About Me

header ads

ពិព័រណ៍រូបថតឆ្លុះបញ្ចាំងពីបញ្ហាសង្គម ត្រៀមរៀបចំទ្រង់ទ្រាយធំជាលើកទី២ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នេះ រយៈពេល ៣២ ថ្ងៃ

និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC) នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នឹងរៀបចំពិធីសម្ពោធពិព័រណ៍រូបថតលើកទីពីររបស់ខ្លួន នៅថ្ងៃទី០២  ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ តាមរយៈការរៀបចំសន្និសីទសារព័ត៌មានស្តីពីការប្រកាសបើកពិព័រណ៍រូបថតជាផ្លូវការ ដោយមានការចួលរួមជាកិត្តិយសពី លោក ផន ភារិទ្ធិ សាស្រ្តាចារ្យដឹកនាំគម្រោង លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ និងកញ្ញា សួន ស្រីដែត តំណាងនិស្សិត និងអ្នកសារព័ត៌មានជាច្រើនរូបទៀត។



ពិព័រណ៍រូបថតលើកទីពីរនេះ ត្រូវបានផលិត និងរៀបចំដោយនិស្សិតឆ្នាំទីពីរ ជំនាន់ទី១៨ ក្រោមការដឹកនាំរបស់លោក ផន ភារិទ្ធ ដែលជាគ្រូបង្រៀនថតរូប នៃដេប៉ាតឺម៉ង់ផ្ទាល់។ លោក ផន ភារិទ្ធ បានឲ្យដឹងថាពិព័រណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីដាក់តាំងបង្ហាញស្នាដៃថតរូបរបស់និស្សិត បន្ទាប់ពីពួកគេបានសិក្សាអំពីរបច្ចេកទេសថតរូបមួយឆមាសរួមមក។ គ្រប់រូបថតដែលនឹងដាក់តាំងនោះ នឹងមិនត្រឹមតែឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់និស្សិតប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងឆ្លុះបញ្ចាំងពីស្ថានភាពសង្គមនាពេលបច្ចុប្បន្នផងដែរ។ លោកបានបន្ថែមថា «យើងប្រើរូបភាពជំនួសវីដេអូ ជាសារដើម្បីពញ្ញាក់អារម្មណ៍អ្នកទស្សនាពីសកម្មភាពដែលពួកគាត់ជួបប្រទះរាល់ថ្ងៃ។ បើទោះបីស្នាដៃរបស់និស្សិតមិនសូវជាល្អដូចអ្នកថតរូបអាជីពក៏ដោយ ក៏យើងបានព្យាយាមសម្រិតសម្រាំងឲ្យស្នាដៃទាំងនោះឆ្លុះបញ្ចាំងពីសង្គមវិញ ដោយរូបថតមានលក្ខណៈជាស៊េរីបណ្ដាក់ទៅតាមសាច់រឿងឲ្យអ្នកចូលរួមបានយល់។»



ពិព័រណ៍រូបថតលើកទីពីរនេះ នឹងផ្ដោតសំខាន់ទៅលើប្រធានបទចំនួន ៩ ដែលខុសពីការរៀបចំកាលពីឆ្នាំកន្លងទៅ ដែលមានប្រមាណតែ៣ប្រធានបទតែប៉ុណ្ណោះ។ ប្រធានបទទាំង៩រួមមាន រួមមាន
១. ចំណែកមួយនៃទីក្រុង
២. ឯកសណ្ឋានយើង អត្តសញ្ញាណ
៣. ម្ហូបយើង អត្តសញ្ញាណយើង
៤. ជីវិតបីសម័យកាល
៥. I Am Social Media
៦. ក្រោមលោកតែមួយ វាសនាខុសគ្នា
៧. តើសំរាមមកពីណា?
៨. នាដកាតូច
៩. គេចពីភពងងឹត
គួរបញ្ជាក់ផងដែរថា ការតាំងពិព័រណ៍រូបថតនេះ មានរយៈពេល៣២ថ្ងៃ គិតចាប់ពីថ្ងៃទី០២ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ និងបើកឲ្យចូលរួមទស្សនាដោយសេរីនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅវេលាម៉ោង ៨:៣០ព្រឹក ដល់ម៉ោង៥:០០ល្ងាច ។ នៅក្នុងរយៈពេលបួនសប្តាហ៍នៃការដាក់តាំងរូបថតនេះ ក៏មានសិក្ខាសាលាប្រចាំសប្តាហ៍ ដែលមហាជនអាចចូលរួមបាន។ សិក្ខាសាលាប្រចាំសប្តាហ៍ ទាក់ទងនឹងប្រធានបទដូចជាគន្លឹះក្នុងការថតរូបបែបអាជីវកម្ម កិច្ចពិភាក្សាលើអាជីពនៃអ្នកថតរូប ការណែនាំឲ្យស្គាល់ក្បាច់បាតនៃរបាំខ្មែរ និងបឋកថាទាក់ទងនឹងសុខភាពផ្លូវចិត្តជាដើម។ 





រូបភាពពីៈ DMC Photo Festival