About Me

header ads

អភិបាលខេត្តប៉ៃលិន ប្រគល់ជូនឧបករណ៍ភ្លេងតន្រ្តីកាយរឹទ្ធ ១ឈុត ដល់វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន

ប៉ៃលិន៖ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុលអភិបាលខេត្តប៉ៃលិន អមដំណើរ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត និងឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរជំនាញជុំវិញខេត្ត បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ឧបករណ៍ភ្លេងតន្រ្តី ១ឈុត តំលៃ១២០០០ដុល្លា ជូនដល់ក្រុមយុវជនកាយរិទ្ធ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

  ឯកឧត្តម ផាន់ ចាន់ធុលអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ ការប្រគល់ឧបករណ៍ភ្លេងជូនក្រុមយុវជនកាយរឹទ្ធនៅពេលនេះ គឺដើម្បីអោយក្មួយៗសិស្សានុសិស្សក្រុមកាយរិទ្ធទាំងអស់ បានបញ្ចេញនូវសមត្ថភាព និងចូលរួមគ្រប់សកម្មភាពតាមតំរូវការក្នុងសង្គមនានាក្នុងខេត្តដើម្បីជាគំរូដល់ក្មួយៗជំនាន់ក្រោយ ជាពិសេសបណ្តុះនូវសមត្ថភាពនៃការលេងភ្លេង នៅក្នុងកម្មវិធីនានា របស់ថ្នាក់ជាតិដែលធ្វើការរៀបចំនៅក្នុងខេត្តប៉ៃលិនផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ ដោយខេត្តប៉ៃលិនមិនមានឧបករណ៍ភ្លេងតន្រ្តីកាយរិទ្ធ ដើម្បីធ្វើការលេងក្នុងកម្មវិធីផ្សេងៗក្នុងខេត្តនៅឡើយ ទើបនៅពេលនេះឯកឧត្តមបានឧបត្ថម្ភឧបករណ៍ភ្លេងដន្រ្តីកាយរិទ្ធ ជូនដល់យុវជនកាយរិទ្ធវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ដើម្បីបង្ករលក្ខណៈងាយស្រួលក្នុងការលេងភ្លេងគ្រប់កម្មវិធីនានាក្នុងខេត្ត ជាលក្ខណៈថ្នាក់ជាតិ ថ្នាក់អន្តរជាតិ ស្របតាមស្តង់ដា បច្ចេកទេស ដែលមានគ្រូបង្គោលបង្ហាត់បង្រៀន មកពីរាជធានីភ្នំពេញ ក្នុងន័យលើកស្ទួយវិស័យអប់រំយុវជន និងកីឡាអោយបានកាន់តែល្អថែមទៀត។ ក្នុងឱកាសនោះដែរឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើដល់លោកនាយកសាលាវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន និងលោកគ្រូអ្នកគ្រូ ទាំងអស់ត្រូវបន្តបង្ហាត់បង្រៀននូវចំនេះជំនាញបន្ថែមទៀតដល់សិស្សានុសិស្សយុវជនកាយរិទ្ធ អោយយល់កាន់តែច្បាស់ពីឧបករណ៍ដែលប្រគល់ជូន ជាពិសេសត្រូវចូលរួមថែរក្សាការពារអោយបានគង់វង្សប្រើប្រាស់បានយូរអង្វែង សំរាប់ពង្រឹងសមត្ថភាព បច្ចេកទេសនៃការលេងភ្លេងអោយបានកាន់តែល្អឡើង។

សូមបញ្ជាក់ថា៖ ឧបករណ៍ភ្លេងតន្រ្តីកាយរិទ្ធ ១ឈុត នេះគឺមានតំលៃ១២០០០ ដុល្លាអាមេរិក រួមមាន៖ស្គរតូច ស្គរធំ ត្រែសំរាប់ផ្លុំ ព្យាណូតូចសំរាប់ចុច និងឧបករណ៍មួយចំនួនទៀត ដែលជាអំណោយផ្ទាល់របស់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ហើយក្នុងឱកាសនោះ ឯកឧត្តមក៍បានឧបត្ថម្ភថវិការ ១លានរៀលបន្ថែមទៀត ជូនដល់ក្រុមយុវជនកាយរិទ្ធ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិ្មតប៉ៃលិនផងដែរ ៕