About Me

header ads

រដ្ឋបាលខេត្តកំពតធ្វើពិធីដង្ហែពានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន

កំពត៖ ថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០២០ រដ្ឋបាលខេត្តកំពតបានធ្វើពិធីដង្ហែពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានក្នុងក្រុងកំពតយ៉ាងអធិកអធមបំផុត។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋ សរុបប្រមាណ  ២៦០០នាក់។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមករាឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ និងឯកឧត្តម ជឹង ផល្លា បានដឹកនាំប្រតិភូខេត្តកំពតចូលរួមទទួលពានរង្វាន់ជ័យលាភីទេសចរណ៍ទីក្រុងស្អាតអាស៊ាននៅរដ្ឋធានីបង់ដារសេរីបេហ្គាវ៉ាន់ ប្រទេសប៊្រុយណេដែលរដ្ឋមន្ត្រីទេសចរណ៍អាស៊ានផ្តល់ជូន បន្ទាប់ពីបានវាយតម្លៃថា ក្រុងកំពត ជាទីក្រុងទេសចរណ៍ស្អាត។ នេះជាកិត្តិយសដ៏ឧត្តុង្គឧត្តម និងមោទនភាពថ្មីមួយទៀតសម្រាប់រដ្ឋបាលខេត្តកំពត ក៏ដូចជាពលរដ្ឋទូទាំងខេត្តដែលក្រុងកំពតត្រូវបានទទួលស្គាល់ជាទីក្រុងទេសចរណ៍ស្អាតលំដាប់អាស៊ាន។ កន្លងមកក្រុងកំពតបានទទួលពានរង្វាន់ជ័យលាភី រំដួលបីទង ចំនួន២លើក រួចមកហើយ ក្នុងចលនា ប្រឡងប្រណាំងក្រុងស្អាតថ្នាក់ជាតិ ផងដែរ៕