ប្រជាពលរដ្ឋរស់នៅក្នុងឃុំជ្រៃបាក់ ៨ ភូមិ បាននាំគ្នាចាប់យកមុខរបរធ្វើចង្ក្រានលក់ ដើម្បីកែប្រែជីវ ភាពរបស់ពួកគាត់

កំពង់ឆ្នាំង :
ចង្រ្កានជាច្រើនប្រភេទ ត្រូវបានប្រជាកសិករ រស់នៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ជាច្រើនភូមិ បាននាំគ្នាចាប់យកមុខរបរធ្វើចង្ក្រានទាំងនេះលក់ដើម្បីកែប្រែជីវភាពរបស់ពួកគាត់ ដោយគ្រួសារខ្លះ ក៏បានបោះបង់នូវមុខរបរធ្វើស្រែចំការ ដោយងាកមកចាប់យក មុខរបរធ្វើចង្ក្រាននេះ ជាមុខរបរអាជីពផងដែរ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី៩ ខែកុម្ភ ឆ្នាំ២០ ២០នេះ អង្គភាពព័ត៌មាន fresh news បានចុះទៅដល់ភូមិ ២ ក្នុង ចំណោម ១៦ ភូមិ ស្ថិតនៅក្នុងឃុំជ្រៃបាក់ គឺភូមិឃ្លៃ និងភូមិត្រពាំងអន ភូមិទាំងពីរខាងលើនេះ ប្រជាកសិ ករ ទាំងក្មេងទាំងចាស់ ប្រមាណ៧០% បានប្រកបមុខរបរធ្វើចង្ក្រានលក់ នៅ ពេលទំនេរពីការរៀនសូត្រ និងធ្វើស្រែចំការ។

បងប្រុសឈ្មោះ ហៃ រស់នៅក្នុងភូមិឃ្លៃ  ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានរៀបរាប់ឲ្យដឹងថា គ្រួសារគាត់ បានចាប់យកមុខរបរធ្វើចង្ក្រាននេះ ជាច្រើនឆ្នាំមកហើយ ដោយដំបូងឡើយ គាត់បានធ្វើក្អម និងឆ្នាំង ក្រោយមកគាត់ក៏បានបោះបង់មុខរបរធ្វើក្អម ឆ្នាំង ហើយបានចាប់យកមុខរបរធ្វើចង្ក្រាននេះវិញ  ពីដើមឡើយគាត់មានកម្មករជាច្រើននាក់ មកធ្វើចង្ក្រាន នៅក្នុងរោងសិប្បកម្មរបស់គាត់ តែបច្ចុប្បន្ននេះ បន្ទាប់ពីគេបានរៀនចេះហើយ ពួកគេទាំងអស់នោះក៏បានចេញទៅធ្វើ នៅតាមផ្ទះរបស់ពួកគេរាងៗខ្លួន ដូច្នេះនៅតែក្រុមគ្រួសារ និងកូនចៅរបស់គាត់តែប៉ុណ្ណោះ ដែលនៅបន្តធ្វើ នៅក្នុងរោងសិប្បកម្មរបស់គាត់នេះ។

រីឯចង្រ្កាន ដែលគាត់ធ្វើសព្វថ្ងៃនេះ គឺមាន ៣ ប្រភេទ ,១ ចង្ក្រានឡូវ ,២ ចង្រ្កានកំពត, និង ៣ ចង្រ្កានកង្រី, ចង្ក្រានទាំង៣ប្រភេទនេះ មានទំហំធំនិងតូច តែប៉ុណ្ណោះ  រីឯតម្លៃក៏ខុសគ្នាដែរ ដោយចង្ក្រានឡូវ ធំ ១ថ្លៃ ៩០០០ រៀល ,តូច១ថ្លៃ ៦០០០ រៀល, ចង្រ្កានកំពត ធំ១ថ្លៃ ១០០០០ រៀល, តូចថ្លៃ៧០០០រៀល, ចង្ក្រានកង្រី ធំ១ថ្លៃ ៥០០០រៀល, តូច១ថ្លៃ ៤០០០រៀល,។ ចំណែកដី សម្រាប់យកមកធ្វើចង្ក្រានវិញ គឺត្រូវទៅកាប់នៅជើងភ្នំ មួយកន្លែង ដែលមានឈ្មោះថា ភ្នំភ្លង ភ្នំនេះមានចម្ងាយពីភូមិប្រមាណ៣គីឡូម៉ែត្រ ប្រជាពលរដ្ឋខ្លះ ដែលគ្មានលទ្ធភាពទៅកាប់ និងដឹកដីពីភ្នំមកបាន ក៏ត្រូវទិញដីគេ ក្នុងមួយគោយន្តកន្ត្រៃ តម្លៃ៤០០០០ រៀល។

លោក ចាន់ ឡេង ជន្ទប់ទី១ ឃុំជ្រៃបាក់បានប្រាប់ អង្គភាពព័ត៌មាន fresh news នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ ២០២០នេះ ឲ្យដឹងថា នៅក្នុងឃុំជ្រៃ បាក់ របស់លោក មាន១៦ភូមិ ដែលមានប្រជាពលរដ្ឋ សរុបចំនួន៣៣៤១ គ្រួសារ ក្នុងចំណោម ១៦ ភូមិមាន៨ភូមិដែលបាន ប្រកបមុខរបរធ្វើ ក្អម ឆ្នាំងចង្ក្រាន លក់ ។ ដោយឡែកនៅក្នុងភូមិឃ្លៃខាងលើនេះ ប្រជាពលរដ្ឋ៩០ភាគ រយ ក្នុងភូមិ បានចាប់យកមុខរបរធ្វើ ក្អម ឆ្នាំង ចង្ក្រានលក់ តាំងពីសម័យដូនតាមក មិនដែលបោះបង់ រហូតមក ដល់សម័យបច្ចុប្បន្ន។

កាលពីដើមឡើយ អ្នកភូមិនេះបានធ្វើក្អម ឆ្នាំង និងចង្ក្រានដើម្បីដឹកតាមរទេះគោ ដើរលក់ នៅតាមបណ្ដាខេត្តឆ្ងាយៗ គ្រប់ខេត្តក្រុង ក្នុងព្រះរាជាណា ចក្រកម្ពុជា ដោយពួកគាត់ ចេញទៅលក់ក្នុងមួយជើងៗ ចំណាយពេលរាប់ខែ ទើបត្រឡប់មកដល់ផ្ទះវិញ តែបច្ចុប្បន្ន បានប្រែក្លាយជីវភាព របស់ពួកគាត់ អោយមានភាពធូរធារ ពួកគាត់ក៏បានបោះបង់ការដឹក ដើរលក់តាមរទេះគោ  បែរមកនាំគ្នាទិញរថយន្តកែច្នៃ ស្ទើរគ្រប់ផ្ទះ និងគ្រួសារខ្លះទិញរឺម៉កម៉ូតូ  និងគោយន្តកន្ត្រៃ ដើម្បីដឹកក្អម ឆ្នាំង ចង្ក្រាន និងសំភារៈផ្សេងៗដើរលក់ជំនួសរទេះគោវិញម្ដង។ ហើយបច្ចុប្បន្ននេះ គ្រួសារនីមួយៗក៏កំពុងតែសាងសង់ផ្ទះថ្មី ប្រដេញគ្នា ស្ទើរគ្រប់ក្រុមគ្រួសារ នៅក្នុងភូមិនេះផងដែរ​ ។

ឈ្លៀតក្នុងឱកាសនេះ លោកជន្ទប់ទី ១ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមមេត្តាជួយគាំទ្រ ក្នុងការជួយទិញចង្ក្រាន ក្អម ឆ្នាំង និងសំភារៈប្រើប្រាស់ផ្សេងៗ ដែលធ្វើពីដីឆ្នាំង និងជាផលិតផល ដែលជាស្នាដៃរបស់ខ្មែរយើង៕