About Me

header ads

David Moyes ៖ ហង្សក្រហម Liverpool គឺជាក្រុមមួយដែលគ្រប់គ្នាចង់បំបាក់

អ្នកចាត់ការទូទៅក្រុម West Ham លោក David Moyes ជឿជាក់ថាក្រុមហង្សក្រហម Liverpool គឺជាក្រុម១ដែលពេលនេះគ្រប់ក្រុមទាំងអស់សុទ្ធតែចង់កាច់បំបាក់ ហើយនេះគឺវាដូចទៅនឹងកាលដែលក្រុម Manchester United ធ្លាប់លេចធ្លោរខ្លាំងក្នុងស្រុកកាលពីមុនដែរ។ ភាពខ្លាំងដើម្បីឈានឆ្ពោះទៅរកតំណែងម្ចាស់ពានក្នុងរយៈពេល៣០ឆ្នាំ ជិតនឹងកើតឡើងហើយ ព្រោះមកទល់នឹងពេលនេះ៤២ប្រកួតកន្លងមកមិនមានក្រុមណាអាចបំបាក់ Liverpool បាននៅឡើយទេ។ អតីតអ្នកចាត់ការ United ក្នុងរដូវកាល2013-2014 រូបនេះបានលើកឡើងថាគ្រប់ក្រុមទាំងអស់កំពុងត្រៀមប្រកួតទប់ទល់នឹង Liverpool គឺដូចនឹងកាលដែលគ្រប់ក្លិបទាំងអស់ព្យាយាមប្រកួតដើម្បីបំបាក់ Manchester United ស្ថិតនៅចំណុចកំពូលដូច្នោះដែរ «គ្រប់គ្នាពេលនេះកំពុងព្យាយាមបំបាក់ហង្សក្រហម Liverpool ហើយនេះគឺជាអ្វីមួយដែលតែងតែកើតឡើងក្នុងពិភពបាល់ទាត់។ រឿងនេះកើតឡើងច្រើនកាលដែលខ្ញុំនៅដឹកនាំ Manchester United គេគ្រប់គ្នាព្យាយាមបំបាក់ Manu ហើយរឿងនេះបានធ្វើឲ្យក្រុមមានការអភិវឌ្ឍ»។ Manchester City ដែលជាគ្រូប្រជែងដ៏ប្រកៀកប្រកិតរបស់ Liverpool ហើយមាន២២ពិន្ទុតាមពីក្រោយ នឹងបើកទ្វារកីឡដ្ឋានខ្លួនស្វាគមន៍ក្រុម West Ham នៅថ្ងៃអាទិត្យស្អែកនេះ។ Moyes ដែលស្ថិតនៅក្នុងកៅអីគ្រោះថ្នាក់មុននឹងធ្វើដំណើរទៅកីឡដ្ឋាន Etihad ព្រមទាំងត្រៀមខ្លួនទៅសួរសុខទុក្ខ Liverpool នៅ២សប្ដាហ៍ខាងមុខទៀត បានឲ្យសារព័ត៌មាន Skysports ដឹងថាម្ចាស់ក្លិប West Ham ទទូចឲ្យក្រុមលោកព្យាយាមប្រកួតដើម្បីយកឲ្យបានពិន្ទុជាចាំបាច់។  «អ្វីដែលយើងមើលឃើញពី Manchester City រយៈពេលច្រើនឆ្នាំមកនេះ ពួកគេពិតជាអស្ចារ្យណាស់ ហើយយើងក៏បានឃើញអ្វីដែលស្រដៀងគ្នានេះពីក្រុម Liverpool ដូចគ្នា។យើងដឹងថាពួកគេជាក្រុមខ្លាំង ហើយការប្រកួតប្រាកដជាលំបាកខ្លាំង តែពួកយើងបានយល់អស់ហើយ ដូច្នេះពួកយើងនឹងទៅទីនោះហើយព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីទទួលបានលទ្ធផលនិងពិន្ទុត្រលប់មកវិញ»។