About Me

header ads

ស្នាដៃសិល្បៈសហសម័យរបស់សិល្បករល្បីៗ បានកំពុងបង្ហាញខ្លួននៅក្នុងឧទ្យានដ៏ស្រស់បំព្រងនៃស្ថានទូតបារាំងប្រចាំកម្ពុជា

«ដំណើរត្រាច់ចរសិល្បៈ» លើកទី២ ប្រចាំឆ្នាំ២០២០ នេះ បានកំពុងចាប់ផ្តើមម្តងទៀតហើយ នៅក្នុងឧទ្យាននៃស្ថានទូតបារាំងប្រចាំកម្ពុជា ដែលស្ថានទូតបារាំងប្រចាំកម្ពុជា បានបើកទ្វារទទួលសាធារណជនលើកដំបូងនៅថ្ងៃសម្ពោធ នាថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០ កន្លងទៅ។ សិល្បករល្បីៗចំនួន ៩ នាក់ រួមមានសិល្បករខ្មែរ ៨ នាក់ និងជនជាតិបារាំងម្នាក់ ត្រូវបានអញ្ជើញឱ្យបង្កើតស្នាដៃសិល្ប:តាមការស្រមើស្រមៃរៀងៗខ្លួនដើម្បីដាក់បង្ហាញជូនដល់មហាជន។ ក្នុងនោះមានសិល្បករ លោកអ៊ុក ជឹមវិចិត្រ, លោក រៀម មុនីស៊ីឡុង, លោក ម៉ក់ រ៉េមីស្សា, លោក លាង ស៊ីកន, លោក ស្រី បណ្តូល, លោក មាស សុឃន, លោក ពេជ្រ សុភាព លោក ទិត្យ វាសនា និងលោក ក្រេហ្កូរី ហ្គោសឡាំង។
ភ្ញៀវទស្សនាជាតិ និងអន្តរជាតិ បានរីករាយក្រៃលែងក្នុងការចូលទស្សនា និងចាប់អារម្មណ៍ទៅលើស្នាដៃសិល្ប:ទាំងនោះ ដែលបានបង្ហាញខ្លួននៅតាមទីកន្លែងផ្សេងៗគ្នាក្នុងឧទ្យាន ជាមួយនឹងរុក្ខជាតិចម្រុះពណ៌ និងដើមឈើធំៗចោលម្លប់ត្រឈឹងត្រឈៃ ហាក់ដូចជាកំពុងបង្កើតបានកិច្ចសន្ទនាបែបមនោសញ្ចេតនាមួយយ៉ាងស្ងប់ស្ងាត់ជាមួយធម្មជាតិ។



ជាមួយគ្នានេះ លោក កោ បូរិន្ទ អ្នករៀបចំសកម្មភាពវប្បធម៌នៃវិទ្យាស្ថានភាសាបាំរាំងនៅកម្ពុជា និងទទួលបន្ទុកក្នុងការសហការរៀបចំព្រឹត្តិការណ៍នេះ បានមានប្រសាសន៍អំពីមូលហេតុនៃការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះថា «ដំណើរត្រាច់ចរសិល្បៈ បានត្រឡប់មកជាលើកទី២ ក្នុងរយៈពេល ២ ឆ្នាំម្តង ដែលជាឱកាសមួយយ៉ាងកម្រក្នុងការបើកទ្វារស្វាគមន៍បងប្អូនសាធារណជនទាំងអស់ ចូលមកទស្សនានៅក្នុងឧទ្យានដ៏ស្រស់បំព្រងនៅក្នុងស្ថានទូតបារំាងនេះ ជាមួយនឹងស្នាដៃរបស់សិល្បករល្បីៗទូទាំងកម្ពុជា និងក្រៅប្រទេស។



ស្ថានទូតបារាំង ដោយរួមសហការជាមួយវិទ្យាស្ថានបារាំងនៅកម្ពុជា បានផ្តួចផ្តើមគម្រោងនេះឡើងដើម្បីលើកស្ទួយតម្លៃនៃការបង្កើតស្នាដៃសិល្បៈ និងកិច្ចសហប្រតិបត្តិការវប្បធម៌បារាំង-កម្ពុជា។ សាធារណជនអាចចូលទៅធ្វើដំណើរត្រាច់ចរកម្សាន្តនៅក្នុងឧទ្យានស្ថានទូត ចាប់ពីពេលនេះតទៅ រហូតដល់ចុងខែមីនា ឆ្នាំ២០២០ ដើម្បីទស្សនាស្នាដៃសហសម័យរបស់សិល្បករទាំង ៩ រូប ដែលបង្ហាញពីភាពច្នៃប្រឌិត និងបង្កប់នូវអត្ថន័យពិសេសៗដែលលោកអ្នកគួរតែបានយល់ដឹង និងបានឃើញដោយផ្ទាល់ទៀតផងដែរ។




អត្ថបទដោយៈ សំណាង