About Me

header ads

ទប់លែងជាប់! IOC ពិចារណាលុបចោលការប្រកួតកីឡាអូឡាំពិករដូវក្ដៅនៅទីក្រុង Tokyo ប្រទេសជប៉ុន

សមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថាប្រសិនបើការរៀបចំការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូរដូវក្ដៅនេះពិតជាផ្ដល់នូវគ្រោះថ្នាក់ខ្លាំងដោយសារតែការរាលដាលវីរ៉ុសកូរ៉ូណា ដូច្នេះគណៈកម្មាការរៀបចំអាចនឹងលុបចោលការប្រកួតជៀសជាងពន្យារកាលបរិច្ឆេទ។ អតីតជើងឯកហែលទឹកជនជាតិកាណាដាដែលបានចូលបម្រើការជាមន្ត្រី IOC តាំងពីឆ្នាំ១៩៧៨ លោក Dick Pound គឺជាសមាជិកដែលបម្រើការងារយូរជាងគេបានឲ្យដឹងថានៅសល់ពេល២ខែទៀតសម្រាប់សម្រេចជោគវាសនានៃការរៀបចំ Tokyo Olympics ពោលគឺការសម្រេចចុងក្រោយនឹងធ្វើឡើងនៅចុងខែឧសភា។ នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយនឹងសមាគមសារព័ត៌មានលោកបានមានប្រសាសន៍ថា «នៅពេលដែលកម្មវិធីប្រកួតកាន់តែខិតជិត មានកិច្ចការជាច្រើនដែលត្រូវចាប់ផ្ដើម។ យើងត្រូវពង្រាយកងសន្តិសុខ អាហារ ភូមិកីឡាអូឡាំពិក សណ្ឋាគារ អ្នកសារព័ត៌មានត្រូវនៅក្នុងអគារស្ទីតយ៉ូរបស់ពួកគេ។ ដូច្នេះបើសិនជា  IOC សម្រេចថាការប្រកួតមិនអាចដំណើរការទៅតាមកាលបរិច្ឆេទនោះប្រហែលជាមានន័យថាការប្រកួតនឹងត្រូវលុបចោល»។ ការរីករាលដាលចាប់ផ្ដើមនៅក្នុងប្រទេសចិនកាលពីពីរខែមុនបានចម្លងមនុស្សច្រើនជាង៨ម៉ឺននាក់ជុំវិញពិភពលោកហើយបានសម្លាប់មនុស្ស២៧០០នាក់ដែលភាគច្រើននៅក្នុងប្រទេសចិន។ ប៉ុន្តែជម្ងឺនេះបានឆ្លងដល់កូរ៉េខាងត្បូង អាស៊ី និងអ៊ឺរ៉ុប បង្ករឲ្យមានការភ័យខ្លាចចំពោះការផ្ទុះរាលដាលជាសកល។ ប្រទេសជប៉ុនខ្លួនឯងបានបញ្ជាក់ថាអ្នកស្លាប់៤នាក់។ លោក Pound បានលើកទឹកចិត្តឲ្យអ្នកកីឡាទាំងអស់បន្តប្រឹងប្រែងហ្វឹកហាត់ ព្រោះនៅថ្ងៃបើកអូឡាំពិកចំថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២០ នឹងមានអត្តពលិកសរុប ១១០០០នាក់។ ខណៈអត្តពលិក៤៤០០នាក់ផ្សេងទៀតនឹងចូលរួមបើកប៉ារ៉ាឡាំពិកនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។ «យើងគ្រប់គ្នាសុទ្ធតែដឹង អ្នកគ្រប់គ្នានឹងត្រូវទៅតូក្យូ។ គ្រប់យ៉ាងស្ថិតក្នុងដំណាក់កាលនៃការរៀបចំដូចធម្មតា ដូច្នេះសូមឲ្យគ្រប់គ្នាផ្ដោតលើការហ្វឹកហាត់កីឡារៀងៗខ្លួន ហើយជឿជាក់ចុះថា IOC នឹងមិនបញ្ជូនអ្នកទៅក្នុងស្ថានភាពនៃការរីករាលជម្ងឺឡើយ។» យោងតាមលោក Pound ដដែល IOC នឹងធ្វើការជជែកពិភាក្សាជាមួយនឹងអង្គការសុខភាពពិភពលោក WHO មុននឹងធ្វើសេចក្ដីសម្រេចចិត្តណាមួយពាក់ព័ន្ធនឹងការកលុបចោលការប្រកួតនោះ។ សូមរំលឹកឡើងវិញថា កីឡាអូឡាំពិកទំនើបឆ្នាំ១៨៩៦ ត្រូវបានគេលុបចោលដោយសារតែស្ថិតក្នុងអំឡុងសង្គ្រាម។ អូឡាំពិកឆ្នាំ១៩៤០ ដែលនឹងត្រូវរៀបចំនៅក្នុងប្រទេសជប៉ុនបានត្រូវលុបចោលដោយសារតែសង្គ្រាមជប៉ុននិងចិន ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ប៉ុន្តែអូឡាំពិកនៅទីក្រុង Rio ប្រទេសប្រេស៊ីល នៅតែដំណើរការទៅតាមកាលបរិច្ឆេទដើមក្នុងឆ្នាំ២០១៦ បើទោះជាមានការផ្ទុះវីរុស Zika ក្ដី។