About Me

header ads

ចាញ់ Liepzig ហើយកីឡាករ Spurs ម្នាក់ប៊ិះត្រូវមួយស្បែកជើងកណ្តាលមុខ

រាត្រីប្រែក្លាយជាខ្មៅងងឹតខុសធម្មតានៅកីឡដ្ឋាន Tottenham Hotspur ស្ថិតក្នុងទីក្រុងឡុងដ៏នៃប្រទេសអង់គ្លេសក្រោយក្រុមមាន់ខ្នាយមាស Tottenham Hotspur បានប្រកួតចាញ់ក្រុម Rasen Ball Sport Leipzig ក្នុងទឹកដីរបស់ខ្លួនដោយលទ្ធផល 0-1។ បន្ទាប់ពីត្រូវក្រុមភ្ញៀវនាំមុខ១គ្រាប់មុនធ្វើឲ្យក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាសបើកការវាយសម្រុកយ៉ាងខ្លាំងដើម្បីរកគ្រាប់បាល់តាមស្មើ ប៉ុន្តែហាក់បីដូចគ្មានសំណាងទើបចូលដល់នាទី៦៤ លោក Jose Mourinho អ្នកចាត់ការក្រុម Spurs សម្រេចប្តូរកីឡាករ Dele Ali ចេញ និងដាក់កីឡាករ Lamela ចូលជំនួសវិញ ជាហេតុធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនោះខឹងយ៉ាងខ្លាំង ព្រោះខ្លួនកំពុងតែមានចិត្តពុះកញ្ជ្រោលចង់រកគ្រាប់បាល់តាមស្មើឲ្យក្រុម ប៉ុន្តែបែរជាត្រូវគ្រូបង្វឹកប្តូរចេញទៅវិញ។ ពេលដើរចេញពីក្រៅទីលាន Ali ដាក់ដបទឹកចោលនឹងដី ហើយដើរសម្តៅមកកាន់បង់អង្គុយក៏ស្រាប់តែចាប់ដោះស្បែកជើងរួចបោកមួយទំហឹងដៃទៅនឹងដីយ៉ាងកម្រោលជាទីបំផុត។ បើតាមការចុះផ្សាយរបស់កាសែត Dailymail បានឲ្យដឹងថា ស្បែកជើងដែល Ali បោកនឹងដីនោះផ្លាតឡើងលើប៊ិះត្រូវចំកណ្តាលមុខ Gedson Fernandes ដែលអង្គុយក្បែរនោះក្រោយត្រូវគ្រូប្តូរចេញតំណាលគ្នាជាមួយ Ali ដែរ។ នៅក្នុងការប្រកួតនោះគេឃើញ Ali អង្គុយមើលក្រុមលេងយ៉ាងស្រងូតស្រងាត់តាំងពីត្រូវគ្រូប្តូរចេញរហូតដល់ចប់ការប្រកួតហាក់បីដូចជាស្តីបន្ទោសឲ្យខ្លួនឯងដែលមិនអាចជួយអ្វីក្រុមបាន។ ក្រុម Leipzig របស់លោក Julian Nagelsmann ដែលបានហោះមកពីប្រទេសអាល្លឺម៉ង់នោះបានយកឈ្នះជើងខ្លាំងប្រចាំអង់គ្លេសគឺក្រុមមាន់ខ្នាយមាស Tottenham Hotspur 0-1 អរគុណទៅដល់គ្រាប់បាល់១១ម៉ែត្ររបស់ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ Timor Werner នៅនាទី៥៨ ខណៈដែលខ្សែការពារស្លាបឆ្វេងរបស់ Spurs កីឡាករ Ben Davies ជាអ្នកបង្កកំហុសមួយនេះទៅលើកីឡាករ Konrad Lanier នៅក្នុងប្រអប់ពិន័យបាល់ ១១ម៉ែត្រ។ យ៉ាងណាមិញ ក្រុម Spurs នៅសល់ឱកាសវាយបកនៅជើងទី២ពេលធ្វើដំណើរទៅទឹកដីរបស់ក្រុម Leipzig នៅថ្ងៃទី១១ខែក្រោយនេះ។ យ៉ាងណាមិញ Spurs ធ្លាប់ធ្វើការវាយបកបែបនេះម្តងរួចមកហើយកាលពីរដូវកាលមុនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយទៅលើក្រុម Ajax Amsterdam របស់ហុល្លង់ក្រោយចាញ់ Ajax 1-2 ក្នុងផ្ទះរបស់ខ្លួន និងវាយបកយកឈ្នះវិញដោយលទ្ធផល 2-3 នៅក្រៅផ្ទះធ្វើឲ្យពួកគេឈ្នះគ្រាប់បាល់ក្រៅផ្ទះ ឬ Away Goal ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែបរាជ័យក្រោមថ្វីជើងរបស់ក្រុមហង្សក្រហម Liverpool 2-0។