About Me

header ads

ការសម្តែងសិល្បៈពិសេសៗ ដើម្បីអបអរព្រឹត្តិការណ៍មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ២០២០ ពីសិល្បករ-សិល្បការិនីកម្ពុជា និងក្រុមរាំ Break Dance ដ៏ល្បីពីប្រទេសជប៉ុន

ស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឃមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឬហៅកាត់ថា CJCC និងមជ្ឃមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន បានរៀបចំមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា លើកទី៩ ដែលជាកម្មវិធីវប្បធម៌មួយត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១២ មកម្ល៉េះ ក្នុងគោលបំណងបង្ហាញពីវប្បធម៌កម្ពុជា និងជប៉ុន ក៏ដូចជាជម្រុញការផ្លាស់ប្តូរបន្ថែមរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងឱកាសនៃពិធីបើកមហោស្រពនេះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងខ្ពង់ខ្ពស់ពីលោក ជំទាវ ភឿង សកុណា រដ្ឋមន្រ្តីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមនឹងភ្ញៀវកិត្តយសពីស្ថាប័ននានាជាច្រើនទៀត។ ការសម្តែងសិល្បៈពិសេសៗ បានប្រព្រឹត្តទៅយ៉ាងអស្ចារ្យ ទាំងការសម្តែងរបាំប្រពៃណី និងសម័យរបស់កម្ពុជា និងជប៉ុន រួមមានរបាំអប្សរា របាំកណ្តូបសេះ ការបង្ហាញសមត្ថភាពពិសេសរបស់សិស្សសាលាកម្ពុជា និងជប៉ុន ការសម្តែងក្បាច់រាំ Break Dance ពីក្រុមរាំដ៏ល្បីប្រចាំប្រទេសជប៉ុនទៀតផង។ ជាមួយគ្នានេះ សិល្បករផ្នែករបាំកម្ពុជា និងក្រុមរាំ MORTAL COMBAT របស់ជប៉ុន បានបង្ហាញអារម្មណ៍រីករាយក្នុងឱកាសចូលរួមសម្តែងនៅក្នុងមហោស្រពគីហ្សូណា ព្រមនឹងការស្វែងយល់ និងចែករំលែកវប្បធម៌ប្រពៃណីរវាងគ្នានឹងគ្នាតាមរយៈសិល្បៈនេះតែម្តង។ ព្រឹត្តិការណ៍មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា បានកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែកុម្ភៈ ដល់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមប្រធានបទ អានុភាពកីឡា។ ក្នុងរយៈពេល ៤ ថ្ងៃនៃមហោស្រពគីហ្សូណាជប៉ុន-កម្ពុជានេះ ក៏មានកម្មវិធីកម្សាន្តជាច្រើនទៀតដែរដូចជា សិក្ខាសាលាទាក់ទងនឹងសិល្បៈ អប់រំ  សុខភាព និងបច្ចេកវិទ្យា ការសាកល្បងភ្លក្សម្ហូបនិងបង្អែមខ្មែរ-ជប៉ុន ការស្លៀកក្បិនខ្មែរ និងសម្លៀកបំពាក់យូកូតាជប៉ុន ពិធីលៀងតែជប៉ុន សាដូ សិល្បៈបត់ក្រដាស អូរីហ្គាមី ការតុបតែងផ្កា ការសរសេរអក្សរផ្ចង់ ដែលបង្ហាញពីវប្បធម៌ប្រពៃណីជប៉ុនជាដើម។ ជាពិសេសលោកអ្នកក៏បានរីករាយជាមួយនឹងការសម្តែងសិល្បៈប្រពៃណីនិងសម័យ របស់កម្ពុជា និងការបង្ហាញក្បាច់រាំ Break Dance ពីក្រុមរាំដ៏ល្បីប្រចាំប្រទេសជប៉ុន។




 


អត្ថបទដោយៈ សំណាង