About Me

header ads

កុមារី ឃុន កញ្ចនា ដែលរងគ្រោះដោយសារការធ្លាក់ពូថៅ ចំដាច់ប្រអប់ជើង បានទទួលជំនួយពីសប្បុរសជន

កំពង់ឆ្នាំង៖ ​ ក្រោយមានការផ្សព្វផ្សាយពីគ្រោះអកុសល នៃការធ្លាក់ពូថៅ ដាច់ប្រអប់ជើងខាងឆ្វេង កុមារីឈ្មោះ ឃុន កញ្ចនា អាយុ៤ឆ្នាំ ត្រូវពិការអស់មួយជីវិត ដោយក្តីអាណិតអាសូរ ពីសប្បុរសជន បានរួមគ្នា ជាថវិកាជួយដល់ក្មួយស្រីដែលកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត  ទុំ  សម្បត្តិ  ប្រធានមន្ទីរពេទ្យខេត្ត រួមជាមួយសប្បុរសជន ក្នុងខេត្តកំពង់ឆ្នាំង បាននាំយកជំនួយដែលទទួលបានពីសប្បុរសជន ជូន ដល់កុមារី ឃុន  កញ្ចនា  ដើម្បីសម្រាប់ដោះស្រាយ ផងដែរ។ ស្ថិតក្នុងទិដ្ឋភាពដោយក្តីក្តុកក្តួលអាណិតកូនស្រីជាពន់ពេក ទឹកភ្នែកបានហូរជ្រែករបស់ ស្ត្រីជាម្តាយ សម្លឹងមើលមុខកូនស្រីកំសត់ ស្លុតក្នុងអារម្មណ៏ ដោយរំពៃគិតក្នុងចិត្តថា ចាប់ពីពេលនេះតទៅ កូនស្រីតែមួយរបស់ខ្លួន ត្រូវពិការបាត់ប្រអប់ជើងអស់មួយជីវិតហើយ ដោយយំបណ្តើរមើលមុខកូនស្រីកំសត់បណ្តើរ។​​




សូមបញ្ជាក់ផងដែរថា កុមារី ឃុន កញ្ចនា អាយុ៤ឆ្នាំ មានបងប្អូនចំនួន៤នាក់ ក្មួយស្រីជាកូនពៅក្នុងគ្រួសារ និងមានបងប្រុសចំនួន៣នាក់ ម្តាយជាកម្មការីនីរោងចក្រកាត់ដេរ ឪពុកជាកម្មករធ្វើការនៅ ខេត្តពោធិ៍សាត់ ដោយក្មួយស្រីបច្ចុប្បន្នរស់នៅភូមិ វត្តថ្មី  ឃុំ តាជេស  ស្រុកកំពង់ត្រឡាច  ខេត្តកំពង់ឆ្នាំង  ហើយក្មួយស្រី ជួបគ្រោះអកុសល់ និងបានបញ្ជូនមកសង្គ្រោះបន្ទាន់ ក្រោយធ្លាក់ផ្លែពូថៅ ដាច់ប្រអប់ជើង ខាងឆ្វេងកាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ និងកំពុងសម្រាកព្យាបាលរបួសបន្ត នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បន្ទប់លេខ១ គ្រែលេខ១ ដោយក្តីអាណិតបំផុត៕