ចោរគាស់ទ្វាររថយន្តលួចទ្រព្យសម្បត្តិយ៉ាងសកម្មប្រជាពលរដ្ឋខំចាប់ឲ្យបែរជាប៉ូលិសប៉ុស្តិ៍ចោមចៅទី១បណ្ដោយឲ្យរត់បាត់ទាំងដៃជាប់ខ្នោះ

ភ្នំពេញ៖ ជនសង្ស័យដែលជាចោរគាស់ទ្វាររថយន្តលួចទ្រព្យសម្បត្តិយ៉ាងសកម្មម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបានប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ចោមចៅទីចាត់ការតាមច្បាប់ ប៉ុន្តែផ្ទុយទៅវិញ ដោយការធ្វេសប្រហែសរបស់ប៉ូលិស បន្ទាប់ពីចាប់ខ្លួនបានប៉ុន្មានម៉ោង ធ្វើឲ្យចោរមានឱកាសរត់គេចខ្លួនបាត់ទាំងដៃជាប់ខ្នោះ ។បង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោទាំងយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងប៉ុស្តិ៍នគរបាលចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពបានឲ្យដឹងថា ជនសង្ស័យត្រូវបានបងប្អូនប្រជាពលរដ្ឋ រងគ្រោះចាប់ឃាត់ខ្លួនបាន ខណៈដែលធ្វើសកម្មភាពគាស់ទ្វាររថយន្តលួចទ្រព្យសម្បត្តិ កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ នាំខ្លួនសាកសួរ នៅប៉ុស្តិ៍ កសាងសំណុំរឿងរួចរាល់ហើយ ឃុំទុកនៅជាន់ទី១ មន្ត្រីនគរបាលចុះមកក្រោម ភ្លេចខ្លួន សម្រេចពីមេប៉ុស្តិ៍ ពីជំនាញខណ្ឌ ចូលអធ្រាត្រថ្ងៃទី១៩ ខែកុម្ភៈ ត្រូវនាំខ្លួនទៅឃុំនៅផ្នែកជំនាញ ស្រាប់តែបាត់ចោរ នគរបាលប៉ុស្តិ៍ចាប់ផ្តើមបញ្ឈរភ្នែកដាក់គ្នា តាមស្វែងរកយ៉ាងណាក៏មិនឃើញ បាត់ដោយសុវត្តិភាព បានជនសង្ស័យឯណាបញ្ជូនចាត់ការតាមនិតិវិធីនោះ?៕