About Me

header ads

លោកតាអាយុ៧២ឆ្នាំប្រាថ្នាចង់ទៅវត្តអារាម ដើម្បីធ្វើបុណ្យ តែគ្មានឱកាស ព្រោះជាប់រវល់ធ្វើការជាកម្មករ ដើម្បីបានប្រាក់ចិញ្ចឹមជីវិត

ខេត្តប៉ៃលិន៖ លោកតាវ័យចំណាស់ម្នាក់ និយាយពោល ទាំងទឹកមុខស្រពោនថា «គាត់ប្រាថ្នាចង់ទៅវត្តអារ៉ាម ដើម្បីធ្វើបុណ្យធ្វើទាននឹងគេដែរ ព្រោះឃើញលោកតាលោកយាយចាស់ៗអាយុតំណាលនឹងគាត់ដែរ គេនាំគ្នាទៅធ្វើបុណ្យយ៉ាងសប្បាយរីករាយ រីឯគាត់អាយុកាន់តែច្រើន កម្លាំងកាន់តែខ្សោយ តែមើលទៅ គ្មានឱកាសបានទៅវត្តនឹងគេនោះទេ ព្រោះក្នុង១ថ្ងៃៗ អង្គុយកាប់ចិញ្ច្រាំចំណិតដំឡូងមីនៅក្នុងចម្ការ ដើម្បីបានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាព» ។ «គាត់គ្មានដីធ្លី សម្រាប់សាងសង់ផ្ទះសម្បែងរស់នៅផ្ទាល់ខ្លួនឯងទេ គឺស្នាក់នៅក្នុងដីរបស់គេ ដែលម្ចាស់រស់នៅរាជធានីភ្នំពេញ បើគេឱ្យចេញពីដីនោះ មិនដឹងជាទៅរកដីកន្លែងណា ដើម្បីសង់ផ្ទះរស់នៅជួបជុំគ្រួសារបាននោះឡើយ» ។ 



បើតាមប្រភពព័ត៌មាន ពីលោកតា ចំណាស់ ឈ្មោះ វឿន វ៉ន អាយុ៧២ឆ្នាំ ប្រពន្ធ ឈ្មោះ សូ ធួក អាយុ៥២ឆ្នាំ បានរៀបរាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ ថា គាត់រស់នៅក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានប្រពន្ធមុនម្តងរួចទៅហើយ រស់នៅជាមួយគ្នា បានកូនចំនួន៦នាក់ ប្រុស៣ ស្រី៣ ដោយពួកគេទាំងនោះ បានរៀបការប្តីប្រពន្ធអស់ទៅហើយ រួចសុំបែកទៅរស់នៅតាមខេត្តផ្សេងៗ ។ ចំណែកគាត់បន្ទាប់ពីប្រពន្ធមុនឈឺបានស្លាប់ចោលអស់រយ:ពេលជិត១០ឆ្នាំ គាត់ក៏រៀបការប្រពន្ធម្នាក់ក្រោយទៀត ហើយក៏រស់នៅជាមួយគ្នារហូតដល់សព្វថ្ងៃនេះតែម្តង ដោយអត់មានកូនបន្តទៀតនោះទេ ។ គាត់បន្តទៀតថា រាល់ថ្ងៃ ទាំងពីរនាក់យាយតា អត់មានស្រែចម្ការធ្វើទេ គឺពឹងទៅលើកម្លាំងដៃ ដើរស៊ីឈ្នួលធ្វើជាកម្មករគេ ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ប៉ុណ្ណោះ ។ ចំពោះការកាប់ចិញ្ច្រាំមើមដំឡូងមីឱ្យឈ្មួញ គាត់និងប្រពន្ធមិនសូវបានច្រើនប៉ុន្មានទេ គឺសរុបទៅ ១ថ្ងៃ អាចចិញ្ច្រាំបាន ត្រឹមតែ៣០ទៅ៤០កញ្ឆេប៉ុណ្ណោះ ដោ យ១កញ្ឆេ ទទួលបានកម្រៃ១០០០រៀល ។ ចំពោះគាត់ ការកាប់ចិញ្ច្រាំ បានតែពេលព្រឹករហូតដល់ថ្ងៃត្រង់ សម្រាកហូបអាហារ លុះដល់ពេលរសៀលចាប់ផ្តើមបន្តទៀត រហូតដល់ម៉ោង៥ ទៅ៦ល្ងាច ក៏សម្រាកយកកម្លាំង ព្រោះបើធ្វើការនៅពេលយប់ទៀត មើលមិនឃើញ ងងឹត ណាមួយកម្លាំងកាន់តែចាស់ ភ្នែកក៏កាន់តែអន់ មើលមិនសូវច្បាស់នោះទេ ។




គាត់បញ្ជាក់ថា បច្ចុប្បន្ននេះ រូបរាងកាយរបស់គាត់ មិនសូវមាំមួនប៉ុន្មានដែរ ជួនភ្លៀងជួនរាំងពេលខ្លះអស់កម្លាំង លើសឈាម និងឈឺក្បាលវិលមុខជាដើម ។ ប៉ុន្តែបន្ទាប់ពីលេបថ្នាំរួច បានធូរស្បើយបន្តិច គាត់ក៏បន្តធ្វើការងារជាមួយប្រពន្ធ ព្រោះបើធ្វើការម្នាក់ឯង មិនបានប្រាក់ច្រើនប៉ុន្មានទេ ។ បើនិយាយពីកូនប្រុសស្រីទាំង៦នាក់វិញ ពួកគេមិនសូវជាមានលុយកាក់ច្រើនដែរ តែដល់ខែបុណ្យទាន ក៏ជូនថវិកា ដល់គាត់ខ្លះៗ គ្រាន់យកទៅទិញនំចំណីទទួលទាននឹងគេដែរ ។ តែគាត់ក៏មិនពឹងទៅលើកូនចៅទាំងអស់នោះដែរ ដរាបណាកម្លាំងគាត់នៅមានអាចងើបឈរខ្លួនឯងបាន គាត់នឹងខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបន្តជីវិតរស់នៅលើផែនដី ។ គាត់និយាយទាំងដកដង្ហើមធំថា គាត់មិនខ្វល់ថា ថ្ងៃខាងមុខមានរឿងអ្វីកើតឡើងនោះឡើយ ឱ្យតែក្នុង១ថ្ងៃ ទទួលបានអាហារគ្រប់គ្រាន់២ពេល គឺគាត់ពិតជាត្រេកអរសប្បាយចិត្តខ្លាំងណាស់ទៅហើយ ៕