About Me

header ads

គ្រូព្រះខ័នរាជស្វាយរៀង ក្ដីរំពឹងរបស់ខ្ញុំនៅតែមានបើទោះជានៅសល់១០ ឬ ៥ នាទីក៏ដោយ

ក្រោយពីបានទទួលបានជ័យជំនះនៅប្រទេសឡាវ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញហើយ ជាមួយនឹងទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា។ ក្រុមកីឡាករ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានវិលត្រលប់មកដល់ប្រទេសកម្ពុជាវិញហើយកាលពីរសៀលថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២០ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីបំពេញភារៈកិច្ចក្នុងការប្រកួត AFC Cup 2020 នៅប្រទេសឡាវ កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២០ ព្រមទាំងនាំយកជ័យជំនះ លើក្រុម Master 7 FC ម្ចាស់ផ្ទះក្នុងលទ្ធផល ៣ ទល់និង០ ថែមទៀតផង។ ក្នុងជំនួបទាំងក្នុងដី និងក្រៅដីរបស់ព្រះខ័នរាជស្វាយរៀង គឺសុទ្ធសឹងតែទទួលបានលទ្ធផលល្អទាំង ដូចជាកាលប្រកួតជើងទី១ ក្នុងទឹកដី នៅពហុកីឡដ្ឋានជាតិភ្នំពេញ របស់កម្ពុជា ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានយកឈ្នះ ក្រុម Master 7 FC ក្នុងលទ្ធផល ៤ ទល់ ១ និងការប្រកួតជើងទី២ ក្រុម Master 7 FC របស់ប្រទេសឡាវ បានភ្លាត់ចាញ់ ព្រះខ័នរាជស្វាយរៀង ក្នុងទឹកដីរបស់ខ្លួនបន្តទៀត ដោយសរុបគ្រាប់បាល់ ព្រះខ័នរាជស្វាយរៀង ឈ្នះ ក្រុមក្រុម Master 7 FC ៧ ទល់និង១ ។ ក្រោយពីបានកៅអីឆ្លងទៅវគ្គបន្ទាប់ទៀតនោះ ក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង របស់កម្ពុជាមួយនេះស្ថិតក្នុងពូល G ដែលមានក្រុមខ្លាំងៗ មកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ានដូចគ្នាគឺ ប្រទេសហ្វីលីពីន ប្រទេសវៀតណាម និង ប្រទេសឥណ្ឌូនេស៊ី នៅក្នុងវគ្គ Group Stage នៃការប្រកួត AFC Cup 2020 ផងដែរ។ យ៉ាងណាមិញលោក Conor Nestor ជាលោកគ្រូបង្គោលនៃក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្ហាញចំណាប់អារម្មណ៍ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ យ៉ាងដូចច្នេះ៖ « នៅក្នុងការប្រកួតទាំងពីរជើងនេះគឺយើងគ្រប់គ្រងបាល់បានល្អដោយកាលពីជើងទី១យើងគ្រប់គ្រងបាននៅតង់ទីមួយ ហើយនៅជើងទី២នេះ យើងគ្រប់គ្រងបាល់បានទាំងពីរតង់» «ចំពោះផែនការចំបងរបស់ខ្ញុំគឺចង់បាន៧ពិន្ទុដោយសារក្រុមបាល់ទាត់ដែលចេញពីប្រទេសកម្ពុជាកាលពីមុនបានច្រើនបំផុតត្រឹម៦ពិន្ទុប៉ុណ្ណោះ។  ផែនការទី២ ធ្វើយ៉ាងណាអោយការប្រកួតនៅតែមានការប្រកួតប្រជែងខ្លាំងនៅ១០-១៥នាទីចុងក្រោយដោយអាចតាមស្មើឬ យកឈ្នះនៅនាទីចុងក្រោយ ពិសេសយើងនឹងខិតខំប្រឹងបន្ថែមទៀតដើម្បីអោយក្រុមយើងនៅតែមានការប្រកួតប្រជែងខ្លាំងពេលដែលជួបប្រកួតជាមួយគូខ្លាំងជាបន្តបន្ទាប់ទៀត»៕