About Me

header ads

កំពុងតែឡើងជើងផង Mbappe មិនគួរមានឥរិយាបថបែបនេះសោះ

ខ្សែបម្រើប្រយុទ្ធវ័យក្មេងរបស់ក្រុមជើងឯកបារាំង Paris SG បានខឹងនឹងគ្រូបង្វឹករបស់ខ្លួនលោក Thomas Tuchel តាមរយៈការបញ្ចេញឥរិយាបថមិនសមរម្យដាក់គ្រូអាល្លឺម៉ង់រូបនោះបន្ទាប់ពីគេត្រូវបានផ្លាស់ប្តូរចេញទាំងដែលការប្រកួតនៅសល់ពេលជាង៣០នាទីទៀតឯណោះ។ លោក Thomas Tuchel គិតថាល្មមឲ្យកីឡាករសំខាន់របស់លោកសម្រាកយកកម្លាំងសិនហើយ ពីព្រោះក្រុមរបស់លោកបាននាំមុខគូប្រកួតដាច់ច្រើនគ្រាប់ទៅហើយទើបសម្រេចប្តូរគេចេញ ប៉ុន្តែមិនស្មានយុវជនម្នាក់នោះបង្ហាញកាយវិការមិនសមរម្យហាក់បីដូចជាខឹងនឹងលោកដែលជាគ្រូរបស់គេយ៉ាងខ្លាំង។ ឆ្លើយប្រាប់អ្នកយកព័ត៌មានប៉ុស្តិ៍ CANAL+ ក្រោយចប់ការប្រកួត លោក Tuchel ទទូចសុំឲ្យ Mbappe ក៏ដូចជាកីឡាករក្នុងក្រុមទាំងអស់កុំគិតថាខ្លួនជាក្រុមទាំងមូល ផ្ទុយទៅវិញត្រូវគិតថាខ្លួនគឺជាផ្នែកមួយនៃក្រុម ហើយត្រូវមានស្មារតីចែករំលែកនៅលើទីលាន។ លោកបានបន្ថែមទៀតថា លោកមិនបានទាមទារអ្វីច្រើនឡើយ គ្រាន់តែចង់សុំឲ្យកីឡាករទាំងអស់មានការគោរពខ្លួនឯង ក៏ដូចជាគោរពមិត្តរួមក្រុម និងគ្រូបង្វឹកផងដែរ។ លោកថា លោកជាគ្រូបង្វឹក ដូច្នេះលោកមានសិទ្ធិក្នុងការសម្រេចថានរណាគួរលេង និងនរណាគួរប្តូរចេញ។ យ៉ាងណាក៏ដោយ លោក Thomas Tuchel បានប្រាប់ថា លោកមិនបានខឹង ឬអន់ចិត្តនឹង Mbappe ឡើយ ព្រោះលោកយល់ដល់គេ ហើយលោកជឿថាក្មេងម្នាក់នោះឆ្លាត និងមានស្មារតីដឹងខុសត្រូវណាស់។ លោកសង្ឃឹមថា គ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញ។ សូមបញ្ជាក់ថា ក្រុម Paris SG បានលត់ក្រុម Montpellier យ៉ាងចាស់ដៃដោយលទ្ធផល ៥-០ កាលពីថ្ងៃសៅរិ៍សប្តាហ៍កន្លងទៅនៅកីឡដ្ឋាន Parc De Prince ស្ថិតក្នុងទីក្រុងប៉ារីសប្រទេសបារាំង ហើយ Mbappe គឺជាអ្នកស៊ុតគ្រាប់ទី៤ឲ្យក្រុមនៅនាទី៥៧ ប៉ុន្តែនៅនាទី៦៨ក៏ត្រូវគ្រូបង្វឹកប្តូររូបគេចេញជំនួសដោយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនកីឡាករ Mauro Icardi វិញទើបធ្វើឲ្យកីឡាករកំពូលល្បឿនរូបនេះមិនអស់ចិត្តនឹងការសម្រេចប្តូររូបគេចេញរបស់លោក Tuchel ហើយបានបញ្ចេញឥរិយាបថមិនសមរម្យដាក់លោក Tuchel និងជំនួយការគ្រូបង្វឹកដែលខំហុចអាវរងារឲ្យគេ ប៉ុន្តែ Mbappe បានរុញដៃគ្រូជំនួយដែលហុចអាវរងារនោះចេញ រួចឡើងទៅអង្គុយកៅអីបម្រុងខាងលើទាំងទឹកមុខមួរម៉ៅយ៉ាងខ្លាំង។