About Me

header ads

គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ

ខេត្តប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ ដោយបើកបរច្រាសទិសគ្នា បណ្តាលឱ្យរងរបួស ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៤៥នាទី យប់ថ្ងៃអង្គារ០៣ រោច ខែមាឃឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចមុខផ្ទះសំណាក់ហ្គោលហៅស៍ ស្ថិត​ក្នុង​ភូមិ​ ផ្សារព្រំជើង ឃុំ​ស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្ត​ប៉ៃលិន​ ។

ប្រភពព័ត៍មានបានឱ្យដឹងថា ម្ចាស់រថយន្តមាន ឈ្មោះ​ អន ផាត ភេទ​ប្រុស អាយុ​ ៥៧ឆ្នាំ​ មានមុខរបរជាកសិករ មានទីលំនៅ​នៅភូមិអូររអិល ឃុំ​ស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្ត​ប៉ៃលិន បានបើកបររថយន្តម៉ាកហាយឡិនដឺពណ៌ស្ករ ពាក់ស្លាកលេខ បាត់ដំបង ២B-៨១៤៥​  បើកបរក្នុងទិសដៅពីជើងទៅត្បូង គ្មានរបួស ។ ចំណែកម្ចាស់ម៉ូតូមានឈ្មោះ​ លួន វង្ស ភេទ​ប្រុស​ អាយុ​៣៧ឆ្នាំ​ មុខរបរជាងដែក មានទីលំនៅនៅភូមិ អូរឈើក្រំ ឃុំ​ស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្ត​ប៉ៃលិន ជិះម៉ូូតូម៉ាកវ៉េវពណ៌ក្រហម ពាក់ស្លាកលេខ បន្ទាយមានជ័យ 1C- 1119 បើកបរពីត្បូងទៅជើង​ រងរបួសធ្ងន់ (បាក់ជើងឆ្វេង) ។

ប្រភពបន្តទៀតថា ខណៈម្ចាស់ម៉ូតូបើកបរក្នុងល្បឿនលឿន លុះម្ចាស់រថយន្តបត់ឆ្វេងចូលទៅផ្ទះសំណាក់ ហ្គោលហៅស៍ បណ្តាលឱ្យចំពីមុខពេញទំហឹងដួលប្រាវ ទើបរថយន្តកិនពីលើម៉ូតូបង្កអោយម្ចាស់ម៉ូតូរងរបួសធ្ងន់បាក់ជើងឆ្វេងតែម្តង ។

​ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នម៉ូតូនិងរថយន្តត្រូវបាននគរបាលដកហូតយកទៅរក្សាទុកនៅស្នាក់ការប៉ុស្តិ៍ស្ទឹងកាច់ រីឯជនរងគ្រោះត្រូវបានគេបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕