About Me

header ads

ចប់បាត់! ព្រោះតែកូរ៉ូណារារាំង សែន រ៉ាដេត មិនឲ្យឡើងសង្វៀនប៉ុស្តិ៍លេខ៥

ចប់បាត់! ព្រោះតែកូរ៉ូណារារាំង សែន រ៉ាដេត មិនឲ្យឡើងសង្វៀនប៉ុស្តិ៍លេខ៥ 

បន្ទាប់ពី សែន រ៉ាដេត ប្រកាសជាផ្លូវការថាខ្លួននឹងវិលត្រឡប់មកកាន់សង្វៀនប្រដាល់វិញនោះ មានអ្នករៀបចំកម្មវិធីប្រដាល់តាមស្ថានីយទូរទស្សន៍ជាច្រើនបានព្យាយាមទាក់ទងអញ្ជើញយករូបគេមកប្រកួត។ អ្នកគាំទ្រជាច្រើនបានចំណាយពេលរបស់ខ្លួនមកទស្សនាផ្ទាល់ដល់សង្វៀនពេលលឺដំណឹងថា សែន រ៉ាដេត ឡើងប្រកួតវិញ។

យ៉ាងណាមិញ រ៉ាដេត ទើបតែឡើងប្រកួតវិញបានប៉ុន្មានប្រកួតប៉ុណ្ណោះក៏ត្រូវបានអ្នករៀបចំកម្មវិធីប្រដាល់ប៉ុស្តិ៍លេខ៥ ទាក់ទងអញ្ជើញមកប្រកួតក្នុងកម្មវិធី TV5 Knock Out Series by K-Cement ហើយសាមីខ្លួនក៏បានយល់ព្រមមកប្រកួតផងដែរ។ ជាអុសល្យ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានអញ្ជើញអ្នករៀបចំកម្មវិធីប្រដាល់ និងអ្នកតំណាងតាមស្ថានីយទូរទស្សន៍ទាំងអស់មកប្រជុំជាបន្ទាប់ដើម្បីពិភាក្សាលើបញ្ហាជំងឺខូវីដ១៩ ដែលកំពុងតែវាយប្រហារវិស័យកីឡាយ៉ាងខ្លាំង។

ជាលទ្ធផលក្រោយកិច្ចប្រជុំនេះ សហព័ន្ធបានសម្រេចផ្អាកប្រកួតគ្រប់សង្វៀនទាំងអស់គិតចាប់ពីថ្ងៃទី២៣ខែមីនានេះទៅ ហើយសហព័ន្ធនឹងជូនដំណឹងតាមក្រោយពីការអនុញ្ញាតឲ្យប្រកួតឡើងវិញ។ ការផ្អាកនេះបានន័យថា វត្តមានរបស់ សែន រ៉ាដេត នៅសង្វៀនប៉ុស្តិ៍លេខ៥ មិនមាននោះទេ ដោយកីឡាករម្នាក់នេះគ្រោងនឹងឡើងប្រកួតនៅថ្ងៃសៅរិ៍សប្តាហ៍ក្រោយចំថ្ងៃទី២៨ ពោលគឺក្រោយថ្ងៃ២៣ដែលសហព័ន្ធចេញបម្រាមធ្វើឲ្យរូបគេខកខានមិនបានឡើងបញ្ចេញក្បាច់គុនរបស់ខ្លួនជូនអ្នកទស្សនានៅសង្វៀនព្រែកកំពឹសឡើយ។ សូមបញ្ជាក់ថា កីឡាករ សែន រ៉ាដេត ប្អូនប្រុសអតីតជើងខ្លាំងគុនខ្មែរ សែន រ៉ាឌី បានបាត់មុខពីសង្វៀនប្រដាល់ជាច្រើនឆ្នាំដោយប្រឡូកចាប់អាជីពជាកីឡាករវ៉ូវីណាម។

ប៉ុន្តែនៅពេលនេះគេបានត្រឡប់មកជាន់សង្វៀនប្រដាល់គុនខ្មែរវិញហើយ និងបានក្លាយជាកីឡាកររបស់ក្លិប ប៉ែន កាក់ គុនខ្មែររបស់លោកគ្រូ ស៊ន អេលីត។ រ៉ាដេត មមាញឹកយ៉ាងខ្លាំងជាមួយការវិលត្រឡប់មកសង្វៀនគុនខ្មែរវិញដោយមានស្ថានីយទូរទស្សន៍ជាច្រើនបានផ្តល់តម្លៃឲ្យរូបគេយ៉ាងខ្លាំង។ ក្នុងនោះស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ក៏បានព្រមព្រៀងជាមួយសាមីខ្លួនផងដែរ តែត្រូវលុបចោលវិញដោយសារត្រូវសហព័ន្ធកីឡាប្រដាល់គុនខ្មែរសម្រេចឲ្យផ្អាកការប្រកួតមួយរយៈសិន។ យ៉ាងណាមិញ អ្នករៀបចំកម្មវិធីប្រដាល់ប៉ុស្តិ៍លេខ៥ នៅតែរក្សាជំហរនាំយកកីឡាកររូបនេះមកប្រកួតលើសង្វៀន K-Cement នៅថ្ងៃខាងមុខក្រោយស្ថានភាពបានធូរស្រាលឡើងវិញ។