About Me

header ads

សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទធ្វើសន្និសីទបង្ហាញមុខកីឡាករចំណូលថ្មី៥នាក់ ខណៈដែលថ្នាក់ដឹកនាំក្លិបដាក់ក្តីរំពឹងខ្ពស់សម្រាប់រដូវកាលថ្មី

សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទធ្វើសន្និសីទបង្ហាញមុខកីឡាករចំណូលថ្មី៥នាក់ ខណៈដែលថ្នាក់ដឹកនាំក្លិបដាក់ក្តីរំពឹងខ្ពស់សម្រាប់រដូវកាលថ្មី

មួយថ្ងៃមុនធ្វើដំណើរទៅប្រកួតជាមួយក្រុមយុវជនបាទីអាយុក្រោម១៨ឆ្នាំសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបានធ្វើសន្នីសីទបង្ហាញមុខកីឡាករចំណូលថ្មីរបស់ខ្លួនចំនួន៥នាក់នៅក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទស្តាតចាស់។ លោក ខូវ ឆាយអគ្គលេខាធិការរបស់ក្លិបបានប្រាប់ថាកីឡាករចំណូលថ្មីទាំង៥នាក់នេះមិនមែនចេះតែនាំយកមកដោយខ្វះការពិចារណានិងវាយតម្លៃត្រឹមត្រូវនោះទេដោយខ្លួនលោកផ្ទាល់បានតាមដានទម្រង់លេងរបស់ពួកគេយ៉ាងយកចិត្តទុកដាក់បំផុតមុនសម្រេចចចារជាមួយភ្នាក់ងាររបស់ពួកគេ។

បន្ទាប់ពីការចចារសម្រេចបានពាក់កណ្តាលហើយ លោកបានជំរុញឲ្យអ្នកចាត់ការ និងក្រុមការងារគ្រូបង្វឹកដាក់ពួកគេឲ្យចូលប្រកួតកំដៅសាច់ដុំដើម្បីសាកល្បងកម្រិតសមត្ថភាព និងបច្ចេកទេសរបស់ពួកគេ។ បន្ទាប់ពីឆ្លងកាត់ការប្រកួតមិត្តភាព Pre-Season ពាន TV5 និងប្រកួតកម្តៅសាច់ដុំនៅប្រទេសថៃរួចហើយ ជាលទ្ធផលឃើញថាកីឡាករទាំង៥នាក់នោះសុទ្ធតែមានកម្រិតសមត្ថភាព និងបច្ចេកទេសល្អស្របតាមអ្វីដែលក្លិបចង់បានទើបលោក ខូវ ឆាយ សម្រេចចុះកិច្ចសន្យានាំយកពួកគេមកពង្រឹងក្លិប។ សូមបញ្ជាក់ថា កីឡាករទាំង៥នាក់នោះមានសមាសភាពដូចជា៖
១, ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Park Sung Min
២, ខ្សែបម្រើប្រយុទ្ធសញ្ជាតិជប៉ុន Endo Mikito
៣, ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Mario
៤, ខ្សែបម្រើសញ្ជាតិកាមេរ៉ូន Yannick
៥, ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Omokafe

ក្រៅពីកីឡាករទាំង៥រូបនោះ ក្លិបក៏បាននាំយកកីឡាករសញ្ជាតិខ្មែរមួយចំនួនទៀតមកពង្រឹងក្លិបក្នុងរដូវកាលថ្មីនេះផងដែរ។ សម្រាប់ការប្រកួតបើកឆាកលិគកំពូលរដូវកាលឆ្នាំ២០២០នេះ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទនឹងធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំនៅទីលានសាលាបាល់ទាត់ជាតិបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។

ក្នុងនោះលោក ខូវ ឆាយ ក៏បានបង្ហាញទំនុកចិត្តមុនប្រកួតថាក្រុមរបស់លោកនឹងយក៣ពិន្ទុសម្រាប់ប្រកួតដំបូងឲ្យបានដើម្បីអ្នកគាំទ្រ និងពិសេសដើម្បីម្ចាស់ឧបត្ថមធំតែម្តង។ ក្រោយបិទសន្និសីទ ក្លិបក៏បានបង្ហាញឈុតថ្មីសម្រាប់ពាក់ប្រកួតក្នុងរដូវកាលឆ្នាំ២០២០នេះផងដែរ ដោយឈុតក្រហមសម្រាប់លេងក្នុងទឹកដី និងឈុតខៀវសម្រាប់លេងក្រៅទឹកដី ។