About Me

header ads

ខេម ចាន់ សរសើរសត្រូវចាស់ ជី ឆៃលី គួរតែបានឱកាសប្រកួតជាមួយបរទេសច្រើនជាងនេះ

ខេម ចាន់ សរសើរសត្រូវចាស់ ជី ឆៃលី គួរតែបានឱកាសប្រកួតជាមួយបរទេសច្រើនជាងនេះ

ជី ឆៃលី ដែលតែងតែមានមហិច្ឆតាចង់ប្រកួតជាមួយបរទេសនោះ នៅពេលនេះបានសម្រេចបំណងរបស់ខ្លួនជាលើកទី១ហើយ ប៉ុន្តែវាហាក់បីដូចជាមិនគ្រប់គ្រាន់នៅឡើយសម្រាប់គុនខ្មែរចិត្តសឿងម្នាក់នេះ។ ជី ឆៃលី ធ្លាប់ប្រាប់ក្រុមការងារព័ត៌មានកីឡាប៉ុស្តិ៍លេខ៥ថា ខ្លួនប្រកួតជាមួយកីឡាករខ្មែរដូចគ្នាច្រើននាក់ហើយ ក៏មានបទពិសោធន៍ច្រើនគួរសមដែរ វាគួរតែដល់ពេលដែលអ្នករៀបចំកម្មវិធីប្រដាល់ផ្តល់ឱកាសឲ្យខ្លួនបានឡើងសង្វៀនជាមួយកីឡាករបរទេសហើយ ប៉ុន្តែហាក់បីដូចជាគ្មានភ័ព្វសំណាងជាមួយរឿងនេះសោះ។

ឆៃលី ហាក់បីដូចជាចង់បាក់ទឹកចិត្តបន្តិចដែរ ប៉ុន្តែនៅតែព្យាយាមហ្វឹកហាត់ដោយសង្ឃឹមថាថ្ងៃណាមួយខ្លួននឹងមានឱកាសបានឡើងវាយគូបរទេសដូចគេ ទីបំផុត ជី ឆៃលី ទទួលបានឱកាសពីកម្មវិធីក្នុងស្រុកមួយឡើងវាយគូបរទេសដូចបំណង។ យ៉ាងណាមិញ កីឡាករ ខេម ចាន់ ដែលធ្លាប់ជាសត្រូវរបស់ ឆៃលី ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមទឹកប្រាក់៤ពាន់ដុល្លារនៅសង្វៀនប៉ុស្តិ៍លេខ៥នោះយល់ឃើញថា នៅពេលនេះ ជី ឆៃលី មានសមត្ថភាពគ្រប់គ្រាន់នឹងអាចវាយជាមួយកីឡាករបរទេសហើយ។
ម្ចាស់ជើងឯក Knock Out Series រដូវកាលទី៥រូបនេះបានសរសើរពីកម្លាំងស៊ុហ្វដ៏រឹងមាំរបស់ ជី ឆៃលី និងទឹកចិត្តដ៏ក្លាហានរបស់គេនៅលើសង្វៀនដែលកត្តា២នេះល្មមគ្រប់គ្រាន់ឲ្យគេឡើងវាយគូអន្តរជាតិបាន ហើយ ខេម ចាន់ ជឿថា ជី ឆៃលី គួរតែទទួលបានឱកាសវាយគូអន្តរជាតិច្រើនជាងនេះទៀតដើម្បីឲ្យគេបានទទួលបទពិសោធន៍ច្រើនបន្ថែមទៀត ព្រោះ ខេម ចាន់ មើលឃើញថា ឆៃលី គឺជាធនធានដ៏ល្អមួយសម្រាប់គុនខ្មែរយើងដូចរូបគេផងដែរ។

សូមបញ្ជាក់ថា ខេម ចាន់ និង ជី ឆៃលី ធ្លាប់ក្លាយជាសត្រូវនៅលើសង្វៀនជាមួយគ្នានៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Knock Out Series by K-Cement រដូវកាលទី៥ លើប្រភេទទម្ងន់៥៤គីឡូក្រាមដោយកាលនោះ ខេម ចាន់ បានយកឈ្នះពិន្ទុ ជី ឆៃលី រួចគ្រងទឹកប្រាក់៤ពាន់ដុល្លារ។