About Me

header ads

កូរ៉ូណា (Covid-19) វាយលុកខ្លាំងពេកអាចនឹងប៉ះពាល់ដល់ការលើកពានលីគរបស់ Liverpool

មិនដល់ប៉ុន្មានម៉ោងផងក្រោយក្រសួងសុខាភិបាលនៃប្រទេសអង់គ្លេសបានប្រកាសចេញពីការរក
ឃើញ២ករណីបន្ថែមទៀតនៃការឆ្លងមេរោគកូរ៉ូណា (Covid-19) នៅប្រទេសអង់គ្លេសធ្វើឲ្យរដ្ឋាភិបាលប្រទេសមហាអំណាចនៅទ្វីបអឺរ៉ុបមួយនេះកំពុងតែពិចារណាព្យួរការប្រកួតកីឡាចោលទាំងអស់ដោយសារបារម្ភខ្លាចមានការឆ្លងរីករាលដាលកាន់តែខ្លាំងជាងនេះ។ យ៉ាងណាមិញ តាមការចុះផ្សាយភ្លាមពីសារព័ត៌មានកីឡាល្បីៗដូចជា BBC Sport ឬបណ្តាញព័ត៌មានកីឡាផ្សេងទៀតទាក់ទងទៅនឹងផលប៉ះពាល់នៃការឆ្លងមេរោគ Covid-19 ទៅលើការលើកពានរបស់ក្រុមហង្សក្រហម Liverpool។ ប្រសិនបើរដ្ឋាភិបាលអង់គ្លេសពិតជាសម្រេចព្យួរព្រឹត្តិការណ៍កីឡាចោលទាំងអស់មែន នោះបានន័យថា ការលើកពានលីគកំពូលជាលើកដំបូងក្នុងរយៈពេលជិត៣០ឆ្នាំរបស់ក្រុមហង្សក្រហមនៅខែឧសភាខាងមុខនេះនឹងត្រូវពន្យាពេលទៀត ប៉ុន្តែវាគ្រាន់តែជាការព្យួរបណ្តោះអាសន្នប៉ុណ្ណោះ មិនមែនជាការលុបចោលឡើយ ។ ដូច្នេះប្រសិនបើ Liverpool មានពិន្ទុគ្រប់គ្រាន់អាចគ្រងជើងឯកបាន ស្របពេលដែលរដ្ឋាភិបាលបញ្ជាឲ្យព្យួរការប្រកួតសិននោះ ក៏ពួកគេនៅតែអាចលើកពានលីគកំពូលអង់គ្លេសបានដដែល គ្រាន់តែត្រូវរង់ចាំប្រកួតបង្គ្រប់កិច្ចសម្រាប់ប្រកួតដែលនៅសេសសល់ក្រោយរយៈពេលនៃការព្យួរបានបញ្ចប់ប៉ុណ្ណោះ ចំពោះបញ្ហានេះមិនមែនជារឿងដែលហ្វេនត្រូវបារម្ភខ្លាំងឡើយ។ យ៉ាងណាមិញ អំពីរយៈពេលនៃការព្យួរយូរប៉ុនណានោះគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ពីព្រោះរដ្ឋាភិបាលមិនទាន់បញ្ជាក់ច្បាស់ពីគម្រោងនៃការព្យួរនៅឡើយ គ្រាន់តែកំពុងពិចារណាលើរឿងនេះតែប៉ុណ្ណោះ។ ក្រៅពី Liverpool ក្រុមដែលកំពុងស្ថិតនៅបាតតារាងត្រូវកាត់ចោល និងក្រុមនៅក្របខណ្ឌលំដាប់ទី២ ឬទី៣ ដែលត្រូវប្រូម៉ូតឡើងមកលេងនៅខាងលើក៏ត្រូវផ្អាករង់ចាំរយៈពេលនៃការព្យូរបញ្ចប់សិនដែរ។ យ៉ាងណាក៏ដោយ រឿងទាំងអស់នេះគឺគ្រាន់តែជាការគិតទុកមុនដើម្បីត្រៀមសម្រាប់ហេតុការណ៍ដែលនឹងអាចកើតឡើងប៉ុណ្ណោះ ពីព្រោះនៅពេលមេរោគ Covid-19 កំពុងតែរាតត្បាតយ៉ាងលឿនទៅជាង៥០ប្រទេសនៅជុំវិញពិភពលោក ហើយចំនួនអ្នកឆ្លងកើនឡើងច្រើនជាង៨ម៉ឺននាក់ទូទាំងពិភពលោក រួមជាមួយអ្នកស្លាប់មានការកើនឡើងជាង២ពាន់នាក់ផងដែរ។ ព្រឹត្តិការណ៍កីឡាធំៗជាច្រើន ដូចជាកីឡាអូឡាំពិករដូវក្តៅនៅប្រទេសជប៉ុនក៏ទំនងជាត្រូវព្យួរ ឬលុបចោលផងដែរ។ សម្រាប់ពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប UEFA European Cup នៅគ្រោងធ្វើក្រោយចប់លីគនៅពាក់កណ្តាលឆ្នាំ២០២០នេះក៏កំពុងតែស្ថិតក្នុងភាពស្រពិចស្រពិលផងដែរប្រសិនបើមេរោគ Covid 19 នេះនៅតែបន្តឥទ្ធពលរបស់វាពាសពេញពិភពលោកបែបនេះ។ សូមបញ្ជាក់ថាក្លិបហង្សក្រហម Liverpool ខកខានលើកពាន Premier League ចាប់តាំងពីការប្រកួតលីគរដូវកាលឆ្នាំ ១៩៨៩ -១៩៩០ មកម្ល៉េះ៕