នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតបានឧបករណ៍សំរាប់កាច់ករម៉ូតូ

ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកធ្វើការឃាត់ខ្លួនក្រោយពីជិះម៉ូតូមួយគ្រឿងឆ្លងកាត់គោលដៅសមត្ថកិច្ចកំពុងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹង នឹងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដកហូតបានឧបករណ៍កាច់កម៉ូតូមួយសម្រាប់និងដកហូតម៉ូតូ មួយគ្រឿង។​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ២០ នាទីយប់ថ្ងៃទី ២ ខែមីនា ឆ្នាំ២០២០ នៅក្បែរសណ្ឋាគារឈូកទិព្វ តាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ម៉ា ណារត័ ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរធ្វើសន្តិសុខក្រុមហ៊ុនឯកជនមួយកន្លែង ស្នាក់នៅម្ដុំពេទ្យកាលម៉ែត សង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។ ចំណែកបក្ខពួកម្នាក់ទៀត ហៅអាស្វិតរត់គេចខ្លួនបាត់។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុននឹងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ចកំពុងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹង និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចកើតហេតុខាងលើ ខណះនោះក៏ប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1W-6597 ឆ្លងកាត់គោលដៅដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានហៅឲ្យឈប់ស្រាប់តែជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ដែលមានឈ្មោះហៅថាអាស្វិតបានលោតពីលើម៉ូតូរត់គេចខ្លួនបាត់នៅសល់តែជនសង្ស័យម្នាក់ឈ្មោះ ម៉ា ណារត័ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននិងឆែកឆេរនៅក្រោមកែបម៉ូតូរកឃើញឧបករណ៍សម្រាប់កាច់កម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ បច្ចុប្បន្នជនសង្ស័យខាងលើរួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការនគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕