About Me

header ads

ចោរម្នាក់ជិះម៉ូតូចូលទៅលួចក្នុងផ្ទះគេ ទាំងយប់រំលងអធ្រាត្រ ប៉ះចំម្ចាស់កំពុងភ្ញាក់ពីដេក ដេញចាប់ផ្អើលពេញភូមិ

ខេត្តប៉ៃលិន៖ ចោរម្នាក់ រត់គេចខ្លួនបាតជើងសព្រាត ទាំងព្រលឹងចុងសក់ ខណ:ជិះម៉ូតូចូលទៅលួចឥវ៉ាន់ ក្នុងផ្ទះអ្នកភូមិម្នាក់ ស្របពេលដែលម្ចាស់ភ្ញាក់ពីដេក ឃើញកំពុងដើររុករករបស់របរក្នុងផ្ទះ ក៏ស្ទុះទៅចាប់ លុះចោរក្រឡេកឃើញទាន់ ក៏ឱនខ្លួនគេចប្រាសរត់យករួចខ្លួន ហើយម្ចាស់ផ្ទះបានស្រែកឱ្យអ្នកភូមិជួយដេញតាមប្រផាប់ចាប់ព្រភីង ។ តែសំណាងល្អ គេចខ្លួនទាន់ ហើយក៏បង្កឱ្យមានការភ្ញាក់ផ្អើល ចេញមកមើលគ្រប់ៗគ្នា ដោយបន្សល់ទុកនៅម៉ូតូ១គ្រឿង ។ ហេតុការណ៍ចោរចូលលួចក្នុងផ្ទះប្រជាពលរដ្ឋទាំងយប់ ហើយដេញចាប់បង្កឱ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣៦នាទីទាបភ្លឺ នៅចំណុចផ្ទះ១ខ្នងទើបនឹងសាងសង់ថ្មី ស្ថិតក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ជនរងគ្រោះ ដែលចោរចូលក្នុងផ្ទះបម្រុងលួចទ្រព្យ សម្បត្តិ មាន ឈ្មោះ ជា ណាត ភេទប្រុស អាយុ៥៣ឆ្នាំ ជាកសិករ រស់នៅភូមិកើតហេតុខាងលើ ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទប្រុស មានអាយុប្រហែល២៥ឆ្នាំ រត់គេចខ្លួន នៅសល់ម៉ូតូ១គ្រឿង ម៉ាកឌ្រីម ពណ៌ខ្មៅ បិតតែមស៊េរី២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1K-8850 ។


បើតាមប្រភពព័ត៌មានពីលោក ជា ណាត បានរៀបរាប់ឱ្យដឹងថា លោកបានប្តូរទីតាំងផ្ទះរបស់ខ្លួន ដែលធ្លាប់រស់នៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ទៅសាងសង់ផ្ទះនៅកន្លែងផ្សេងត្រង់ចំណុចកើតហេតុខាងលើ ។ លោកបន្តទៀតថា ផ្ទះថ្មីនេះ មិនទាន់សាងសង់រួចរាល់នៅឡើយទេ ដោយមានតែទ្វារខាងមុខសម្រាប់បិទផ្ទប់បណ្តោះអាសន្នប៉ុណ្ណោះ ។ ចំណែកទ្វារខាងក្រោយ គឺនៅចំហរ លុះដល់វេលាម៉ោង៣ទាបភ្លឺ បន្ទាប់ពីគាត់ ងើបបត់ជើងតូចរួច ក៏ឡើងទៅលើគ្រែដេកសម្ងំវិញ អត់ទាន់លង់លក់នៅឡើយទេ ។ ពេលនោះ ស្រាប់តែឃើញមានយុវជនម្នាក់ ដើរចុះឡើងៗ ក្បែរកន្លែងលោកដេក ដោយស្មានថា ជាមិត្តភក្តិកូនរបស់ខ្លួន ក៏ចាំមើលបន្តទៀត លុះដឹងថាជាចោរ ក៏ស្ទុះចេញពីមុង ដើម្បីសង្គ្រប់ចាប់ ។ តែពេលចោរនោះឃើញ ក៏ឱនខ្លួន រួចស្ទុះចេញទៅក្រៅ ហើយលោកក៏រត់ដេញតាមពីក្រោយ និងស្រែកឱ្យប្រជាពលរដ្ឋក្នុងភូមិជួយដេញតាមដែរ ។ ប៉ុន្តែ ដោយសារខ្លួនរត់ដេញអត់ស្បែកជើង ហើយឈឺជើង ក៏ឈប់ដេញតាម រួចប្តឹងនគរបាលឱ្យចុះទៅត្រួតពិនិត្យទាំងយប់ទាបភ្លឺតែម្តង ។  លោកបន្តទៀតថា ពេលនេះ កំពុងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលប៉ៃលិន ដើម្បីឱ្យស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ចំណែកម៉ូតូ ប្រគល់ឱ្យនគរបាលប៉ុស្តិ៍រក្សាទុក ៕