About Me

header ads

Roberto Carlos ធ្លាប់ត្រូវហ្វេនរករឿងខ្លាំងដោយសារតែរវល់សារ៉េស្រោមជើងធ្វើឲ្យប្រេស៊ីលធ្លាក់ចេញពី World Cup

លោក Roberto Carlos ដែលអ្នកស្នេហាវិស័យកីឡាបាល់ទាត់ស្គាល់យ៉ាងច្បាស់ថាជាខ្សែការពារប្រយុទ្ធស្លាបឆ្វេងកំពូលល្បឿននោះនោះ បានព្រមព្រៀងជាមួយសាលាបាល់ទាត់ប្រេស៊ីលនៅកម្ពុជាហៅកាត់ BIFA Cambodia ដើម្បីអញ្ជើញមកចូលរួមសម្ពោធសាលាបាល់ទាត់ប្រេស៊ីលដំបូងគេបំផុតនៅប្រទេសកម្ពុជានាថ្ងៃទី១២កុម្ភៈម្សិលមិញនេះ ប៉ុន្តែគួរឲ្យសោកស្តាយដែលតារាឆ្នើមរូបនោះខកខានមិនបានមកចូលរួមវិញដោយសារតែមានធុរៈចាំបាច់ ប៉ុន្តែលោកបានសន្យាថានឹងមកចូលរួមនៅឱកាសក្រោយ។ យ៉ាងណាមិញ ប្រហែលជាមានបងប្អូនយើងមិនច្រើនទេដែលនៅចាំរឿងរ៉ាវមិនគួរឲ្យជឿមួយរបស់ខ្សែការពារកម្ពស់ទាបរូបនេះដែលបានកើតឡើងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០០៦នៅប្រទេសអាល្លឺម៉ង់នៅពេលដែលក្រុមសាំបាប្រេស៊ីលត្រូវធ្លាក់ចេញពី Tournament ក្រោមថ្វីជើងរបស់បារាំង។ កាលនោះហ្វេនប្រេស៊ីលរាប់លាននាក់បានដាក់ការស្តីបន្ទោសយ៉ាងខ្លាំងទៅលើ Roberto Carlos ដោយពួកគេមើលឃើញថា Carlos គឺជាអ្នកធ្វើឲ្យរបូតគ្រាប់បាល់១គ្រាប់ទៅខាងបារាំង។ ស្ថានភាពពេលនោះ បារាំងកំពុងតែមានឱកាសទាត់បាល់ពិន័យហ្វ្រីឃិកពីចំហៀង ហើយកីឡាកររបស់ក្រុមទាំង២កំពុងឈរបិទគ្នាពេញមុខទីរង់ចាំលោក Zidane ដែលជាប្រធានក្រុមបារាំងនៅពេលនោះលើកបាល់ហ្វ្រីឃិកចូលមក ប៉ុន្តែ Carlos ហាក់បីដូចជាប្រហែសគិតតែពីឱនសារ៉េស្រោមជើងរបស់ខ្លួនមិនបានមើលខ្សែប្រយុទ្ធដ៏មុតស្រួចរបស់បារាំងកីឡាករ Thierry Henry ដោយឃើញបែបនោះលោក Zidane បានលើកបាល់ចូលមកភ្លាមៗសំដៅមកឲ្យ Henry រួចអតីតខ្សែប្រយុទ្ធរបស់ Arsenal និង Barcelona រូបនោះក៏បានលោតពែន១ជើងយ៉ាងស្អាតបញ្ចូលទីធ្វើឲ្យក្រុមសាំបាដែលជាម្ចាស់ជើងឯកពិភពលោក៥ជំនាន់ជ្រុះចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ។ តាមប្រភពព័ត៌មានពីវែបសាយ Chinadaily.com.cn បានឲ្យដឹងថា នៅថ្ងៃដដែលក្រោយចប់ការប្រកួតរថយន្តក្រុងបានដឹកក្រុមជម្រើសជាតិត្រឡប់មកសណ្ឋាគារវិញ ប៉ុន្តែសភាពការតាមដងផ្លូវហាក់បីដូចជាមិនល្អសោះដោយមានមនុស្សប៉ុន្មានក្រុមតាមរថយន្តក្រុងជាប់។ ឃើញបែបនេះ Carlos រឹតតែបារម្ភពីសុវត្តិភាពខ្លួនយ៉ាងខ្លាំង ព្រោះគាត់ដឹងថាមានអ្នកស្អប់គាត់ច្រើនក្រោយបង្កកំហុសធ្វើឲ្យប្រេស៊ីលធ្លាក់ចេញពីការប្រកួតដោយតួនាទីរបស់គាត់ក្នុងប្រកួតនោះគឺត្រូវតាមបិទ Henry ឲ្យជាប់ ប៉ុន្តែទីបំផុតគាត់នៅតែប្រហែសឲ្យ Henry រកគ្រាប់បាល់បាន។ Carlos ដឹងបែបនេះមិនហ៊ានចេញពីសណ្ឋាគារមកព្រលានយន្តហោះទេ ពីព្រោះនៅខាងក្រៅពេលនោះមានហ្វេនរាប់រយនាក់ឈរចាំ ថែមទាំងស្រែកជេរប្រមាថដល់រូបលោកទៀតផង ហើយគ្មាននរណាម្នាក់ដឹងថាពួកហ្វេនទាំងនោះមានបំណងអ្វីលើរូបគាត់ឡើយ។ Carlos សុខចិត្តសម្ងំក្នុងសណ្ឋាគារយូរជាងគេ រួចលួចចាកចេញពីសណ្ឋាគារស្ថិតក្នុងទីក្រុង Frankfurt ក្រោយគេយ៉ាងស្ងប់ស្ងាត់ជាទីបំផុត ហើយស្នើសុំឲ្យសន្តិសុខសណ្ឋាគារជូនចេញពីសណ្ឋាគារចុះមកជាន់ក្រោមដីរួចលួចចេញតាមទ្វារក្រោយស្ងាត់ៗឡើងតាក់ស៊ីដែលបានខលហៅស្រេចដើម្បីធ្វើដំណើរមកកាន់ព្រលានយន្តហោះចាកចេញពីប្រទេសអាល្លឺម៉ង់សំដៅមកកាន់ទីក្រុងម៉ាឌ្រីតវិញដើម្បីបន្តការងារជាមួយក្រុម Real Madrid ដោយកាលនោះ Carlos នៅជាកីឡាកររបស់ក្រុមអធិរាជសនៅឡើយ។ សូមបញ្ជាក់ថា Roberto Carlos បច្ចុប្បន្នមានវ័យ ៤៦ឆ្នាំ គាត់ជាអតីតកីឡាករក្រុមសាំបាប្រេស៊ីល និងជួយក្រុមឈ្នះជើងឯកពិភពលោក២ជំនាន់គឺក្នុងឆ្នាំ១៩៩៤ នៅអាមេរិក និង២០០២ នៅជប៉ុន និងកូរ៉េខាងត្បូង។ លោកថែមទាំងធ្លាប់ឈ្នះពានធំៗជាមួយក្លិបអាជីពរបស់គាត់ជាច្រើនថែមទៀត។ ថ្មីៗនេះលោកបានចូលរួមជាមួយ BIFA Cambodia ក្នុងការបំផុសស្មារតីយុវជនកម្ពុជាឲ្យចូលរួមហាត់បាល់ទាត់ឲ្យបានច្រើនដែលនេះរឹតតែធ្វើឲ្យលោកមានប្រជាប្រិយភាពកាន់តែខ្លាំងថែមទៀតនៅប្រទេសកម្ពុជា។