About Me

header ads

ក្រោយភ្លៀង១មេធំនៅក្នុងខេត្តប៉ៃលិន កសិករ សម្រុកដកមើមដំឡូងមី ដើម្បីយកដីភ្ជួរដាំបន្តទៀត

ខេត្តប៉ៃលិន ៖ កាលពីពេលថ្មីៗ កន្លងទៅនេះ នៅក្នុងខេត្តប៉ៃលិន មានភ្លៀង១មេយ៉ាងធំ ធ្វើឱ្យសើមដីចម្ការប្រជាពលរដ្ឋស្ទើរតែទាំងអស់ ដោយមានអ្នកខ្លះ ចាប់ផ្តើមដាំពោត និង ដំឡូងមីជាបណ្តើរៗ ។ ចំណែកអ្នកខ្លះទៀត កំពុងតែចាប់ផ្តើមជួលឱ្យកម្មករសម្រុកដកមើមដំឡូងមីនៅក្នុងចម្ការរបស់ខ្លួន ដើម្បីភ្ជួរដីដាក់ដាំសារជាថ្មីបន្តទៀតផងដែរ ។

ជាក់ស្តែងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ មានកសិករម្នាក់ ឈ្មោះ ទុយ សារឿន ភេទប្រុស អាយុ៥៩ឆ្នាំ ប្រពន្ធ ឈ្មោះ ម៉ៅ រ៉ាន អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានពីកសិករ ឈ្មោះ ទុយ សារឿន បានរៀបរាប់ឱ្យដឹងថា គាត់បានដាំដំឡូងមី ចំនួន៣០ហិកតា នៅលើដីចម្ការរបស់ខ្លួន ក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយនៅឆ្នាំ ២០២០នេះ ដំឡូងមីរបស់គាត់ទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុនៗ មិនសូវជាំទឹករលួយ ហើយរហូតមកដល់ដើមខែមីនានេះ គាត់ចាប់ផ្តើមប្រមូលផលជាបណ្តើរៗ ស្របពេលដែលប៉ុន្មានថ្ងៃមុននេះ មានភ្លៀងធ្លាក់១មេយ៉ាងធំទៀត គាត់ក៏បានជួលកម្មករបន្ថែមជាច្រើននាក់ ឱ្យសមុ្រកដកមើមដំឡូងមីទាំងអស់ ដើម្បីចាប់ផ្តើមភ្ជួរដីជាថ្មី ក៏នឹងចាប់ផ្តើមដាំដំឡូងមីឆាប់ៗ ខាងមុខនេះដែរ ។

គាត់បន្តទៀតថា រហូតមកដល់ពេលនេះ ទីផ្សារដំឡូងមី គឺ១គីឡូក្រាម ឈ្មួញទិញថ្លៃ២បាត (ប្រាក់ថៃ) ជាតម្លៃដែលអាចទទួលយកបាន បើទាបជាងនេះ គឺពិតជាមិនរួចខ្លួននោះឡើយ ។ គាត់ក៏បានជួលកម្មករឱ្យកាប់ដើមដំឡូងមីចងបាច់ ក្នុង១បាច់ ឱ្យថ្លៃឈ្នួល២០០រៀល ហើយថ្លៃដកមើម ដំឡូង ក្នុង១តោន ឱ្យថ្លៃឈ្នួល២០០ ទៅ២៥០បាត (ប្រាក់ថៃ) ។ គាត់ក៏ជួលរថយន្តដឹក ក្នុង១តោន គេយកថ្លៃឈ្នួល១២០បាត ដោយដឹកយកទៅលក់នៅតាមស្តង់នានាក្នុងក្រុងប៉ៃលិន ។ 

ចំណែកកម្មករម្នាក់ ឈ្មោះ ប៊ុន រ៉ា ភេទប្រុស អាយុ៣០ឆ្នាំ បានឱ្យដឹងដែរថា គាត់ដកដំឡូងមី គិតជាតោន ក្នុង១តោន ទទួលបានប្រាក់២០០០០រៀលទៅ២៥០០០រៀល បើដំឡូងមីមិនសូវល្អថ្លៃឈ្នួលកាន់តែថ្លៃ ព្រោះលំបាកក្នុងការប្រមូលផល ដោយក្នុង១ថ្ងៃៗ គាត់ទទួលបានប្រាក់កម្រៃចាប់ពី៤០០០០រៀល ទៅ៥០០០០រៀល រួមទាំងការប្រមូលមើមដំឡូងមីដាក់លើរថយន្ត ខាងលោ កគិតថ្លៃផ្សេងបន្ថែមទៀត ។

លុះដល់ពេលប្រមូលផលនៅតាមចម្ការនីមួយៗ អស់ហើយ ខាងលោក ក៏នឹងទៅធ្វើការស៊ីឈ្នួលដាំដើមដំឡូងមីសារជាថ្មីឡើងវិញ ហើយក៏ដាំពោត ពេលមានភ្លៀងធ្លាក់២ទៅ៣មេ រហូតដល់សើមដី ។ តែបើអត់មានភ្លៀងធ្លាក់ទេ គឺរង់ចាំរយ:ពេលយូរ ខាងលោកក៏នឹងទៅរកការងារផ្សេងធ្វើសិន ដើម្បីបានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ៕