកស្រី ដួច ដារ៉ា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះស្រី្តឆ្លងទន្លេ អ្នកជំងឺរបេង អ្នកជំងឺទូទៅទាំង ២៥នាក់ និងគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ប៉ើងដំបូលផ្ទះ១ខ្នង ដោយទឹកចិត្តសោមនស្សរីករាយ និងក្តីនឹករឭកជាទីបំផុត។ លោកស្រី បន្ថែមថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជានិច្ចកាល សម្តេចតែងតែគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ពិសេស សុខភាពមាតា ទារក និងកុមារ នៅគ្រប់ទីកន្លែង។ ជាក់ស្តែង សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា បានយកចិត្តទុកដាក់ចុះសួរសុខទុក្ខជាប្រចាំ និងនាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនផ្ទាល់ដៃដល់ចាស់ជរាគ្មានទីពឹង ជនទីទ័លក្រ ស្រី្ត មេម៉ាយក្រីក្រ អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។ លោកស្រី ដួច ដារ៉ា  បានសម្ដែងនូវការកោតសរសើរចំពោះលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកកោះញែក ដែលបានខិតខំយកអស់កំលាំងកាយចិត្ត និងបានយកចិត្តទុកដាក់ក្នុងការព្យាបាលប្រជាពលរដ្ឋ និងមើលថែស្ត្រីដែលបានមកសម្រាលកូននៅមណ្ឌលសុខភាពនេះ។





លោកស្រី បានសំណូពរដល់ស្រ្តីសម្រាលកូន រួមទាំងអ្នកជំងឺទូទៅទាំងអស់ ត្រូវថែរក្សាអនាម័យអោយបានល្អ និងឧស្សាហ៍លាងដៃនឹងសាប៊ូឱ្យបានជាប្រចាំ ពិសេស ត្រូវពិសារថ្នាំឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីអោយខ្លួនឯង និងកូនមានសុខភាពល្អ និងឆាប់ជាសះស្បើយ ក្នុងការទៅប្រកបមុខរបរចិញ្ចឹមជីវិត។ សូមបញ្ជាក់ថា អំណោយដែលបានឧបត្ថម្ភជូនដល់ស្រ្តីឆ្លងទន្លេ អ្នកជំងឺរបេង និងអ្នកជំងឺទូទៅ សរុបចំនួន ២៥នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ ឃីតសម្រាប់ទារក ១កញ្ចប់  និងមុងទារកចំនួន១ និងថវិកាមួយចំនួន ដោយឡែកចំពោះ គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ប៉ើងដំបូលផ្ទះ ១គ្រួសារ និងជាស្រ្តីមេម៉ាយ ទទួលបានថវិកាមួយចំនួនផងដែរ៕