About Me

header ads

កីឡាករកាមេរ៉ូន Yannick Francois

កីឡាករកាមេរ៉ូន Yannick Francois ៖ ខ្ញុំអាចលេងគ្រប់តួនាទីដែលអ្នកចាត់ការឲ្យខ្ញុំលេង ខ្ញុំមិនប្រកែកឡើយ សំខាន់ខ្ញុំចង់ធ្វើឲ្យអ្នកចាត់ការខ្ញុំសប្បាយចិត្ត

កីឡាករចំណូលថ្មីរបស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបាននាំយកកីឡាសញ្ជាតិកាមេរ៉ូនម្នាក់ឈ្មោះ Yannick Francois មកពង្រឹងក្លិបនៅរដូវកាលឆ្នាំ២០២០នេះ។ ទើបតែចាប់ផ្តើមបាន១ប្រកួតដំបូងសោះ ខ្សែបម្រើសញ្ជាតិកាមេរ៉ូនរូបនោះបានបង្ហាញពីការតាំងចិត្ត និងភាពស្មោះស្ម័គ្រជាមួយអ្នកចាត់ការក្រុមទ័ពបាត់ទៅហើយ។

Yannick ប្រាប់ថា វាជារឿងពិបាកសម្រាប់រូបគេក្នុងការប្រើភាសាទំនាក់ទំនងជាមួយគ្រូបង្វឹក និងមិត្តរួមក្រុម ប៉ុន្តែគេសប្បាយរីករាយនឹងនៅទីនេះ ពីព្រោះមានមិត្តរួមក្រុមល្អៗចេះយល់ចិត្តគ្នាទៅវិញទៅមក និងមានគ្រូបង្វឹកពូកែដែលពោរពេញទៅដោយបទពិសោធន៍។

យ៉ាងណាមិញ Yannick ហាក់បីដូចជាបារម្ភបន្តិចដែរពីតំណែងរបស់ខ្លួនក្នុងជម្រើស១១នាក់ដំបូង ព្រោះនៅរដូវកាលនេះមានកីឡាករល្អៗច្រើនក្នុងក្រុមទ័ព ប៉ុន្តែបុរសសញ្ជាតិកាមេរ៉ូនម្នាក់នេះនៅតែជឿថា គេអាចរក្សាតំណែង១១នាក់លើទីលានរបស់គេបាន ហើយបានតាំងចិត្ត និងបង្ហាញភាពស្មោះស្ម័គ្រដាក់លោក ទេព ឡុងរចនា អ្នកចាត់ការក្រុមទ័ពដោយគេបានអះអាងថា ខ្លួនគេតែម្នាក់អាចលេងបានគ្រប់តួនាទីទាំងបម្រើការពារ បម្រើប្រយុទ្ធ ឬឡើងប្រយុទ្ធនៅខាងលើក៏បានឲ្យតែអ្នកចាត់ការដាក់ឲ្យគេលេង គេមិនប្រកែកឡើយ ហើយអ្វីដែលសំខាន់គេនឹងប្រគល់អ្វីៗគ្រប់យ៉ាងដែលគេមានទាំងបទពិសោធន៍ និងបច្ចេកទេសមកជួយក្រុមដើម្បីធ្វើឲ្យអ្នកចាត់ការសប្បាយចិត្ត និងទុកចិត្តលើរូបគេ។

 វាមិនមែនជាលើកទី១ទេសម្រាប់ Yannick ក្នុងការលេងបាល់នៅប្រទេសកម្ពុជាដោយគេធ្លាប់លេងឲ្យក្រុមអាស៊ីអឺរ៉ុបយ៉ូណាយធីតកាលពីរដូវកាលមុនរួចមកហើយ។ Yannick ក៏បានបង្ហាញខ្លួនជាលើកដំបូងក្នុងជម្រើស១១នាក់របស់លោក ទេព ឡុងរចនា ផងដែរក្នុងជំនួបថ្ងៃបើកឆាកពានលីគកំពូលជាមួយយុវជនបាទីអាយុក្រោម១៨ឆ្នាំ ហើយខ្សែបម្រើដ៏ឆ្នើមរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អនៅតំបន់បម្រើខាងក្រោមមិនចាញ់អតីតកីឡាករទ័ពសញ្ជាតិអេហ្ស៊ីប Mohammed Hamza នោះទេ។