About Me

header ads

រដ្ឋបាលខេត្តស្ទឹងត្រែងទទួលជួបពិភាក្សាការងារជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា(គណៈកម្មការទី១) នៃរដ្ឋសភា !

ស្ទឹងត្រែងៈឯកឧត្តមម៉ុមសារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឺងត្រែង បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ដើម្បីស្វែងយល់អំពីការរីកចម្រើនរបស់ខេត្ត និងយន្តការដោះស្រាយករណីទំនាស់ដីធ្លី។

កិច្ចប្រជុំពិភាក្សាការងារនេះត្រូវាបានធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២០នេះដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកគណៈកម្មការទី១ កងកម្លាំងទាំងបីប្រភេទ លោកអភិបាល អភិបាលរងក្រុង ស្រុក  ប្រធានមន្ទីរ និងអង្គភាពពាក់ចំនួនផងដែរ។

ឯកឧត្តម ម៉ុម  សារឿន  អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានថ្លែងស្វាគមន៍ កក់ក្តៅ ចំពោះការអញ្ជើញមកដល់របស់ គណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ទទួលបន្ទុកគណៈកម្មការទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងជាមួយរដ្ឋសភា ដើម្បីស្វែងយល់ពីបញ្ហាពាក់ព័ន្ធនានារបស់រដ្ឋបាលខេត្ត ព្រមទាំងដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋតាមរយៈយន្តការគណៈកម្មការរដ្ឋបាល។ឯកឧត្តមបានលើកឡើងថា  រដ្ឋបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថាដោយមានការគិតគូរយកចិត្តទុកដាក់តម្រង់ទិសណែនាំពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានធ្វើឱ្យខេត្ត បោះជំហានទៅមុខយ៉ាងឆាប់រហ័សគួឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍខេត្តធានាបានភាពរឹងមាំនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមដែលជាមូលដ្ឋានគ្រឹះ រួមចំណែកការអភិវឌ្ឍនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ម៉ុម សារឿនបន្តថា ទន្ទឹមនិងភាពរីកចំរើនដ៏ឆាប់រហ័សរបស់ខេត្តស្ទឹងត្រែងនាពេលបច្ចុប្បន្ននេះ មានបញ្ហាជាច្រើនបានកើតឡើង ជាពិសេសបញ្ហាទំនាស់ដីធ្លី វិវាទដីធ្លី ប៉ុន្តែត្រូវរដ្ឋបាលសហការជាមួយអាជ្ញាធរពាក់ព័ន្ធស្រាវជ្រាវនិងដោះស្រាយបានជាបន្តបន្ទាប់។

ក្រោយពីបានស្តាប់ការរាយការណ៍របស់ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងរួចមក ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងគណៈប្រតិភូគណៈកម្មការទី១នៃរដ្ឋសភាបានផ្តល់នូវការគាំទ្រចំពោះដំណោះស្រាយរបស់អាជ្ញាធរខេត្តស្ទឹងត្រែងដែលបានខិតខំដោះស្រាយបាន នូវទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនិងស្មុគ្រស្មាញ ដែលលើកឡើង ព្រមទាំងបានជំរុញទៅអាជ្ញាធរនៃរដ្ឋបាលខេត្ត និងបណ្តាស្ថាប័នមន្ទីរអង្គភាពពាក់ព័ន្ធ បន្តដោះស្រាយបញ្ហាផ្សេងទៀត ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដែលភាគីទាំងសងខាងអាចទទួលយកបានទាំងអស់គ្នា។