នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យចោរកាច់កម៉ូតូ៣នាក់នៅក្នុងបន្ទប់ជួលមួយកន្លែង

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនសង្ស័យចោរកាច់សោរកម៉ូតូចំនួន៣នាក់កាលពីវេលាម៉ោង១២និង ៣០នាទីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចបន្ទប់ផ្ទះជួលជាន់ទី១ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់នោះ រួមមាន១,ឈ្មោះពុង ម៉េងលាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងដែក ២,ឈ្មោះ សុខ មាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងដែក ៣,ឈ្មោះ សុខ ពៅ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ កម្មការិនីរោងចក្រកាត់ដេរ ត្រូវជាប្រពន្ធរបស់ជនសង្ស័យទី២ ។អ្នកទាំង៣នាក់នេះស្នាក់នៅបន្ទប់ជួលជាប់គ្នានិងមានស្រុកកំណើត នៅក្នុងភូមិត្នោត ឃុំស្រីសន្ធរ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមជាមួយគ្នាដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មួយរយៈពេលនេះនៅក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យមានសកម្មភាពចោរលួចកាច់សោរកម៉ូតូយបានសម្រេចជាបន្តបន្ទាប់ ហើយក្រុមចោរតែងតែបានគេចខ្លួនបាត់ដោយសុវត្ថិភាព។ចំណែកនគរបាលនគរបាលខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌ បានចេញធ្វើការស្រាវជ្រាវរហូតរកឃើញមុខសញ្ញាជនសង្ស័យទើបនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ចុះទៅបង្រ្កាបនិងចាប់ខ្លួនបាន៣នាក់ខាងលើ។ព្រមទាំងដកហូតវត្ថុតាងមាន ដូចជាស្លាក​លេខ​ម៉ូតូ​ចំនួន​២បន្ទះ,សោរ​សម្រាប់ដោះគ្រឿងម៉ូតូ ,ឧបករណ៍សម្រាប់កាច់សោរកម៉ូតូ ព្រមទាំងសម្ភារៈមួយចំនួនទៀត រួចនាំខ្លួនជនសង្ស័យទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕