About Me

header ads

មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១០ បើកឱ្យសាធារណជនចូលទស្សនាខ្សែភាពយន្តល្បីៗជាង ១៥៧ ចំណងជើង ដោយឥតគិតថ្លៃ

មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១០ បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានប្រកាសថ្ងៃបើកពិធីមហោស្រពជាផ្លូវការក្នុងគម្រប់ខួប ១០ ឆ្នាំរបស់ខ្លួន នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ដោយអនុញ្ញាតឱ្យសាធារណជនទាំងអស់ ចូលរួមទស្សនាការចាក់បញ្ចាំងខ្សែភាពយន្តរហូតដល់ទៅ ១៥៧ ចំណងជើង ដោយឥតគិតថ្លៃ។ នាឱកាសសន្និសីទសារព័ត៌មាននេះ ក៏មានការអញ្ជើញចូលរួមពីលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ជា សុភាព នាយកប្រតិបត្តិមជ្ឍមណ្ឌលបុប្ផាណា  លោក ជៀប សុវិជ្ជា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការផលិតភាពយន្តបរទេស នៅកម្ពុជា និងលោក Cedric Eloy ជាប្រធានមហោស្រពភាពយន្តអន្តរជាតិកម្ពុជា រួមទាំងភ្ញៀវកិត្តិយសដែលជាដៃគូសហការ និងអ្នកសារព័ត៌មានពីស្ថាប័ននានា។





ជាមួយគ្នានេះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ល ដែលនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ គឺជាឱកាសមួយដ៏ល្អក្នុងការទាក់ទាញនូវផលិតករបរទេស និងទស្សនិកជនក្នុងស្រុកអោយកាន់តែមានចំនូនកើនឡើន ក្នុងការគាំទ្រទស្សនាខ្សែភាពយន្តជាតិ និងអន្តរជាតិដែលបានចាក់បញ្ចាំងនៅរោងភាពយន្តនានានៅកម្ពុជា។ នេះជាមូលហេតុមួយដែលក្នុងនាមតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចូលរួមចំណែកយ៉ាងពេញទំហឹងក្នុងការគាំទ្ររយៈពេល ១០ ឆ្នាំកន្លងមកនេះ។





ក្រៅអំពីការជួបជុំរបស់សមិទ្ធករ និងផលិតករឆ្នើមទាំងក្នុងនិងក្រៅស្រុកហើយនោះ ប្រធានមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លោក Cedric Eloy បានបញ្ជាក់ប្រាប់ថា ខ្ញុំបាទរីករាយមែនទែនក្នុងការរៀបចំនូវមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១០នេះ ក្រោមការចាក់បញ្ចាំងខ្សែភាពយន្តពិសេសៗទាំង ១៥៧ ចំណងជើង សុទ្ធសឹងជាខ្សែភាពយន្តដែលចម្រាញ់មកពី ៤៤ ប្រទេស ទាំងគុណភាព និងជាប់ឈ្មោះជាខ្សែភាពយន្តឆ្នើម រួមមានភាពយន្តខ្នាតខ្លី ភាពយន្តខ្នាតធំ ភាពយន្តឯកសារ និងភាពយន្តគំនូរជីវចលល្បីៗជាដើម។ ហើយសាធារណជនក៏អាចចូលរួមកម្សាន្តជាមួយនឹងភូមិ នៅឯផ្សារទំនើប ដែលមានការសម្តែងពិសេសៗ ដូចជាការបញ្ចាំងភាពយន្តហាលវាលដ៏ធំសម្បើម ការប្រគុំតន្រ្តី និងជំនួបជាមួយក្រុមតារាចម្រៀង ការសម្តែងសិល្បៈទស្សនីយភាពរបស់សិល្បករជាតិ និងអន្តរជាតិ ការបង្ហាញនូវឧបករណ៍ថតភាពយន្តប្រកបដោយជំនាញខ្ពស់ និងបទបង្ហាញស្តីពីបច្ចេកទេស ជំនួបជាមួយនឹងអ្នកដឹកនាំខ្សែភាពយន្ត និងតារាសម្តែងក្នុងខ្សែភាពយន្ត និងការពិសារអាហារ និងភេសជ្ជៈបែបខ្មែរ-បរទេស ប្រកបដោយបរិយាកាសរីករាយ។




សូមបញ្ជាក់ជូនថា នៅពិធីបើកមហោស្រពដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែមីនា ខាងមុខនេះ លោកអ្នកនឹងបានរីករាយជាមួយនឹងការប្រគុំតន្រ្តីដែលមានវត្តមាន កញ្ញា រ៉េត ស៊ូហ្សាណា ផងដែរ។ ដូច្នេះកុំភ្លេចចូលរួមទស្សនា និងកម្សាន្តឱ្យបានច្រើនកុះករទាំងអស់គ្នា  នៅក្នុងឱកាសព្រឹត្តិការណ៍វប្បធម៌អន្តរជាតិដែលធំជាងគេបង្អស់នៅកម្ពុជា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១០ ប្រចាំឆ្នាំ២០២០ នេះ។

ទស្សនាវីដេអូអំពីព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១០ ដែលនឹងមកដល់នៅពេលឆាប់ៗខាងមុខនេះ
https://www.facebook.com/cambodiaiff/videos/572540890009916/?v=572540890009916

អត្ថបទដោយៈ សំណាង