About Me

header ads

៣៣៤លានរៀល ជាប្រាក់រង្វាន់រាជរដ្ឋាភិបាលត្រូវបានប្រគល់ជូនជ័យកីឡាជនបញ្ញាខ្សោយកម្ពុជាចំនួន៧នាក់ ពីអូឡាំពិកពិភពលោករដូវក្តៅ

៣៣៤លានរៀល ជាប្រាក់រង្វាន់រាជរដ្ឋាភិបាលត្រូវបានប្រគល់ជូនជ័យកីឡាជនបញ្ញាខ្សោយកម្ពុជាចំនួន៧នាក់ ពីអូឡាំពិកពិភពលោករដូវក្តៅ

នៅព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម សែម សុខា អនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ៣៣៤ លានរៀល ជូនដល់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីព្រឹត្តិការណ៍ Special Olympics World Games ABU DHABI 2019 (កីឡាជនបញ្ញាខ្សោយ) នៅអារ៉ាប់រួម   ។

កម្ពុជាបានបញ្ជូនអត្តពលិក ប្រតិភូ គ្រូបង្វឹក និងគ្រូជំនួយ ចំនួន១៥នាក់ ទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាស្ប៉េស្យាល់អូឡាំពិក ពិភពលោក លើកទី១៥ នៅទីក្រុង Abu Dhabi ដែលដណ្ដើមបានមេដាយនេះមានចំនួន ១០គ្រឿង ក្នុងនោះមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ៤គ្រឿង ដែលព្រឹត្តិការណ៍នេះ បានធ្វើឡើងកាលពីថ្ងៃទី១៤-២២ ខែមីនា ឆ្នាំ២០១៩ ។

ក្នុងឱកាសនោះ ឯកឧត្តម សែម សុខា បានណែនាំឲ្យកីឡាករកីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីដណ្ដើមមេដាយពីការប្រកួតអន្ដរជាតិមកជូនជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តម បានអំពាវនាវដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ អោយចូលរួមទាំងអស់គ្នា ក្នុងការយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្ដល់ឱកាសឲ្យអត្តពលិកខ្សោយសតិបញ្ញា បានហ្វឹកហាត់ ត្រួតពិនិត្យសុខភាព និងចូលរួមការប្រកួតនានា ពិសេសក្រុមគ្រួសារ ឪពុកម្ដាយ អាណាព្យាបាល ឬអ្នកនៅជិតបំផុតរបស់កីឡាករ កីឡាការិនីខ្សោយសតិបញ្ញា ដែលជាកត្តាសំខាន់ ក្នុងការបំផុសជម្រុញលើកទឹកចិត្តដល់ពួកគាត់ដើម្បីចូលរួមប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិកកម្ពុជា។

សូមបញ្ជាក់ថា កីឡាករ កីឡាការិនីជនបញ្ញាខ្សោយកម្ពុជាចំនួន៧នាក់ ដែលដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ សរុប ១០គ្រឿង ដោយកីឡាការិនី រឿង លក្ខិណា ឈ្នះបានមេដាយមាស ២គ្រឿង ទទួលបានប្រាក់រង្វាន់សរុប ៦០លានរៀល និងកីឡាករ ផុន សុវណ្ណ ឈ្នះបានមេដាយប្រាក់១ និងសំរឹទ្ធ១ ទទួលបានប្រាក់រង្វាន់សរុប ៣៦លានរៀល។

ក្រៅពីនេះ ម្ចាស់មេដាយប្រាក់ និងសំរឹទ្ធ ៥នាក់ផ្សេងទៀត ឈ្នះមេដាយម្នាក់ត្រឹម១គ្រឿងដូចគ្នាៗ ដោយមេដាយមាស ១គ្រឿង ទទួលបាន ៣០លានរៀល មេដាយប្រាក់ ២០លារៀល និងមេដាយសំរឹទ្ធ ១៦លានរៀល សរុបទាំងអស់ចំនួន ៣៣៤លានរៀល៕