About Me

header ads

Eric Pen មិនទុកយូរផ្ដួលកីឡាករឥណ្ឌូនេស៊ីត្រឹមទឹកទី៣ !

Eric Pen  មិនទុកយូរផ្ដួលកីឡាករឥណ្ឌូនេស៊ីត្រឹមទឹកទី៣ ! 

ដោយសារតែមិនអាចទ្រាំទ្រនិងរងកណ្តាប់ដៃមហាកម្លាំងរបស់ Eric Pen បានកីឡាករឥណ្ឌូនេស៊ី Alexander Bajawa បានសុំឈប់ត្រឹមទឹកទី ៣។ នៅទីបំផុតខ្សែក្រវ៉ាត់ប្រដាល់សកលជើងឯកទម្ងន់អាស៊ីនៅតែមិនទៅណាឆ្ងាយពីចង្កេះរបស់ Eric Pen ឡើយដោយអ្នកប្រដាល់កូនខ្មែរសញ្ជាតិអាមេរិករូបនេះបានការពារខ្សែក្រវ៉ាត់របស់ខ្លួនបានយ៉ាងជោគជ័យក្រោយយកឈ្នះគូប្រកួតកាលពីថ្ងៃទី១៥ កុម្ភៈកន្លងទៅនៅសង្វៀនស្ថិតក្នុងទីក្រុងម៉ានីល។

Eric Pen ឈានជើងឡើងលើសង្វៀននេះជាមួយកំណត់ត្រា៥លើកចុងក្រោយឈ្នះទាំងអស់ ខណៈដែលដៃគូរបស់គេកីឡាករ Alexander Bajawa មានបទពិសោធន៍ប្រកួតច្រើនជាង៥០ដង។ យ៉ាងណាមិញ ការប្រកួតរវាងកីឡាករទាំង២នេះពិតជាជក់ចិត្តខ្លាំងមែនទែនដោយមានការប្តូរកណ្តាប់ដៃគ្នាទៅវិញទៅមកតាំងពីដើមទឹកទី១ដោយមិនមានការគិតស្ទាបស្ទង់បច្ចេកទេសយូរឡើយ។

លុះចប់ទឹកទី២សម្រាក់៣នាទីរៀបចូលទឹកទី៣ទៅហើយស្រាប់តែកីឡាករឥណ្ឌូនេស៊ី Bajawa បានសុំអាជ្ញាកណ្តាលបោះបង់ការប្រកួតដោយគិតថាខ្លួនមិនអាចបន្តទៅមុខទៀតបានធ្វើឲ្យអាជ្ញាកណ្តាលប្រគល់ខ្សែក្រវ៉ាត់ដែល Eric Pen ដាក់ក្នុងប្រកួតនេះមកឲ្យសាមីខ្លួនគេវិញ។

យ៉ាងណាមិញ Eric Pen នៅតែមិនភ្លេចកំណើតដើមរបស់ខ្លួនឡើយដោយអ្នកប្រដាល់ដែលមានឈាមជ័រជាកូនខ្មែររូបនេះបានយកទង់ជាតិខ្មែរទៅដាក់ពីក្រោយខ្នងស្របពេលដែលខ្លួនត្រូវបានអាជ្ញាកណ្តាល បំពាក់ខ្សែក្រវ៉ាត់នៅនឹងចង្កេះ ហើយសូម្បីតែខោដែល Eric ស្លៀកប្រកួតនោះក៏មានទង់ជាតិខ្មែរដែរដែលនេះបង្ហាញឲ្យឃើញពីទឹកចិត្តស្រឡាញ់ខ្មែរដែលជាប្រទេសកំណើតរបស់ឪពុកម្តាយគេ ទោះបីជាគេកើតនៅទឹកដីសហរដ្ឋអាមេរិកក៏ដោយ។

ម្ចាស់ខ្សែក្រវ៉ាត់ប្រដាល់សកលជើងឯកទម្ងន់អាស៊ី Eric Pen អរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានផ្តល់កម្លាំងចិត្តដល់ខ្លួនទាំងមុន និងក្រោយប្រកួត ហើយរំពឹងថានឹងធ្វើឲ្យអ្នកគាំទ្រទទួលអារម្មណ៍រំភើប និងមោទនលើខ្លួនក្នុងឱកាសក្រោយៗទៀត៕