About Me

header ads

ខ្សែភាពយន្តចំណាយទុនផលិតជាង ១០ ម៉ឺនដុល្លារ លោកគ្រូតាល្បុក្កតោ សាន គឹម ស៊ាន ត្រៀមវាយលុករោងភាពយន្ត នាខែមេសា ខាងមុខនេះ

លោកគ្រូ សាន គឹមស៊ាន ដែលត្រូវបានមហាជនទាំងក្នុងស្រុក និងក្រៅស្រុកទទួលស្គាល់ថាជាអ្នកត្រួសត្រាយផ្លូវនៃសិល្បៈក្បាច់គុនល្បុក្កតោឱ្យរស់រានមានជីវិតឡើងវិញ ពេលនេះលោកគ្រូក៏បាន បង្ហាញស្នាដៃភាពយន្តលើកដំបូងរបស់ខ្លួនមានចំណងជើងថា៖ «ព្រលឹងល្បុក្កតោ»។ តាមប្រសាសន៍របស់លោកគ្រូ សាន គឹមស៊ាន បានបញ្ជាក់ថាខែ្សភាពយន្តវាយតប់បែបគុនបុរាណ មួយនេះ ចំណាយពេលផលិតរយៈពេលជិតប្រមាណ ២ ឆ្នាំ ក្នុងទឹកប្រាក់ជាង ១០ម៉ឺនដុល្លារ ដើម្បីសម្រេចជាសមិទ្ធិផលជូនទស្សនិកជន។



លោកបានលើកឡើងបន្ថែមថា៖ «រូបលោកចង់បង្ហាញនូវប្រវត្តិនៃក្បាច់គុន ដែលមានចំណុចខ្លាំងពូកែៗរបស់ដូនតាខ្មែរ កាលពី ១០០ ទៅ ២០០ ឆ្នាំមុន។ ម៉្យាងវិញទៀតរឿងនេះនឹងស្តែងឱ្យឃើញនូវជីវភាព និងទិដ្ឋភាពរបស់ពលរដ្ឋខ្មែរនាសម័យនោះ។ ហើយសាច់រឿងក៏ជួយអប់រំកូនចៅជំនាន់ក្រោយ ឱ្យចេះស្រឡាញ់គាំទ្រវប្បធម៌គុណបុរាណខ្មែរ និងបន្តអភិរក្ស ហើយអភិវឌ្ឍ ឱ្យគង់វង្សយូរអង្វែងដល់ខ្មែរជំនាន់ក្រោយទៀតផង»។​ ព្រលឹងល្បុក្កតោ នឹងនាំលោកអ្នកទៅកាន់ភូមិដាច់ស្រយាលមួយកន្លែង ដែលប្រជារាស្ត្រតែងត្រូវក្រុមចោរ «តោកំណាច» មកយាយី និងកាប់សម្លាប់ ប្លន់យកទ្រព្យសម្បត្តិជាដើម។ ក្រោយពីលោកគ្រូតា «ស៊ាន» ចុះពីលើភ្នំ ឃើញទ្រព្យសម្បត្តិត្រូវបាត់បង់អស់ ភូមិក៏ត្រូវដុតចោលទៀត ប្រពន្ធគាត់ក៏ត្រូវសម្លាប់ ដោយបន្សល់នូវកូនប្រុសម្នាក់ ស្រីម្នាក់។ ក្រោយមកពួកគេក៏បានកសាងភូមិដ្ឋានថ្មី ដោយ បានទទួលការបង្ហាត់ក្បាច់គុណល្បុក្កតោពីលោកគ្រូតា ជាពិសេសយុវជន និងយុវនារីក្នុងភូមិដែលនៅរួចរស់។ ច្រើនឆ្នាំកន្លងផុតមក ពេលកូនគាត់ពេញវ័យ បានស្រឡាញ់កូនស្រីសេដ្ឋីចិត្តធម៌ម្នាក់។ តែភូមិក៏ត្រូវរងការឆក់ប្លន់ម្តងទៀត ពីក្រុមចោរ «តោកំណាច»នោះ។ លើកនេះអ្នកភូមិរួមគ្នាប្រើក្បាច់គុណដែលខ្លួនចេះ ដើម្បីការពារភូមិ និងបើករបាំង មេចោរ អាថ៌កំបាំងម្នាក់នោះ។




ចង់ដឹងថាសាច់រឿងពិសេសយ៉ាងណានោះ? ដូច្នេះសូមទស្សនិកជនទាំងអស់កុំភ្លេចទៅទស្សនារឿង «ព្រលឹងល្បុក្តតោ» នៅគ្រប់រោងភាពយន្តនានានៅកម្ពុជា ដើម្បីលើកតម្លៃវប្បធម៌ក្បាច់គុនខ្មែរ និងគាំទ្រអ្នកហាត់គុននេះឱ្យមានអាជីពភ្លឺស្វាង មិនថាជាកីឡា ឬការសម្តែងភាពយន្តទេ។ ខ្សែភាពយន្តនេះ នឹងមានចាក់បញ្ចាំងចាប់ពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២០នេះតទៅ។