About Me

header ads

រដ្ឋបាលខេត្តស្ទឹងត្រែងបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររដ្ឋបាលខេត្តប្រចាំខែមករា ឆ្នាំ២០២០ និងលើកទិសភារកិច្ចបន្ត

ស្ទឹងត្រែងៈ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែងកាលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររដ្ឋបាលខេត្តប្រចាំខែមករា ឆ្នាំ២០២០ និងលើកទិសដៅភារកិច្ចបន្តក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គណៈអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ ឯកឧត្តម ម៉ុម សារឿន មានប្រសាសន៍ថាខេត្តស្ទឹងត្រែងកំពុងតែមានភាពរីកចំរើនលើគ្រប់វិស័យជាបន្តបន្ទាប់ ក្រោមការដឹកនាំប្រកបដោយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមការខិតខំប្រឹងប្រែង រួមសហការពីប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ រួមសហការគ្នាយ៉ាងល្អក្នុងកិច្ចដំណើរការអភិវឌ្ឍន៍ខេត្តឱ្យកាន់តែមានភាពរីកចំរើនជាបន្តបន្ទាប់។ ឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធិផលសំខាន់ៗ បានលេចចេញជារូបរាងឡើង ជាក់ស្តែងរយះពេលកន្លងមកនេះ សមិទ្ធិផលក្នុងខេត្តជាច្រើនមានដូចជាផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ និងគ្រួសក្រហមខ្វាត់ខ្វែងតាមទីក្រុង និងជនបទ រួមមានស្ពាន លូ រង្វង់មូលថ្មី សួនច្បារ ដំណាំកសិកម្ម អាគាររដ្ឋបាល មន្ទីរ អង្គភាពនិងអគារបម្រើសេវាសាធារណៈបានប្រកបដោយប្រសិទ្ធិភាពនិងសមិទ្ធិផលនានាជាច្រើនទៀតកំពុងត្រូវបានបន្តអនុវត្តដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ ទន្ទឹមនិងនោះឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរ អង្គភាពនានាទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ខេត្ត និងត្រូវបន្តផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់៕