About Me

header ads

ឯកឧត្តមបណ្ឌិត ថោង ខុន៖ មន្ត្រីកីឡាត្រូវ ហ៊ានប្រឈម ហ៊ាននិយាយ និង ហ៊ានបង្ហាញការពិត

ឯកឧត្តមបណ្ឌិត ថោង ខុន៖ មន្ត្រីកីឡាត្រូវ ហ៊ានប្រឈម ហ៊ាននិយាយ និង ហ៊ានបង្ហាញការពិត

ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដឹកនាំធ្វើមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារឆ្នាំ២០២០ របស់ NOCC នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានការចូលរួមពីគណៈកម្មាធិការប្រតិបត្តិ NOCC មន្ដ្រីក្រសួងអប់រំ យុវជន និង កីឡា តំណាងសហព័ន្ធកីឡាជាតិទាំងអស់ និង គ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធ ពិសេសសហព័ន្ធកីឡាជាតិ ត្រូវបញ្ឈប់ទស្សនៈអវិជ្ជមានមួយចំនួន ដែលរាំងស្ទះដល់ការអភិវឌ្ឍវិស័យកីឡាជំនាញកម្រិតខ្ពស់ ដូចជាការចាំមើលបំណាំគ្នា ការបន្ទោសគ្នា និងការដាក់បន្ទុកលើគ្នា ដោយខ្វះការទទួលខុសត្រូវជាដើម ។

 ប្រមុខគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបន្តទៀតថា មន្ដ្រីកីឡាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវហ៊ានលើកនូវបញ្ហាប្រឈម ហ៊ាននិយាយ និងហ៊ានបង្ហាញនូវការពិត ដើម្បីធានាការអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់ឲ្យមានប្រសិទ្ធភាព និងទទួលបានផ្លែផ្កាល្អប្រសើរ តាមរយៈការអនុវត្តអភិក្រមដ៏ពិសិដ្ឋរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺការឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់ ។

យ៉ាងណាមិញ តាមការអោយដឹងពីសំណាក់ ឯកឧត្តម វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអោយដឹងថា មហាសន្និបាតខាងលើ គ្រោងប្រព្រឹត្តទៅ ១ថ្ងៃពេញ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី ។ ក្នុងនោះថ្នាក់ដឹកនាំ NOCC បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលសម្រេចបានក្នុងឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការអនុវត្តផែនការមេស៊ីហ្គេម ឆ្នាំ២០២៣ ការប្រកួតលើឆាកអន្ដរជាតិ និងកម្មវិធីអភិវឌ្ឍន៍កីឡាជាតិផ្សេងៗ ។ មិនតែប៉ុណ្ណោះ ក៏មានការបញ្ចេញមតិមួយចំនួន ក្នុងស្មារតីកីឡាជាតិតែមួយ ដើម្បីពង្រឹង និងអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ៕