About Me

header ads

អ្នកតំណាងរាស្ដ្រមណ្ឌលព្រះវិហារ អញ្ជើញបញ្ចុះបឋមសិលាអគារសម្ភពរបស់មណ្ឌលសុខភាពច្រាច់ ក្នុងស្រុកជ័យសែន នៃដែនដីខេត្តព្រះវិហារ

ព្រះវិហារ៖ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ដ្រមណ្ឌលព្រះវិហារ និងលោកជំទាវ កាលពីព្រឹកថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះបានអញ្ជើញ បញ្ចុះបឋមសិលាអគារសម្ភពរបស់មណ្ឌលសុខភាពច្រាច់ ស្ថិតក្នុង ភូមិបដិវត្តន៍ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលជាគម្រោងមូលនិធិស្ថានទូតនៃប្រទេសចិនប្រចាំនៅកម្ពុជា។

ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមអភិបាលរងខេត្តព្រះវិហារ លោក លោកស្រីប្រតិភូអមដំណើរ កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ តាជី យាយជី មន្ដ្រីសុខាភិបាល និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។មានប្រសាសន៍នាឱកាសនោះ លោក សួស យ៉ារ៉ា បានថ្លែងថា ដោយមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋនៅមានការខ្វះខាតផ្នែកសេវាសុខភាព ទើបបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់នូវសំណង់ដ៏ច្រើន ជាពិសេសតាមតំបន់ដាច់ស្រយ៉ាល ដែលទាំងនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់គិតគូដល់សុខភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

លោកបានថ្លែងបន្តថា ក្រោយពេលដែលអគារមណ្ឌលសុខភាពនេះសាងសង់រួច សូមបងប្អូនមកទទួលការថែទាំសុខភាព ព្រោះការប្រើប្រាស់សេវាសុខភាពសាធារណៈ គឺការទទួលបាននូវសេវាមួយ ដែលមានបច្ចេកទេសត្រឹមត្រូវ តាមក្បួនវេជ្ជសាស្ត្រ ជាពិសេសការថែទាំ នឹងផ្ដល់ការសម្រាលដល់ស្រ្តីមានផ្ទៃពោះប្រកបដោយសុវត្តិភាព។ទន្ទឹមគ្នានេះ លោក សួស យ៉ារ៉ា ក៏បានថ្លែងអំណរគុណដល់គម្រោងមូលនិធិស្ថានទូតចិនប្រចាំកម្ពុជា និងសប្បុរសជនទាំងអស់ ដែលជួយឧបត្ថម្ភសាងសង់នូវអគារសម្ភព នៃមណ្ឌលសុខភាពច្រាច់នេះ ដើម្បីជាហេតុផ្តល់នូវភាពងាយស្រួល ដល់មន្ត្រីសុខាភិបាលក្នុងការបំពេញការងារ ការផ្តល់សេវាជូនប្រជាជន ជាពិសេសប្រជាជនងាយស្រួលក្នុងការមកទទួលយកសេវាសាធារណៈ ដូចជាការសម្រាល និងការថែទាំព្យាបាលជម្ងឺ ៕