About Me

header ads

ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងអញ្ជើញចូលរួមក្នុងកម្មវិធីប្រគុំតន្រ្តី “បទភ្លេងដើម្បីមិត្តភាព”

កម្មវិធីប្រគុំតន្រ្តី “បទភ្លេងដើម្បីមិត្តភាព” បានប្រព្រឹត្តទៅនៅសាលមហោស្រពចតុម្មុខ នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមការយាងអញ្ជើញចូលរួមដ៏ថ្លៃថ្លាពី ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងតំណាងពីស្ថានឯកអគ្គរាជទូតថៃនៅកម្ពុជា ដែលជាអ្នករៀបចំកម្មវិធីជាច្រើនរូបទៀត។ ប្រគុំតន្រ្តី “បទភ្លេងដើម្បីមិត្តភាព” បានរៀបចំឡើងក្នុងគោលបំណងរម្លឹកខួប ៧០ ឆ្នាំនៃចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង៍ ដែលបានចាប់សាងសម្ព័ន្ធភាពជាមួយគ្នានៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ១៩៥០។ ឯកឧត្តម ប៉ាន់យ៉ារ៉ាក់ភូនសាប់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានឡើងមានប្រសាសន៍ថ្លែងបើកនូវកិច្ចពិធីយ៉ាងដូច្នេះថាៈ (ជាដំបូងខ្ញុំបាទ ខ្ញុំព្រះកុរណា សូមអនុញ្ញាតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយាងអញ្ជើញចូលរួមពី ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងរាត្រីនៃការប្រគុំតន្រ្តីដើម្បីចំណងមិត្តភាព ៧០ ឆ្នាំ តាមរយៈការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងថៃ រួមទាំងវត្តមានភ្ញៀវកិត្តិយស មិត្តនិស្សិតជាច្រើនទៀតនៅរាត្រីនេះ។ ក្នុងនាមជាប្រទេសជិតខាង ថៃនិងកម្ពុជា ដែលបានចែករំលែកប្រពៃណី ជំនឿ និងវប្បធម៌នឹងគ្នាទៅវិញទៅមក។ ប្រទេសទាំងពីរក៏មានព្រះមហាក្សត្រជាទីគោរព សក្ការៈយ៉ាងខ្ពង់ខ្ពស់បំផុត ហើយព្រះមហាក្សត្រនៃយើង ថែមទាំងមានភាពល្បីល្បាញខាងសមត្ថភាពតន្រ្តីយ៉ាងពិសេស។ នៅរាត្រីនេះក្រុមតន្រ្តីចង្វាក់ jazz របស់ថៃ Philharmonic Orchestra នឹងនាំយើងត្រលប់ទៅយុគសម័យនៃតន្ត្រីចង្វាក់ jazz ដ៏ពីរោះ ហើយសូមអញ្ជើញយើងទាំងអស់គ្នាឱ្យបានឃើញពីទេពកោសល្យខាងតន្ត្រីរបស់ ព្រះបាទ សម្តេច ផ្រៈម៉ះហា ភូមិភុនអាក់ឌុនយ៉ាដេត ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ និងបទភ្លេងពីរោះ”ជាច្រើនបទទៀត។) នារាត្រីនោះ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសូងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានថ្លែងនូវសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមនៅក្នុងកម្មវិធីប្រគុំតន្រ្តី “បទភ្លេងដើម្បីមិត្តភាព” នេះផងដែរ។





សម្លេងតន្រ្តីនៃភ្លេង Jazz បានអង្រួនចិត្តភ្ញៀវកិត្តិយសដែលបានចូលរួម អោយរន្ថើនអារម្មណ៍ទៅតាមការសម្តែងពីសិល្បករមានទេពកោសល្យទាំងកម្ពុជា និងថៃ។ ក្នុងនោះបទចម្រៀង ដែលជាព្រះរាជនិពន្ធរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋិ ចំនួន ៤ បទ ក៏ត្រូវបានចម្រាញ់ជ្រើសរើសពិសេសដោយស្ថានឯកអគ្គរាជទូតថៃនៅកម្ពុជាទៀតផង។
បន្តមកក៏មានបទចម្រៀងដែលជាស្នាព្រះហស្តនៃព្រះបាទ សម្តេច ផ្រៈម៉ះហា ភូមិភុនអាក់ឌុនយ៉ាដេត ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ សម្រាប់ប្រគុំនៅក្នុងរាត្រីដ៏មានអត្ថន័យនេះ។
កម្មវិធីប្រគុំតន្ត្រីនេះ បានបញ្ចប់ទៅដោយស្នាមញញឺម និងពោរពេញដោយភាពរីករាយ ក្លាយជារាត្រីមួយនៃការចងចាំពីចំណងមិត្តភាពដ៏មិនអាចបំភ្លេចបាន។

 


អត្ថបទដោយៈ សំណាង