About Me

header ads

ទីតាំងឱសថស្ថាននិងគ្លីនិកថែទាំជំងឺចំនួន១៨កន្លែងក្នុងក្រុងស្ទឹងត្រែងត្រូវបានក្រុមការងារប្រយុទ្ធប្រឆាំងជំងឺឆ្លងចុះត្រួតពិនិត្យ!

ស្ទឹងត្រែងៈ អនុប្រធានមន្ទីរសុខាភិបាលនិងជាប្រធានប្រយុទ្ធប្រឆាំងជំងឺឆ្លងខេត្តស្ទឹងត្រែងនៅរសៀលថ្ងៃទី៣០មីនា២០២០នេះបានដឹកនាំក្រុមការងារសុខាភិបាល សហការជាមួយព្រះរាជអាជ្ញា សាលាក្រុង កម្លាំងនគរបាលនិងកំលាំងអាវុធហត្ថបានចុះត្រួតពិនិត្យតាមឱសថស្ថាន គ្លីនិក បន្ទប់ថែទាំ នៅក្នុងក្រុងស្ទឹងត្រែងចំនួន១៨កន្លែង ដើម្បីពិនិត្យរកមើលនៃការលួចលាក់លក់តេស្តរហ័ស និងថ្នាំខុសច្បាប់ សម្រាប់ព្យាបាលជំងឺកូវិដ-១៩ និងការលក់អាកុលមិនមានប្រភពច្បាស់លាស់ ព្រមទាំងណែនាំដល់គ្លីនិកបន្ទប់ពិគ្រោះ និងបន្ទប់ថែទាំអោយអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ស្តីពីការមិនអនុញ្ញាតអោយព្យាបាលជំងឺកូវិដ-១៩ នៅសេវាឯកជនជាដាច់ខាត។

លោក ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលនិងជាប្រធានប្រយុទ្ធជំងឺឆ្លងខេត្តបានណែនាំទៅកាន់ឱសថស្ថានចំនួន១២កន្លែងនិងគ្លីនិកថែទាំជំងឺចំនួន៦កន្លែងសរុប១៨កន្លែងមិនអោយទទួលអ្នកជំងឺជាពលករមកពីបរទេស ហើយត្រូវរាយការណ៏ទៅមន្ទីរសុខាភិបាលជាបន្ទាន់ ដើម្បីនាំពួកគាត់ទៅដាក់បន្ទប់ដាច់ដោយឡែក នៅសណ្ឋាគារសេកុងស្តា ដែលរៀបចំជាបន្ទប់ដាច់ដោយឡែកក្នុងការពិនិត្យជំងឺ។

លោក ក៏បានសំណូមពរដល់អាជីវករកលក់ឱសថនិងគ្លីនិកថែទាំជំងឺទាំងអស់ជួយសហការជាមួយអាជ្ញាធរ ដើម្បីមានវិធានការក្នុងកាទប់ស្កាត់នូវការលក់ឧបករណ៍តេស្តរកមេរោគ COVID-19 ដោយគ្មានបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជា។

លោកបន្តថាតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល រហូតដល់ពេលនេះ នៅមិនទាន់មានឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ប្រភេទណាមួយ ដែលមានការបញ្ជាក់ទទួលស្គាល់ពី អង្គការសុខភាពពិភពលោកនូវភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៅឡើយទេ។ក្រសួងបានបញ្ជាក់ថា សម្រាប់នៅកម្ពុជា មានតែវិទ្យាស្ថានជាតិស្រាវជ្រាវសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលកំពុងប្រតិបត្តិការតាមបច្ចេកទេស និងគោលការណ៍ប្រតិបត្តិស្តង់ដារ របស់អង្គការសុខាភាពពិភពលោក ដែលមានការចេញលទ្ធផលទទួលស្គាល់ត្រឹមត្រូវ។

គួរបញ្ជាក់ថាលិទ្ធផលសម្រេចបានរកឃើញថា នៅទីតាំងលក់ឱសថស្ថាននិងគ្លីនិកថែទាំជំងឺចំនួន១៨កន្លែងខាងលើពុំមានការលក់សម្ភារៈសម្រាប់ធ្វើតេស្តជំងឺកូវិត១៩ និង អាកុលក្លែងក្លាយទេ។