About Me

header ads

លន បញ្ញា ស្រណោះខ្លួនពេលជិះម៉ូតូចូលប៉ុស្តិ៍លេខ៥

លន បញ្ញា ស្រណោះខ្លួនពេលជិះម៉ូតូចូលប៉ុស្តិ៍លេខ៥

ជើងឯករងសង្វៀន K-Cement របស់ប៉ុស្តិ៍លេខ៥ ចំនួន២រដូវកាលជាប់គ្នាកីឡាករ លន បញ្ញា បានឡើងជាន់សង្វៀននេះសារជាថ្មីម្តងទៀតហើយក្រោយខកខានជាង១ឆ្នាំក្រោយចាញ់ លាភ រដ្ឋា នៅវគ្គផ្តាច់ព្រ័ត្រក្នុងរដូវកាលទី៣។

កាលពីសប្តាហ៍មុន លន បញ្ញា បានឡើងសង្វៀនប្រកួតជាមួយជើងខ្លាំងថៃកីឡាករ លំ លេង ដោយកូនសិស្សលោកគ្រូ ធន់ សុភា រូបនេះបានយកឈ្នះពិន្ទុទាំងប្រផិតប្រផើយ។ យ៉ាងណាមិញ ក្រោយចុះពីសង្វៀនវិញ បញ្ញា បានប្រាប់ក្រុមការងារព័ត៌មានកីឡាប៉ុស្តិ៍លេខ៥ថា ខ្លួនពិតជាស្រណោះខ្លាំងណាស់ពេលជិះម៉ូតូចូលមកប៉ុស្តិ៍លេខ៥មុនប្រកួតប្រហែល១ម៉ោង។ គេបាននឹកឃើញកាលខ្លួនធ្លាប់មកប្រកួតនៅទីនេះតាំងពីនៅទម្ងន់ទម្ងន់៥៧គីឡូក្រាម។

បញ្ញា រឹតតែស្រណោះខ្លាំងទៀតពេលខ្លួនមកប្រកួតនៅទីនេះដល់ទៅ២រដូវកាលជាប់គ្នា ប៉ុន្តែបែរជាបានត្រឹមរងជើងឯកប៉ុណ្ណោះដោយគេជឿថា គេគ្មានសំណាងល្អឡើយជាមួយសង្វៀនប៉ុស្តិ៍លេខ៥។ បញ្ញា ក៏បានប្រាប់ទៀតថា ខ្លួននៅតែមិនអស់ចិត្តនឹងខ្លួនឯងដែលខំប្រឹងតស៊ូឈ្នះវគ្គជម្រុះតាំងពីជុំទី១ដល់វគ្គផ្តាច់ព្រ័ត្រដល់ទៅ២រដូវកាលជាប់គ្នា ប៉ុន្តែបែរជាភ្លាត់តែបន្តិចៗប៉ុណ្ណោះធ្វើឲ្យរបូតពានរង្វាន់ជើងឯក និងទឹកប្រាក់ដ៏ច្រើនសន្ធឹកទៅគូប្រកួតរបស់ខ្លួនដែលគ្មានលក្ខណៈត្រង់ណាលើសខ្លួនឡើយ។ បញ្ញា នៅតែគិតថាវាជារឿងសំណាងអាក្រក់ទើបធ្វើឲ្យខ្លួនបរាជ័យដល់ទៅ២ដងជាប់គ្នាកាលពីរដុវកាលទី២ និងទី៣។

អ្នកប្រដាល់គុនខ្មែរមកពីខេត្តព្រៃវែងម្នាក់នេះនៅតែព្យាយាមជម្នះនឹងសំណាងអាក្រក់របស់ខ្លួននៅប៉ុស្តិ៍លេខ៥ ហើយជឿថា ប្រសិនបើមានឱកាសអាចចូលរួមប្រកួតដណ្តើមពានម្តងទៀតនោះ ខ្លួនដាក់ក្តីរំពឹងរហូតដល់ទៅ៨០%ថានឹងអាចគ្រងជើងឯកបានមិនឲ្យអ្នកគាំទ្រខកបំណងទៀតឡើយ។ សូមបញ្ជាក់ថា លន បញ្ញា ធ្លាប់ប្រកួតកម្មវិធី Knock Out Series by K-Cement រដូវកាលទី២ និងទី៣ ដោយរដូវកាលទី២ គេប្រកួតចាញ់ពិន្ទុ តាញ់ មករា យ៉ាងប្រកៀកប្រកិតជាទីបំផុត រួចក្រោយមកក៏ភ្លាត់ចាញ់ក្រោមកណ្តាប់ដៃ លាភ រដ្ឋា ម្តងទៀតក្នុងវគ្គផ្តាច់ព្រ័ត្រនៅរដូវកាលទី៣ ធ្វើឲ្យគេខាតបង់អស់ពានរង្វាន់លេខ១ដល់ទៅ២ដង ជាមួយទឹកប្រាក់សរុបដល់ទៅ៤ពាន់ដុល្លារអាមេរិក។

 តាមការឲ្យដឹងពីជំនួយការអ្នករៀបចំកម្មវិធីប្រដាល់ប៉ុស្តិ៍លេខ៥ លន បញ្ញា មានឈ្មោះប្រកួតក្នុងរដូវកាលទី៧ លើប្រភេទទម្ងន់៦៣.៥គីឡូក្រាមនេះដែរ ប៉ុន្តែគ្រូបង្ហាត់សាមីខ្លួនស្នើសុំឲ្យដកបេក្ខភាពវិញ ពីព្រោះពេលនោះ បញ្ញា ត្រូវបានជាប់ឈ្មោះទៅប្រកួតនៅប្រទេសបារាំងដែលជាឱកាសបានឲ្យយុវជនម្នាក់នេះស្គាល់សង្វៀនអន្តរជាតិជាលើកដំបូងក្នុងអាជីពប្រដាល់របស់ខ្លួន និងជាឱកាសបាននាំយកគុនខ្មែរទៅផ្សព្វផ្សាយកាន់តែខ្លាំងនៅទីនោះផង ប៉ុន្តែគួរឲ្យសោកស្តាយដែលកម្មវិធីនោះត្រូវពន្យាពេលវិញធ្វើឲ្យ បញ្ញា ខកខានមិនបានចូលរួមប្រកួតក្នុងរដូវកាលទី៧នេះ ប៉ុន្តែជើងខ្លាំងម្នាក់នេះនៅតែមានឱកាស ប្រសិនបើរដូវកាលក្រោយៗមានការរៀបចំលើប្រភេទទម្ងន់ដែលសក្កិសមនឹងគេ។