About Me

header ads

គ្រូអង្គរថាយហ្គ័រតាមដានការលេងរបស់ក្រុមទ័ពតាំងពីប្រកួតដំបូងឃើញថាមានភាពវិវត្តន៍បានល្អជាងរដូវកាលមុន

លោក អូរីយ៉ូល ម៉ូហេដាណូ គ្រូបង្គោលក្រុមអង្គរថាយហ្គ័របានប្រាប់មកកាន់ក្រុមការងារព័ត៌មានកីឡាប៉ុស្តិ៍លេខ៥ថា ក្រុមទ័ពមានទម្រង់លេងល្អបើប្រៀបនឹងរដូវកាលមុន។ លោកហ៊ាននិយាយបែបនេះ ពីព្រោះលោកបានតាមដានទម្រង់លេងរបស់ពួកគេតាំងពីប្រកួតដំបូង។ លោកសរសេរទម្រង់លេងរបស់ពួកគេពេលយកឈ្នះអាស៊ីអឺរ៉ុបយ៉ូណាយធីត 2-0។ ហើយទោះបីជាលេងចាញ់ស្វាយរៀង 2-0 កាលពីសប្តាហ៍មុនមែន ប៉ុន្តែលោកមើលឃើញតិចនិកលើទីលានរបស់ក្រុមទ័ពទល់នឹងក្រុមខ្លាំងដូចស្វាយរៀងមានភាពអស្ចារ្យ និងជក់ចិត្ត។ លោកជឿថា ប្រសិនបើក្រុមទ័ពអាចរក្សានូវអ្វីដែលពួកគេកំពុងតែធ្វើនេះ ទម្រង់របស់ក្រុមនេះនឹងចាប់ផ្តើមវិវត្តទៅរកភាពល្អប្រសើរឡើងវិញពីមួយសប្តាហ៍ទៅមួយសប្តាហ៍ហើយពួកគេនឹងត្រឡប់មករកការប្រជែងពានលីគកំពូលវិញឆាប់ៗនេះ។ គ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះនៅតែផ្តល់ក្តីគោរពដល់គូប្រកួតរបស់ខ្លួន ដោយផ្អែកលើបទពិសោធន៍ និងប្រវត្តិដែលក្រុមទ័ពធ្លាប់ឆ្លងកាត់ ពិសេសការឈ្នះពានសម្តេចតេជោដល់ទៅ៣សម័យរបស់ក្រុមមួយនេះ។ ទោះយ៉ាងនេះក្តី លោក អូរីយ៉ូល ម៉ូហេដាណូ នៅតែសង្ឃឹមយ៉ាងមុតមាំថា ក្រុមរបស់លោកគឺជាក្រុមដែលទំនងជាអាចរក៣ពិន្ទុជាងក្រុមទ័ពនៅថ្ងៃអាទិត្យនេះ ពីព្រោះលោកទុកចិត្តលើកីឡាកររបស់លោកថាពួកគេនឹងធ្វើដើម្បីកិត្តយសរបស់ពួកគេ និងដើម្បីអ្នកគាំទ្រដែលតែងតែមកគាំទ្រផ្ទាល់ដល់កីឡដ្ឋានក្នុង១ប្រកួតៗមិនក្រោមខ្ទង់ពាន់នាក់ឡើយ។ សូមបញ្ជាក់ថា ក្រុមបាល់ទាត់អង្គរថាយហ្គ័រនឹងបើកទ្វារផ្ទះខ្លួននៅកីឡដ្ឋាន SRU ស្វាគមន៍សមាគមកីឡាកងយោធពលខេមរភូមិន្ទ Tiffy ARMY FC នៅថ្ងៃអាទិត្យទី៨ ខែមីនា ខាងមុខនេះដោយការប្រកួតចាប់ផ្តើមឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល។ សម្រាប់ប្រវត្តិជួបគ្នានៅរដូវកាលមុនក្រុមអង្គរថាយហ្គ័រឈ្នះទ័ព 3-1 ក្នុងទឹកដីរបស់ខ្លួន និងស្មើគ្នា 1-1 នៅកីឡដ្ឋានស្តាតចាស់។